អង្គការ CCHR៖ ​​សំណុំ​រឿង​ក្តី​ ៣ ​ឆ្នាំ​ពាក់ព័ន្ធ​អតីត​អ្នក​កាសែត​អាស៊ីសេរី​​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នក​សារព័ត៌មាន​​នៅ​កម្ពុជា

រូបឯកសារ៖ លោក​អ៊ួន ឈិន​ (ឆ្វេង) និង​លោក​យាង សុធារិន អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​២៣ ខែ​ធ្នួ​ ឆ្នាំ​២០១៩។ (ទុំ ម្លិះ​/វីអូអេ)

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា ​CCHR (Cambodian Center for Human Rights) បាន​ហៅ​ដំណើរការ​ជំនុំជម្រះ​ក្តី​ក្នុង​សំណុំរឿងអតីត​អ្នក​កាសែត​អាស៊ីសេរី​ពីរ​រូប​ក្នុង​រយៈពេល​៣​ឆ្នាំ​មក​នេះ​ ថា​ជា​បរាជ័យ​របស់​អាជ្ញាធរ ដោយ​ចាត់​ទុក​បរាជ័យ​នេះ​ ថា​ជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​កាសែត​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​តាម​ទម្រង់​ក្រាហ្វិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​គម្រង់​ខួប​៣​ឆ្នាំ​នៃការ​ចោទប្រកាន់​ជា​ផ្លូវការ​របស់​អាជ្ញាធរប្រឆាំង​អតីត​អ្នក​យក​ព័ត៌មាន​របស់​អាស៊ីសេរីទាំង​ពីរ​រូប​គឺ​លោក​ អ៊ួន ឈិន ​និង​លោក​ យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា។

លោក ​យាង សុធារិន្ទ ​អតីត​ការី​និពន្ធ​ និង​លោក ​អ៊ួន ឈិន ​អតីត​អ្នក​ថត​វីដេអូ​របស់​វិទ្យុ​អាស៊ីសេរី​ ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​«‍ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»​ កាល​ពី​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ គឺ​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​សង្ស័យ​ថា​ ពួកគេ​ទាំង​ពីរ​នាក់​នៅ​បន្ត​រាយការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុអាស៊ីសេរី ដែល​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ក្រោយ​ពី​មាន​សម្ពាធ​ពី​រដ្ឋាភិបាល។​

ក្រោយ​មក អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​រូប​ក៏​បាន​ត្រូវ​ចោទប្រកាន់​ពី​បទ​«ផលិត​រូបភាព​អាសអាភាស»​បន្ថែម​លើ​បទ​ចោទ​ខាង​លើ។

មជ្ឈមណ្ឌល CCHR ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​ថា​ជា​«ការ​មើលងាយ​ដោយ​ឥត​លាក់លៀម»​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា៕