អ្នក​កាសែត​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពីរ​នាក់ ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

លោក Wa Lone អ្នក​កាសែត​របស់​សារព័ត៌មាន Reuters ត្រូវ​បាន​នាំ​ខ្លួន​ចេញ​ពី​តុលាការ​ បន្ទាប់​ពី​សវនាការ​ កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។

ចៅក្រម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា អ្នក​សារព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពីរ​នាក់​នឹង​ប្រឈម​នឹង​ការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​ច្បាប់​រក្សា​ការណ៍​សម្ងាត់​របស់​ប្រទេស​មីយ៉ាន់ម៉ា ដោយសារតែ​អ្នក​ទាំង​ពីរ​បាន​រាយការណ៍​អំពី​វិបត្តិ Rohingya។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​ក្រោយ​មក បន្ទាប់ពី​សវនាការ​បឋម​លើ​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ទៅ។

លោក Wa Lone អាយុ ៣២ ឆ្នាំ និង​លោក Kyaw Soe Oo អាយុ ២៨ ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​ច្បាប់​រក្សា​ការណ៍​សម្ងាត់​ផ្លូវការ​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​អ្នក​ប្រព្រឹត្តិ​ខុស​អាច​ជាប់​ពន្ធនាគារ​ខ្ពស់​បំផុត ១៤ ឆ្នាំ។

លោក Stephen Adler ដែល​ជា​ប្រធាន និង​ជា​និពន្ធ​នាយក​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​បញ្ជាក់​នៅ ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «យើង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​តុលាការ​មិន​ព្រម​បញ្ចប់​នីតិវិធី​ប្រឆាំង​នឹង​លោក Wa Lone និង​លោក Kyaw Soe Oo ដែល​អូស​បន្លាយ​ដ៏​យូរ និង​គ្មាន​មូលដ្ឋាន​នេះ។ អ្នក​សារព័ត៌មាន​របស់ Reuters ទាំង​ពីរ​នាក់​នេះ គឺ​បាន​បំពេញ​ការងារ​របស់​ខ្លួន​ជា​អ្នក​កាសែត​ឯករាជ្យ និង​មិន​លម្អៀង ហើយ​គ្មាន​ការពិត ឬ ក៏​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា ពួកគេ​បាន​រំលោភ​ច្បាប់​នោះ​ទេ»។

អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​អាជ្ញាធរ​មីយ៉ាន់ម៉ា​ឃុំ​ខ្លួន​តាំង​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​មុន​មក និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ទទួល​បាន​នូវ​ឯកសារ​សម្ងាត់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ Rakhine។

នៅ​ពេល​នោះ អ្នក​កាសែត​ទាំង​ពីរ​នាក់​នោះ​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ប៉ូលិស​មីយ៉ាន់ម៉ា​ពីរ​នាក់​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ដែល​ពួកគេ​មិន​ដែល​ស្គាល់​ពី​មុន​មក​នោះ​ទេ។ អ្នក​ទាំង​ពីរ​នាក់​នោះ​បាន​ប្រាប់​សាច់ញាតិ​របស់​ខ្លួន​ថា បន្ទាប់ពី​ប៉ូលិស​ពីរ​នាក់​បាន​ហុច​ឯកសារ​មួយ​ចំនួន​ឲ្យ​ពួកគេ​មក ភ្លាមៗ​នោះ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន៕