របាយការណ៍​​ Reuters រៀប​រាប់​លម្អិត​ពី​ការងារ​របស់​អ្នកកាសែត​ដែល​កំពុង​ជាប់​ឃុំ​នៅ​មីយ៉ាន់ម៉ា​

រូបឯកសារ៖ ជន​ជាតិ​រ៉ូហ៊ីងយ៉ា​១០​នាក់ ដែល​ត្រូវ​គេ​ចង​ដៃ​​កំពុង​លុត​ជង្គង់​ ខណៈ​ដែល​កង​សន្តិសុខ​កំពុង​ឈរ​យាម​ នៅភូមិ Din កាល​ពី​ថ្ងៃ​ទី​០២ កញ្ញា ២០១៧។

ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​អំពី​ការ​សម្លាប់​ជនជាតិ​ភាគតិច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​ការ​ស៊ើប​អង្កេត​របស់​អ្នកសារព័ត៌មាន​ពីរ​នាក់​របស់​ខ្លួន​ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ទីភ្នាក់​ងារ​សារព័ត៌មាន​នេះ​បាន​រៀបរាប់​យ៉ាង​លម្អិត​ពីការ​សម្លាប់​បុរសជនជាតិ​រ៉ូហ៊ីងយ៉ា​ ១០នាក់​នៅ​ក្នុង​ភូមិ ​Inn Din ​ជា​ទីកន្លែង​ដែល​អ្នកសារព័ត៌មាន Reuters​ ពីរ​នាក់​គឺ​លោក ​Wa Lone​ និង​លោក ​Kyaw Soe Oo ​បាន​ធ្វើ​បទសម្ភាស​ជាមួយ​អ្នក​ភូមិ​កាន់​សាសនា​ព្រះពុទ្ធ​ដែល​ពួក​គេ​បាន​ប្រាប់​ពី​ការ​សម្លាប់​បុរស​ទាំង​នោះ​ និង​កប់​សាកសព​នៅ​ក្នុង​ផ្នូរ។

របាយការណ៍​នេះ​ក៏​រួម​បញ្ជូល​រូបថត​របស់​បុរស​ទាំង​១០​នាក់​នោះ​ បាន​លុតជង្គង់​និង​ព្រម​ទាំង​ដៃ​មាន​ជាប់​ចំណង​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​ពួក​គេ​ត្រូវ​បាន​សម្លាប់។ មាន​រូបថត​ផ្សេង​ទៀត​បង្ហាញ​ពី​សាកសព​របស់​បុរស​ទាំង​នោះ​នៅក្នុង​ផ្នូរ។ សាក្សី​បាន​បញ្ជាក់​ភាព​ពិត​នៃ​រូបថត​ទាំង​នោះ។ នេះ​បើយោង​តាម​របាយការណ៍​របស់​សារព័ត៌មាន Reuters។

របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា «ការ​ស៊ើប​អង្កេត​របស់​សារព័ត៌មាន Reuters ពី​ការ​សម្លាប់​រង្គាល​នៅក្នុង​ភូមិ ​Inn Din ​គឺ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ប៉ូលិស​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ»។

អ្នកសារព័ត៌មាន​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​កាត់​ទោស​នៅ​ក្រោម​ច្បាប់​សម្ងាត់​របស់​ប្រទេស​ដែល​ច្បាប់​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​សម័យ​អាណានិគម​ដោយ​បាន​ចោទ​ប្រកាន់​ទៅ​លើ​ការងារ​ស៊ើបអង្កេត​របស់​ពួកគេ​ឲ្យ​សារព័ត៌មាន ​Reuters​ ដែល​ជា​សារព័ត៌មាន​អន្តរជាតិ​អំពី​ប្រតិបត្តិការ​យោធា​នៅក្នុង​រដ្ឋ ​Rakhine។ ប្រតិបត្តិការ​នេះ​បាន​បណ្តាល​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជិត​៧សែន​នាក់​រត់ភៀស​ខ្លួន​ឆ្លង​ចូល​ព្រំដែន​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិត​ខាង។

នៅ​ក្នុង​ការ​ទទួល​ស្គាល់​ដ៏​ដោយ​កម្រ​មួយ​ បន្ទាប់​ពី​ចាប់ខ្លួន​អ្នកកាសែត​ទាំង​ពីរ​នាក់​នេះ​បាន​មួយ​ខែ​មក​ យោធា​មីយ៉ាន់ម៉ា​បាន​ទទួល​ស្គាល់​ថា​ កងកម្លាំង​របស់​ខ្លួន​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​១០​នាក់​នៅ​ក្នុង​ផ្នូរ​ ស្ថិត​នៅ​ក្នុង​ខេត្ត Inn Din។ យោធា​មីយ៉ាន់ម៉ា​នៅ​បន្ត​បដិសេធ​ពីការ​សម្លាប់​ជា​ប្រព័ន្ធ​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ ដែល​អង្គសហប្រជាជាតិ​ចោទ​ថា​ជា​ការ​បោសម្អាត​ជាតិ​សាសន៍៕