កាលពីថ្ងៃសុក្រ អ្នកកាសែត Reuters ពីរនាក់នៅប្រទេសមីយ៉ាន់ម៉ាបានចាញ់ការប្ដឹងឧទ្ធរណ៍របស់ពួកគេប្រឆាំងទៅនឹងការកាត់ទោសរបស់តុលាការដែលឲ្យពួកគេជាប់ពន្ធនាគារ៧ឆ្នាំ។
លោក Wa Lone និងលោក Kyaw Soe Oo ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៧ ក្រោមបទចោទថាបានរំលោភបំពានច្បាប់សម្ងាត់របស់ប្រទេសមីយ៉ាន់ម៉ា។ ចៅក្រមដែលសម្រេចតម្កល់ទុកការផ្តន្ទាទោសនេះបាននិយាយថា ក្រុមមេធាវីរបស់អ្នកកាសែតទាំងពីររូបនេះមិនបានផ្តល់ភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីភាពស្អាតស្អំរបស់ពួកគេឡើយ។
ចៅក្រុមតុលាការកំពូលលោក Aung Naing បាននិយាយថា៖ «វាជាការផ្តន្ទាទោសដែលសមរម្យមួយ»។
អ្នកកាសែតទាំងពីរនាក់នេះបាននិយាយថា ពួកគេត្រូវបានចាប់ខ្លួនក្រោមការរៀបចំរបស់ប៉ូលិសដែលមានចេតនារារាំងដល់ការរាយការណ៍អំពីការសម្លាប់រង្គាលទៅលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។
លោក Stephen Adler និពន្ធនាយកសារព័ត៌មាន Reuters បានថ្លែងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ការសែតទាំងពីរនាក់នេះ នៅតែជាប់ក្នុងពន្ធនាគារដដែលក្រោមហេតុផលមួយគឺអ្នកមានអំណាចព្យាយាមបំបិទសំឡេងការពិត។
លោក Adler បានថ្លែងបន្ថែមថាការរាយការណ៍ព័ត៌មានមិនមែនជាបទឧក្រិដ្ឋទេ ហើយនៅពេលដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រើសិទ្ធិបង្កកំហុសយ៉ាងធ្ងន់ធ្ងរដូចនេះ បង្ហាញឲ្យឃើញថា សេរីភាពសារព័ត៌មានគ្មានទេនៅមីយ៉ាន់ម៉ា ហើយការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាក្នុងការធ្វើឲ្យមាននីតិរដ្ឋនិងប្រជាធិបតេយ្យស្ថិតក្នុងភាពមន្ទិលសង្ស័យ។
លោក Robert Palladino អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកពិតជាខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចតម្កល់ទុកការផ្តន្ទាទោសអ្នកាសែតទាំងពីររូបនេះ»។
លោក Palladino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ការចេញសេចក្តីបង្គាប់នៅថ្ងៃនេះបង្ហាញពីការសង្ស័យ មិនត្រឹមតែទៅលើសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសភូមាប៉ុណ្ណោះទេ វាថែមទាំងចោទសួរអំពីការប្តេជ្ញាចិត្តរបស់ប្រទេសភូមាចំពោះនីតិរដ្ឋផងដែរ។
លោកនិយាយថា៖ «យើងនឹងបន្តធ្វើការតស៊ូមតិនៅគ្រប់កម្រិតទាំងអស់ដើម្បីឲ្យមានការដោះលែងអ្នកកាសែតក្លាហានទាំងពីរនាក់នេះ៕