ក្រោយការរំលាយបក្សជំទាស់គឺ គណបក្សសង្គ្រោះជាតិ និងការព្រមានដាក់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីបរទេស លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសថា ការបោះឆ្នោតនៅកម្ពុជានឹងដំណើរការទៅជាធម្មតាដោយគ្មានអ្វីបញ្ឈប់នោះទេ។ អ្នកឃ្លាំមើលការវិវត្តន៍នយោបាយ លើកឡើងថា មកទល់ពេលនេះបក្សគ្រប់គ្រងប្រទេសរបស់លោក ហ៊ុន សែន អាចធ្វើអ្វីគ្រប់យ៉ាងតាមខ្លួនចង់បាន ក៏ប៉ុន្តែតើបក្សនេះអាចនឹងទទួលការគាំទ្រពីពលរដ្ឋកម្រិតណាដែរ?
ការកាត់ជំនួយលើផ្នែកបោះឆ្នោត ការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់គ.ជ.ប. រួមទាំងការរំលាយបក្សសង្គ្រោះជាតិ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការ ការបោះឆ្នោតស្របច្បាប់នៅកម្ពុជានាឆ្នាំ២០១៨នោះទេ ហើយការដាក់ទណ្ឌកម្មណាមួយមកលើសេដ្ឋកិច្ចកម្ពុជាគឺជា កំហុសរបស់គណបក្សជំទាស់។ នេះបើតាមការអះអាងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ។
ថ្លែងទៅកាន់កម្មករកម្មការិនីរោងចក្រកាត់ដេរ រាប់ពាន់នាក់ ក្នុងតំបន់ភ្នំពេញថ្មី លោក ហ៊ុន សែន បានចំអកឱ្យគណបក្សសង្គ្រោះជាតិ ថាការលាលែងរបស់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបីរូបមកពីគណបក្សជំទាស់ គឺជា ការបង់ខាតរបស់បក្សនេះ ហើយការកាត់ជំនួយក្នុងការរៀបចំការបោះឆ្នោត ឬការប្រកាសមិនបញ្ជូន អ្នកអង្កេតការណ៍បោះឆ្នោតនាពេលខាងមុខ ក៏មិនបានប៉ះពាល់ពីភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជាផងដែរ។
លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានថ្លែងក្នុងន័យដើមថា៖
«ឥឡូវ ប៉ុន្មានថ្ងៃនេះ អំពើឆ្កួតៗមួយទៀតវាបានកើតឡើង គេចង់ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវាគាំង គេឱ្យមនុស្សបីនាក់លាលែងអីច៊ឹងយើងយល់យ៉ាងម៉េចឥឡូវនេះ! គេមិនដែលរៀបចំស្អីឱ្យវាគាំងនោះទេ សូមចំណាំចុះ! នៅពេលណាដែលមានរៀបចំច្បាប់ដែលធ្វើឡើងដោយមានការចូលរួមពីគណបក្សប្រជាជន ច្បាប់នោះមិនដែលទុកឱ្យគាំងទេ។ សូមកុំច្រឡំ! សូមកុំច្រឡំ!ដំណើរនៅធម្មតា»។
ការលើកឡើងរបស់លោក ហ៊ុន សែន កើតមានឡើងតែប៉ុន្មានថ្ងៃក្រោយពេលដែល សមាជិកបីរូបរបស់គ.ជ.បមកពីបក្សជំទាស់ លាលែងពីតំណែង។ អ្នកទំាងបីរួមមាន លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប លោក រ៉ុង ឈុន និង លោកស្រី តែ ម៉ានីរ៉ុង។ ក្នុងលិខិតលាលែងរបស់ខ្លួន ដែលចុះហត្ថលេខាកាលពីថ្ងៃចន្ទ សមាជិកទំាងបីរូបបញ្ជាក់ថា ការបើកផ្លូវឲ្យគ.ជ.ប អនុវត្តការបែងចែកអាសនៈ នៃរដ្ឋសភាអាណត្តិទី ៥ និងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ឡើងវិញ ដោយយកទៅចែកឲ្យគណបក្សនយោបាយផ្សេងៗ ដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតជូនគឺជា ការរំលោភរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត នៅក្នុងអាណត្តិនៃការបោះឆ្នោតនីមួយៗជាពិសេសគឺជា ការរំលោភឆន្ទៈ របស់ប្រជាពលរដ្ឋ។
ទោះយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍ បានឱ្យដឹងនៅថ្ងៃពុធនេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ឬគ.ជ.បនឹងជ្រើសរើសសមាជិក ៣រូបមកជំនួសឱ្យសមាជិកដែលបានលាឈប់។ លោក ហ៊ុន សែនថា សមាជិកទាំងបីរូបនោះរួមមាន អនុប្រធានគ.ជ.ប. នឹងមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលយល់ព្រមទទួលយកកៅអីសភារបស់គណបក្សសង្គ្រោះជាតិ ហើយក្រៅពីនោះ សមាជិក ២រូបផ្សេងទៀតក៏នឹងអាចជ្រើសចេញពីគណបក្សតូចៗផ្សេងទៀត ដែលយល់ព្រមទទួលអាសនៈសភា និងអង្គការសង្គមស៊ីវិល។លោកស្នើឱ្យប្រធានគ.ជ.ប. លោក សិក ប៊ុនហុក បិទផ្លូវវិលត្រឡប់របស់សមាជិកលាលែងទាំងបីរូបកុំឱ្យចូលមក គ.ជ.បវិញផងដែរ។
លោកហ៊ុន សែន បញ្ជាក់បន្ថែមថា៖
«គេបោះឆ្នោតនៅតែបោះឆ្នោត។ថ្ងៃទី២៥ខែកុម្ភៈបោះឆ្នោតព្រឹទ្ធសភា។ ថ្ងៃទី២៩ខែកក្កដាបោះឆ្នោត រដ្ឋសភា ហើយទោះបីប្រទេសណាមកសង្កេតការណ៍ មិនសង្កេតការណ៍ វាអត់មានតម្រូវការទេ។ មិនមែនទាល់តែអ្នកឯងមកសង្កេតការណ៍ បានថា ការបោះឆ្នោតស្របច្បាប់ឯណា ហើយនៅរដ្ឋធម្មនុញ្ញកម្ពុជា ឬក៏ប្រទេសនៅលើពិភពលោក អត់មានតម្រូវការត្រូវស៊ីញេពីប្រធានាធិបតីនៃប្រទេសផ្សេងបានស្របច្បាប់នោះទេ ហើយក៏អត់មានតម្រូវការទៅស៊ីញេពីអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ទើបវាស្របច្បាប់នោះដែរ»។
ដោយព្យាយាមមិនឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ហ៊ុន សែន លោក រ៉ុង ឈុន សមាជិកគ.ជ.ប.ដែលសុំលាលែងពីតំណែងបានបញ្ជាក់ប្រាប់ VOA ថាការជ្រើសរើសសមាជិកគ.ជ.ប.ដែលមកពីគណបក្សផ្សេងទៀតអាចនិងផ្ទុយពី មាត្រា៦ នៃច្បាប់រៀបចំការបោះឆ្នោតដែលចង្អុលបង្ហាញថា សមាជិកជាន់ខ្ពស់ទាំង៨ រូបត្រូវរើសចេញពីគណបក្សដែលមានកៅអីក្នុងសភាទាំងពីរ។ យ៉ាងណាក៏ដោយ លោកថា រដ្ឋសភារបស់បក្សកាន់អំណាចទំនងជានឹងធ្វើវិសោធនកម្មច្បាប់នេះដើម្បីឱ្យសមស្របទៅតាមអ្វីដែលគេចង់បាន។
លោក រ៉ុង ឈុន បន្ថែមថា៖
«សភាគេនឹងធ្វើវិសោធនកម្មច្បាប់ ដើម្បីវាសមស្រប! ឱ្យសមស្របទៅតាមគណបក្សដែលគេទើបទទួលបាន។ ហើយយើងដឹងទាំងអស់គ្នាហើយពីព្រោះ ដែលគណបក្សទទួលបានអាសនៈពីកូតាសង្គ្រោះជាតិនឹងមានន័យថា គណបក្សហ្នឹងគឺមិនបានទទួលការគាំទ្រពីប្រជាពលរដ្ឋទេ ហើយបានកៅអី ដោយសារតែយកពីការយកកៅអីសង្គ្រោះជាតិទៅឱ្យគណបក្សផ្សេងៗ ដែលប្រជាពលរដ្ឋមិនបានគាំទ្រហ្នឹងបាទ!»។
ស្រដៀងគ្នានោះដែរ លោក មាស នី អ្នកវិភាគសង្គមនិងតាមដានការវិវត្តនយោបាយក្នុងប្រទេសកម្ពុជា យល់ថា អ្វីៗទាំងអស់ក៏អាចក៏អាចកើតឡើងបានដែររួមទាំងការបោះឆ្នោតនាពេលខាងមុខ ស្របតាមការចង់បានរបស់បក្សកាន់អំណាច ក៏ប៉ុន្តែ លោកព្រមានថា៖
«បើមិនមានអ្នកណាផ្សេងជួយពិនិត្យការបោះឆ្នោតទេ គឺវាមានតែបោះតែម្នាក់ឯងហ្នឹងហើយ។ សំខាន់ត្រង់ថាការបោះឆ្នោតជាតិ វាមិនត្រូវបានគេទទួលស្គាល់ពីអន្តរជាតិ ឬប្រទេសជិតខាងតែប៉ុណ្ណឹងហ្អាណា! ប៉ុន្តែខ្ញុំគិតថា ដូចជាមិនមានអីរារាំងទេ ព្រោះរដ្ឋាភិបាល ស្អីក៏គាត់ធ្វើបានដែរមកដល់ឥឡូវនេះ»។
កាលពីសប្តាហ៍កន្លងទៅ តុលាការកំពូលរបស់កម្ពុជាសម្រេចធ្វើការរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជា និងហាមប្រាមមិនឲ្យសមាជិកគណបក្សនោះចំនួន ១១៨នាក់ចូលរួមក្នុងសកម្មភាពនយោបាយចំនួនប្រាំឆ្នាំ។ ការរំលាយបក្សជំទាស់ដែលគេមើលឃើញថា ជាដៃគូប្រជែងដ៏ធំរបស់លោក ហ៊ុន សែន ក្នុងការបោះឆ្នោតជាតិ ២០១៨ រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ ដោយការនេះប្រាសចាកពីគោលការណ៍ប្រជាធិបតេយ្យ។ ភ្លាមៗក្រោយការរំលាយបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង ៤០ភាគរយ ក្នុងការបោះឆ្នោតកន្លងទៅ ប្រទេសម្ចាស់ជំនួយធំៗចំនួនពីរ រូមមានសហរដ្ឋអាមេរិក និង ស៊ុយអែត បានប្រកាសបញ្ចប់ជំនួយរបស់ខ្លួនលើការបោះឆ្នោត និងការកែទម្រង់ប្រព័ន្ធវិមជ្ឈការនៅកម្ពុជា។
ស្របគ្នានោះដែរសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា មានតំលៃសរុបប្រមាណ៥ពាន់លានដុល្លារ បានប្រកាសនាថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយស្នើឱ្យកម្ពុជា«គោរពសិទ្ធិមនុស្សជាមូលដ្ឋាន» ដើម្បី បន្តទទួលបានការ «អនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធ» ក្នុងការនាំចេញផលិតផលកម្ពុជាចេញទៅទីផ្សារប្រទេសអឺរ៉ុបនោះ។
ថ្លែងប្រាប់ក្រុមកម្មករក្នុងឧស្សាហកម្មកាត់ដេរ ដែលជាប្រភពសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃពុធបានដាក់ការស្តីបន្ទោសទៅលើគណបក្សសង្គ្រោះជាតិ ប្រសិនបើមានការហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ឬការកាត់បន្ថយការបញ្ជាទិញពីបរទេសក្នុងឧស្សាហកម្មនេះ។
«បក្សប្រឆាំងគេបានទៅអំពាវនាវ ឥឡូវកំពុងតែបន្តអំពាវនាវឱ្យប្រទេសក្រៅបញ្ឈប់ការទិញទំនិញពីប្រទេសកម្ពុជា! បញ្ឈប់ការទិញទំនិញពីប្រទេសកម្ពុជា! ខ្លួនឯងធ្វើខុសច្បាប់ គេកាត់ទោស ខ្លួនឯងទៅអំពាវនាវ! តើសម្លាប់ ហ៊ុន សែន ឬសម្លាប់នរណា? ក្មួយៗចាំឱ្យច្បាស់បើមានការកាត់បន្ថយការបញ្ជាទិញណាមួយ គឺជា កំហុសរបស់ពួកបក្សប្រឆំាងទាំងអស់។ វាមិនមែនស្លាប់ ហ៊ុន សែន ទេតែវាស្លាប់កម្មករ គឺវាស្លាប់ក្មួយៗទាំងអស់នេះឯង»។
ទោះយ៉ាងនេះក្តី លោក នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល បញ្ជាក់ថា ការសម្លាប់សេដ្ឋកិច្ចកម្ពុជាគឺ វាមិនមែនជាការងាយស្រួលនោះទេ ដោយសារតែប្រទេសកម្ពុជា មានកិច្ចសន្យាទ្វេភាគី និងពហុភាគីជាច្រើនជាមួយប្រទេសផ្សេងៗ។ មកដល់ពេលនេះ កម្ពុជាមានរោងចក្រ សហគ្រាសជាង ១ម៉ឺន ដែលផ្តល់ការងារឱ្យពលរដ្ឋកម្ពុជាជាង ១លាននាក់ ខណៈដែលពលករកម្ពុជានៅឯបរទេសបញ្ជូនសាច់ប្រាក់ត្រឡប់មកកម្ពុជាវិញ ជាង ៣ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ។ នេះបើតាមការអះអាងរបស់លោក ហ៊ុន សែន។
មិនមែនប្រទេសទាំងអស់ សុទ្ធតែប្រតិកម្មប្រឆំាងនឹងការំលាយបក្សប្រឆាំងនោះទេ លោក ហ៊ុន សែនបញ្ជាក់បន្ថែមថា មានប្រទេសមួយចំនួននៅគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់លោក ហ៊ុន សែន គឺមួយថ្ងៃក្រោយពីជំនួបផ្លូវការមួយរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និង រដ្ឋមន្ត្រីការបទេសរបស់ប្រទេសចិនកុំម្មុយនិស្ត លោក Wang Yi។ ក្នុងជំនួបកាលពីថ្ងៃអង្គារនៅប្រទេសមីយ៉ាន់ម៉ា លោក Wang បញ្ជាក់ប្រាប់រដ្ឋមន្ត្រីខ្មែរថា ប្រទេសចិនកុំម្មុយនីស្ត «គាំទ្រកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការរក្សាសេ្ថរភាពនយោបាយ និងការជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។ លោក Wang ក៏បានបន្តថា ប្រទេសចិនកុំម្មុយនីស្តជឿជាក់ថា កម្ពុជាក៏នឹងមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតនៅពេលខាងមុខប្រកដោយរលូនផងដែរ។ នេះបើយោងតាមព័ត៌មានដែលចុះផ្សាយលើគេហទំព័ររបស់ក្រសួងការបទេសចិន។
លោក មាស នី អ្នកវិភាគសង្គម និងតាមដានការវិវត្តន៍នយោបាយក្នុងប្រទេសកម្ពុជា យល់ថាការប្រកាសគាំទ្ររបស់រដ្ឋាភិបាលចិន អាចនឹងត្រូវប្តូរផ្លាស់នាពេលខាងមុខ ប្រសិនបើកម្ពុជា ជួបវិបត្តិសេដ្ឋកិច្ច ដោយការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីបរទេស ហើយធ្វើឱ្យប៉ះពាល់ដល់វិនិយោគទុនចិនក្នុងប្រទេស កម្ពុជា ដែលកំពុងរីកដុះដាលយ៉ាងឆាប់រហ័សនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
«បាទខ្ញុំគិតថា រឿងសំខាន់ ទោះបីជាមានការបង្ហាញជំហរការគាំទ្ររបស់ចិនយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលខ្មែរក៏ត្រូវតែមានការប្រយ័ត្នប្រយែងដែរ មិនអាចធ្វើអីទៅតាមយើងនឹកឃើញដោយសារតែចិនគេបង្ហាញការគាំទ្រ។ យើងត្រូវដឹងថា ចិនគេបានធ្វើការវិនិយោគមកក្នុងប្រទេសយើងច្រើនណាស់ អ៊ីចឹង ប្រសិនបើណាបើយើងធ្វើឱ្យប្រទេសក្លាយទៅជាមានវិបត្តិសេដ្ឋកិច្ចអី ធ្ងន់ធ្ងរ ហ្អាណឹងអ្នកដែលខាតធំគឺ វិនិយោគទុនចិន។ ហើយហ្អាហ្នឹង កាលណាចិន កាលណាវាខូចប្រយោជន៍គេហើយ ខ្លាចក្រែងលោវាមានបញ្ហាអីផ្សេងៗនៅ ក្នុងរឿងផ្ទៃក្នុងខ្មែរយើងតទៅទៀតហ្អា! ហ្អាហ្នឹងជាការប៉ាន់ប្រមាណរបស់ខ្ញុំ»។
លោក មាស នី បន្តថា រដ្ឋាភិបាលកម្ពុជាគួរ លើកយកបទពិសោធន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬប៉ុល ពតមកពិចារណា មុនធ្វើការសម្រេចចិត្តអ្វីមួយតាមការចង់បានរបស់ខ្លួននោះ។ លោកបន្តថា បើទោះការទម្លាក់កំហុសដាក់គ្នានៅវិញទៅមករវាងគណបក្សជំទាស់ ដែលសមាជិកសំខាន់ៗកំពុងភៀសខ្លួននៅបទេស និងបក្សគ្រប់គ្រងប្រទេសក៏ដោយ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺថាតើ ប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តលើអ្នកនយោបាយកម្ពុជាកម្រិតណា៕