ប្រជាពលរដ្ឋរស់នៅសហគមន៍សំរោងត្បូងជាប់ផ្ទៃបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្នើសុំឱ្យរដ្ឋាភិបាល និងអាជ្ញាធរផ្តល់ប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគាត់ ហើយជំរុញឱ្យតុលាការទម្លាក់បទចោទលើពលរដ្ឋ ខណៈសព្វថ្ងៃពួកគេព្រួយបារម្ភពីការបណ្តេញចេញពីលំនៅដ្ឋាន។
អ្នកស្រី ស៊ា ដាវី អាយុ៤២ឆ្នាំ អ្នកលក់ដូរនៅសំរោងត្បូង រងបណ្តឹងពីតុលាការ ដោយសារតែអ្នកស្រីមិនទទួលយកការដោះដូរទៅនៅទីតាំងថ្មីតាមអាជ្ញាធរ។ អ្នកស្រីចាត់ទុកថា វាជារឿងអយុត្តិធម៌មួយសម្រាប់អ្នកស្រី ដែលប្រឈមនឹងការបាត់បង់ដីធ្លី។
អ្នកស្រីនិយាយថា៖ «ដោយសារតែពួកខ្ញុំអត់ទទួលយកការដោះដូរទៅទីតាំងថ្មីហ្នឹងបានរងភាពអយុត្តិធម៌បណ្តឹងពីតុលាការ។ អ៊ីចឹងសូមជួយរកដំណោះស្រាយ ផ្តល់ជាភាពស្របច្បាប់ឱ្យពួកខ្ញុំជាប្រជាសហគមន៍សំរោងត្បូង ដោយសារតែដីផ្ទះពួកយើង អត់ប៉ះដីចំណីផ្លូវ ហើយក៏អត់ប៉ះដីអនុក្រឹត្យដែរ»។
អ្នកស្រី ដាវី បន្ថែមទៀតថា រដ្ឋាភិបាលត្រូវពន្លឿនការគិតគូរជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានឆាប់។
អ្នកស្រីថ្លែងថា៖ «សំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ជាតិ ព្រោះអីថ្នាក់ក្រោមជាតិ បងអស់ជំនឿ អស់សង្ឃឹម ព្រោះអីរងភាពអយុត្តិធម៌ពីថ្នាក់ក្រោមជាតិ វាច្រើនលើសលប់ ដែលអត់អាចទទួលយកបានទៀត។ អ៊ីចឹងសំណូមពរទៅរាជរដ្ឋាភិបាលអ្នកដឹកនាំថ្មី លោកមេត្តាពន្លឿនជួយពួកខ្ញុំ។ បើមិនអ៊ីចឹងទេ អាជ្ញាធរធ្វើទុក្ខបុកម្នេញអត់មានពេលរកស៊ីទេ ហើយចង់មានវិបត្តិផ្លូវចិត្តអស់ហើយ អ្នកដែលជាប់បណ្តឹងតុលាការហ្នឹង»។
ពលរដ្ឋដែលរងបណ្តឹងតុលាការម្នាក់ទៀត អ្នកស្រី សឿន ស្រីសុទ្ធ អាយុ៣៤ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះដែរថា សព្វថ្ងៃនេះ អ្នកស្រីមានការលំបាកខ្លាំង បន្ទាប់ពីជាប់បណ្តឹងតុលាការ ខណៈប្រឈមនឹងការបណ្តេញចេញ នៅគ្រាដែលផ្ទៃបឹងតាមោកត្រូវបានចាក់ដីលុបសម្រាប់ការអភិវឌ្ឍ។
អ្នកស្រីបញ្ជាក់ថា៖ «តាំងពីជាប់បណ្តឹងតុលាការមក ខ្ញុំអត់មានពេលចេញរកស៊ីទេមានតែពេល ងាកៗឡើងបំភ្លឺ...បាត់បង់ទាំងចំណូល បាត់បង់ទាំងការរស់នៅដោយមិនមានសិទ្ធិស្របច្បាប់ ហើយដំណាំអាស្រ័យផលក៏បាត់បង់។ រាល់ថ្ងៃខ្ញុំបាត់បង់ចំណូល គ្មានរកចូលអីសូម្បីតែ ១០០រៀល លុយខ្មែរ ព្រោះតាំងពីគេលុបផ្ទៃបឹងមក លុបកន្លែងអាស្រ័យផលពួកខ្ញុំ ការរកស៊ីរបស់ពួកខ្ញុំកាន់តែធ្លាក់ៗទៅ»។
អ្នកស្រីមិនចង់ចាកចេញពីតំបន់ដែលអ្នកស្រីកំពុងតែរស់នៅឡើយ ដោយសារតែអ្នកស្រីរស់នៅទីនេះយូរឆ្នាំមកហើយ ហើយទីតាំងថ្មីដែលអាជ្ញាធរបង្ខំឱ្យទៅរស់នៅនោះ ពិបាកក្នុងការប្រកបរបររកស៊ី។
អ្នកស្រីថ្លែងថា៖ «បើសិនជាពេលវេលាដើរថយក្រោយ ខ្ញុំសុខចិត្តឱ្យវិលទៅស្រែប្រាំងដែលពួកខ្ញុំធ្លាប់អាស្រ័យផលពីមុនវិញ ព្រោះពួកខ្ញុំរស់នៅពីមុន គឺមានភាពសុខសាន្ត គ្មានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរខណ្ឌណាទេ។ ទើបតែដីកាត់ចូលអនុក្រឹត្យ ទើបតែបង្ហូររំដោះទឹកស្អុយពីភ្នំពេញមកចាប់ផ្តើមបាត់បង់ផ្ទៃបឹងទាំងមូល។ អ៊ីចឹងខ្ញុំស្តាយទាំងផ្ទៃបឹងពីដូនតា ទាំងលំនៅឋានពួកខ្ញុំរស់នៅ»។
បើតាមសហគមន៍ ប្រជាពលរដ្ឋមួយគ្រួសារត្រូវបានអាជ្ញាធរផ្តល់ដីនៅទីតាំងថ្មី ដែលមានទទឹង ៤ម៉ែត្រ និងបណ្តោយ ១៨ម៉ែត្រ ដែលស្ថិតក្នុងភូមិសំរោងដែរ។
កាលពីកន្លងទៅ អ្នកធ្វើការលើផ្នែកបរិស្ថានបានបង្ហាញក្តីបារម្ភ ក្រោយរដ្ឋាភិបាលបានកាត់ផ្ទៃដីនៅបឹងតាមោកជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ផ្ទៃបឹងជាង ៧០% នៃផ្ទៃបឹងជាង ៣.២០០ហិកតា ត្រូវបានកាត់សម្រាប់ការស្ថាបនាអគាររដ្ឋ និងឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង។
កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ ក្រុមសង្គមស៊ីវិល និងសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានចំនួន ៣៨ ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើ«បញ្ឈប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាសហគមន៍សំរោងត្បូង»។
សេចក្តីថ្លែងការណ៍រួមនេះលើកឡើងថា សហគមន៍សំរោងត្បូងមិនស្ថិតនៅក្នុងអនុក្រឹត្យនៃការកំណត់ផ្ទៃបឹងនេះទេ ហើយក៏មិនប៉ះពាល់ដល់ការពង្រីកផ្លូវទាំងស្រុងនោះដែរ។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលគួរតែពិចារណាក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ប្រជាពលរដ្ឋ។
លោកថ្លែងបន្ថែមថា៖ «ការស្នើសុំនេះ ដោយយើងឃើញថា ស្ថានភាពនៅសំរោងត្បូងនេះមិនគួរណារដ្ឋាភិបាល ឬក៏អាជ្ញាធរមូលដ្ឋានគាត់ចោទប្រកាន់ថា ជាប្រជាពលរដ្ឋខុសច្បាប់ ហើយប្រព័ន្ធតុលាការមិនត្រូវដាក់ទោសទេ ព្រោះបើយើងមើលទៅលើស្ថានភាពពួកគាត់ គាត់មិននៅក្នុងព្រំប្រទល់ផ្ទៃបឹងដែលកំណត់ដោយផ្លូវការក្នុងឆ្នាំ ២០១៦ ទេ។ ស្ថានភាពនៃការកាន់កាប់របស់គាត់ គាត់កាន់កាប់តាំងពីឆ្នាំ ១៩៩៦ មក ដោយមានអាជ្ញាធរភូមិ ឃុំ សង្កាត់ទទួលស្គាល់ដឹង ឮព្រមទាំងមានឯកសារសំអាងដែរ»។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានបដិសេធមិនអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបាននៅឡើយទេ។
ការបណ្តេញចេញដោយបង្ខំគឺការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស ជាពិសេសរំលោភលើសិទ្ធិទទួលបានលំនៅឋានសមរម្យ និងសិទ្ធិជាច្រើនផ្សេងទៀត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋសំរោងត្បូងចំនួន ១៨ នាក់ កំពុងរងបណ្តឹងតុលាការ ក្រោមបទចោទហិង្សាដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។ ពលរដ្ឋម្នាក់បានរត់គេចខ្លួន ដោយព្រួយបារម្ភពីសុវត្ថិភាព។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការក្រៅរដ្ឋាភិបាល។
ចាប់តាំងពីឆ្នាំ ២០១៩ មក សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិនានា ដូចជាសាលាសង្កាត់សំរោងត្បូង សាលាខណ្ឌព្រែកព្នៅ សាលារាជធានីភ្នំពេញ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជាដើម ប៉ុន្តែមិនមានដំណោះស្រាយអ្វីឡើយ រហូតមកដល់ពេលនេះ៕