ខណៈប្រជាពលរដ្ឋឃុំព្រះដាក់ ក្នុងតំបន់អង្គរនៃខេត្តសៀមរាបចេញមុខតវ៉ា ក្រោយអាជ្ញាធរមូលដ្ឋានប្រាប់ពួកគេឱ្យចាកចេញទៅកន្លែងថ្មីដែលរដ្ឋាភិបាលរៀបចំឱ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បត៍នេះ បានប្រកាសពីការមិនតម្រូវឱ្យប្រជាពលរដ្ឋចាកចេញឡើយ។
កាលពីថ្ងៃពុធ ប្រជាពលរដ្ឋនៅឃុំព្រះដាក់រាប់ពាន់នាក់បានចេញមុខតវ៉ានៅសាលាឃុំ ក្រោយអាជ្ញាធរចុះប្រាប់ពួកគេឱ្យចាកចេញពីតំបន់អង្គរ។
អ្នកស្រី វេ ជឿន ពលរដ្ឋម្នាក់ដែលមានទីលំនៅក្នុងភូមិព្រះដាក់ ប្រាប់វីអូអេថាកាលពីថ្ងៃពុធ អាជ្ញាធរអប្សរាបានចុះមកតាមភូមិ ហើយសួរអ្នកភូមិពីការស្ម័គ្រចិត្តចាកចេញពីស្រុកកំណើតរបស់ពួកគេ ដោយពន្យល់ថាការផ្លាស់ទីលំនៅទៅកាន់កន្លែងថ្មី មានការឧបត្ថម្ភប្រាក់ និងបណ្ណក្រីក្ររយៈពេល ១០ឆ្នាំ ដែលជាគោលនយោបាយប្រកាសដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ។ អ្នកស្រីបន្តថា ក្រោយការចាកចេញរបស់អាជ្ញាធរ ប្រជាពលរដ្ឋជាង ៤ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខសាលាឃុំព្រះដាក់ ដើម្បីជំទាស់នឹងការសម្រេចរបស់អាជ្ញាធរ ខណៈអ្នកស្រី និងប្រជាពលរដ្ឋផ្សេងទៀតរស់នៅចម្ងាយពីតំបន់អង្គរ ប្រមាណ ៤គីឡូម៉ែត្រ។
អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែពួកអ្នកដើរសួរថ្នាក់ក្រោម ខ្ញុំអត់យល់ទេ ខ្ញុំអត់ដឹងម៉េចទេ។ ចង់និយាយថាមកដល់សួរយើងថាយើងត្រូវតែចាកចេញ។ បើយើងមិនចាកចេញ ហើយនៅតែក្រាញននៀល យើងនឹងមិនបានអីសោះ។ ដល់អ៊ីចឹង ប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាច ដោយសារអី? ដោយសារបើយើងមិនចេញ អត់បានអី។ បើយើងចេញ យើងបានសំណងតិចតួច»។
ស្ត្រីវ័យ៣៣ឆ្នាំរូបនេះអះអាងថាអ្នកស្រីនិងអ្នកភូមិផ្សេងទៀតមិនចង់ចាកចេញពីទីលំដៅបច្ចុប្បន្នរបស់ខ្លួនឡើយ ខណៈថាពួកគេបានរស់នៅទីនោះយូរលង់មកហើយ។
អ្នកស្រីថ្លែងថា៖ «ពួកយើងទាំងអស់គ្នាបានធ្វើការសំណូមពរទៅដល់សម្តេចតេជោថា ពួកយើងមិនព្រមចាកចេញពីស្រុកកំណើតខ្លួនទេ ព្រោះពួកយើងជាអ្នកភូមិចាស់បុរាណ មិនមែនជាអ្នកថ្មី ហើយភូមិយើងជាភូមិស្អាត»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឆាត ស្រីយ៉ាន អាយុ ៤៨ឆ្នាំ ប្រាប់វីអូអេថា ប្រជាពលរដ្ឋនាំគ្នាឡើងមកតវ៉ាដោយសារតែអាជ្ញាធរបានប្រាប់ពួកគេឱ្យផ្លាស់ប្តូរទីលំនៅ ដោយហេតុថាអ្នកភូមិមិនចង់ចាកចេញឡើយ។
បើតាមអ្នកស្រី ឆាត ស្រីយ៉ាន មេភូមិព្រះដាក់និងមេឃុំព្រះដាក់ ជាអ្នកដែលដើរប្រាប់ប្រជាពលរដ្ឋឱ្យរៀបចំឯកសារ ដើម្បីស្ម័គ្រចិត្តទៅរស់នៅកន្លែងថ្មីស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប៉ុន្តែប្រជាពលរដ្ឋមិនអាចចាកចេញបានឡើយ ព្រោះការរស់នៅប្រចាំថ្ងៃពឹងផ្អែកលើការធ្វើស្រែចម្ការ។
អ្នកស្រីនិយាយថា៖ «ទៅរស់នៅទីលំនៅថ្មីម៉េចកើត ព្រោះពួកខ្ញុំមានដីស្រែ ដីចម្ការ ហើយដីភូមិ។ អ៊ីចឹងទៅ ដល់ពេលទៅរស់នៅភូមិថ្មី គេឱ្យតែ២០[ម៉ែត្រ]គុណនឹង៣០[ម៉ែត្រ]ទេដីហ្នឹង។ ដល់អ៊ីចឹង ពួកខ្ញុំមិនអាចទទួលយកបានទេ មិនអាចរុះរើទីលំនៅដោយភ្លាមៗបានទេ ព្រោះត្រូវរកភាពយុត្តិធម៌សិន»។
បើតាមអ្នកស្រី ឆាត ស្រីយ៉ាន អាជ្ញាធរបានកំពុងរៀបចំស្តារបារាយណ៍ឡើងវិញ ហេតុនេះតម្រូវឱ្យប្រជាពលរើទីលំនៅ។
អ្នកស្រីបន្ថែមថា៖«ខ្ញុំចង់ពឹងរដ្ឋាភិបាលឱ្យគាត់ជួយ ដោះស្រាយបញ្ហារឿងរ៉ាវដីធ្លី កុំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើបន្តអី ព្រោះបងប្អូនប្រជាពលរដ្ឋគាត់អត់ស្ម័គ្រចិត្តចេញទេ ពីព្រោះអី បើទីលំនៅថ្មី ក៏គាត់មិននៅដែរ។ ដោយសារទីលំនៅនេះរស់នៅតាំងពីកេរដូនតា ម៉ែឪមក។ អ៊ីចឹងគាត់មិនអាចស្ម័គ្រចិត្តទៅបានទេ»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឃុំព្រះដាក់ មិនតម្រូវឱ្យចាកចេញឡើយ ខណៈលោកបានបញ្ជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីទៅបកស្រាយបំភ្លឺនៅចំពោះមុខប្រជាពលរដ្ឋ នាថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងនៅមិនទាន់បានមានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ។ យើងគ្រាន់តែបានគិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះមានបារាយណ៍ខាងកើត ដែលអាចមានទឹករហូតទៅដល់៣០ម៉ែត្រលានគីប។ ប៉ុន្តែជាមួយការគិតគូរបែបនេះ យើងក៏បានដឹងដែរថាឃុំព្រះដាក់ត្រូវបានកសាងឡើងប្រមាណជាបីបួនរយឆ្នាំមកហើយ។ ខ្ញុំសូមយកឱកាសនេះបញ្ជូនសារនេះទៅប្រជាពលរដ្ឋនៅទីនោះ សូមស្ងប់ស្ងាត់»។
មុនការតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ លោក ហ៊ុន សែន កាលពីថ្ងៃចន្ទ បានលើកឡើងថារដ្ឋាភិបាលនឹងចាត់វិធានផ្លូវច្បាប់ ប្រសិនបើប្រជាពលរដ្ឋនៅតំបន់អង្គរមិនព្រមចាកចេញទៅរស់នៅតំបន់ថ្មី ដែលរដ្ឋាភិបាលបានរៀបចំឱ្យ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថាកាលណាពេលវេលាកំណត់មកដល់ រដ្ឋាភិបាលនឹងតម្រូវឱ្យពួកគេចេញ ដោយមិនផ្តល់ការតបស្នងអ្វីឡើយ។
លោក សួស ណារិន អ្នកឃ្លាំមើលនៃសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាប ប្រាប់វីអូអេថាការចាកចេញរបស់ប្រជាពលរដ្ឋ ត្រូវធ្វើឡើងដោយសន្តិវិធី ដោយការស្ម័គ្រចិត្ត។
លោកបន្ថែមថា៖ «ប្រាកដជាមានអ្នកនិយាយអីដែលធ្វើឱ្យពួកគាត់ភ័យខ្លាចហើយមិនអាចទទួលយកបាន ទើបពួកគាត់សម្រេចនាំគ្នាមកតវ៉ាថាមិនព្រមចាកចេញ»។
គួរបញ្ជាក់ថាដើម្បីឱ្យប្រជាពលរដ្ឋចាកចេញដោយពេញចិត្ត រដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋ បន្ថែមពីលើការផ្តល់ដីនៅតំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ក្នុងទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា បើប្រជាពលរដ្ឋមិនចាកចេញទេ នោះអង្គរវត្តអាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលត្រូវបានចុះបញ្ជីកាលពីឆ្នាំ ១៩៩២៕
ពលរដ្ឋនៅឃុំព្រះដាក់ផ្ទុះការតវ៉ា ខណៈលោក ហ៊ុន សែន ចេញមុខអះអាងពីការមិនតម្រូវឱ្យចាកចេញ
ភ្នំពេញ —