ក្រុម​អ្នក​ស្រុក​​រត់​គេច​ខ្លួន​នៅ​ពេល​កង​កម្លាំង​តួកគី​និង​ Kurde​ ប្រយុទ្ធ​គ្នា​ដណ្តើម​ក្រុង​តាម​ព្រំដែន

មនុស្ស​កំពុង​មើល​ផ្សែង​នៅ​ខេត្ត Akcakale Sanliurfa ភាគ​ឦសាប​នៃ​ប្រទេស​ស៊ីរី ក្នុង​ពេល​មាន​បារ​ទម្លាក់​គ្រាប់​បែក​ដោយ​តួកគី កាល​ពី​ថ្ងៃទី​១០ តុលា ២០១៩។

អង្គការ​អូតង់​ព្រមាន​ប្រទេស​តួកគី​ ឱ្យ​ទប់​ចិត្ត​នៅ​ក្នុង​ការ​លុក​លុយ​ចូលក្នុង​ផ្នែក​ឦសាន​នៃ​ប្រទេស​ស៊ីរី។

លោក ​Jens Stoltenberg ​អគ្គលេខាធិការ​អង្គការ​អូតង់​បាន​ទទួល​ស្គាល់​កង្វល់​ខាង​សន្តិសុខ​ត្រឹម​ត្រូវ​តាម​ច្បាប់​របស់​ប្រទេស​តួកគី​ អំពី​ពួក​យុទ្ធជន​ Kurdes​ ស៊ីរី ក៏​ប៉ន្តែ​លោក​បាន​ព្រមាន​ថា ការ​វាយ​លុក​នេះ​អាច​«ធ្វើ​ឱ្យ​មាន​ហានិភ័យ»​ដល់ការ​ជឿន​លឿន​ដែល​បាន​ត្រូវ​ធ្វើ​ឱ្យ​មាន​ប្រឆាំង​នឹង​ពួក​ភេរវជនរដ្ឋ​ឥស្លាម។

លោក ​Stoltenberg​ បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តួកគី ​លោក Mevlut Cavusoglu។​ លោក Cavusoglu ​បាន​និយាយ​ថា​ ប្រទេស​តួកគី​ រំពឹង​លើ​សាមគ្គីភាពរបស់​អង្គការ​អូតង់​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​ខ្លួន​ប្រឈម។

ប្រទេស​តួកគី​បាន​រាយការណ៍​អំពី​ទាហានទីមួយ​របស់​ខ្លួន​ដែល​បាន​ស្លាប់​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ដែល​ខ្លួន​បាន​ចូល​លុក​លុយ​ក្នុង​ប្រទេស​ស៊ីរី។ ក្រសួង​ការពារ​ប្រទេស​តួកគី ​បាន​និយាយ​ថា​ទាហាន​ខ្លួន​បី​នាក់​ទៀត​បាន​ត្រូវ​របួស​ដោយ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​បញ្ហា​នេះ​ទេ។ គេ​រាយការណ៍​ថា​ មាន​ជន​ស៊ីវិល​បាត់​បង់​ជីវិត​ដែរ ​ក៏​ប៉ុន្តែ​គេ​មាន​ការ​ពិបាក​ក្នុង​ការ​ដឹង​និង​បញ្ជាក់អំពី​ចំនួន​មនុស្ស​ស្លាប់។

គេ​រាយការណ៍​ថា​ មាន​ការ​ផ្ទុះ​នៅ​ក្នុង​ក្រុង Ras al Ain ​និង​ក្រុង ​Tel Abyad ​នៅ​ជិត​ព្រំ​ដែន​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ កាល​ពីថ្ងៃ​សុក្រ​ នៅ​ពេល​ការ​វាយ​លុក​យោធា​របស់​តួកគី មាន​ធ្វើ​តទៅ​ទៀត។

អង្គការ​គណៈ​កម្មាធិការ​សង្គ្រោះ​អន្តរជាតិ (International Rescue Committee) ​បាន​និយាយ​ថា​ មាន​មនុស្ស​៦​ម៉ឺន​៤​ពាន់​នាក់​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ពួក​គេ​ហើយ ហើយ​មនុស្ស​រាប់​សែន​នាក់​ទៀត​នឹង​គ្មាន​លំនៅដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​នេះ៕