ពលរដ្ឋមួយចំនួនដែលរស់នៅតំបន់រុនតាឯកដែលជាតំបន់ថ្មីនៃការជម្លៀសពលរដ្ឋចេញពីតំបន់អង្គរបានសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាល ក្នុងការបង្កើតក្រុងរុនតាឯក ហើយពួកគេសង្ឃឹមថា ការបង្កើតក្រុងនេះនឹងផ្តល់ឱកាសការងារដល់ពលរដ្ឋ ដែលសព្វថ្ងៃនេះកំពុងប្រឈមនឹងកត្តាជីវភាព។
កាលពីថ្ងៃអង្គារ មានការផ្សព្វផ្សាយសេចក្តីសម្រេចមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការបង្កើត «ក្រុងរុនតាឯកតេជោសែន» ដោយយកឃុំចំនួនពីរ គឺឃុំរុនតាឯក ក្នុងស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង បញ្ចូលគ្នាបង្កើតជាក្រុងមួយ។ ការបង្កើតតំបន់រុនតាឯកជាក្រុងនេះ ក៏ជាគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ផងដែរ។
លោក លួន ឡង អាយុ៧០ឆ្នាំ ពលរដ្ឋរស់នៅតំបន់រុនតាឯកដែលត្រូវបានជម្លៀសចេញពីតំបន់អង្គរ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោកសាទរចំពោះការសម្រេចបង្កើតក្រុងនៅតំបន់រុនតាឯកនេះ ដោយលោកថា ប្រជាពលរដ្ឋដែលជម្លៀសមករស់នៅតំបន់រុនតាឯកនេះរយៈពេលជិតពីរឆ្នាំមកហើយ ប៉ុន្តែមិនមានការងារអ្វីធ្វើនៅទីតាំងដែលខ្លួនរស់នៅនោះទេ ដោយសារវាឆ្ងាយពីក្រុងសៀមរាបជាង ៣០គីឡូម៉ែត្រ។
លោកថ្លែងថា៖ «ប្រជាជនដែលគ្នាមករយៈពេលមួយឆ្នាំជាងនេះ អត់មានការងារអី ឱ្យនឹងទាន់ធ្វើ បើករបរនៅតំបន់រុនតាឯកនេះទេ។ គ្នាមានតែត្រឡប់ទៅខាងខេត្តវិញទៅរកការងារធ្វើនៅឯណោះសិន ព្រោះនៅឯនេះអត់មានការងារធ្វើទេ។ ទល់តែគេមានអភិវឌ្ឍធ្វើអ៊ីចឹងទៅបានប្រជាជនគ្នាមានការងារធ្វើ ដើម្បីនឹងបានរស់។ បើគេមិនធ្វើដូច្នោះទេ ប្រជាជនអត់មានការងារធ្វើ ត្រូវវេទនាហើយ»។
ពលរដ្ឋរស់នៅតំបន់រុនតាឯកម្នាក់ទៀត លោក ឡង ឡែន អាយុ៣៦ឆ្នាំ ប្រាប់វីអូអេថាលោកក៏សាទរចំពោះការសម្រេចបង្កើតក្រុងរុនតាឯកនេះដែរ។ ប៉ុន្តែលោកថា អ្វីដែលប្រជាពលរដ្ឋចង់បានបំផុតនោះ គឺការផ្តល់ឱកាសការងារដល់ពួកគេជាមុនសិន។
លោកលើកឡើងថា៖ «ដូចខ្ញុំនិយាយថា មនុស្សបើសិនជាមានប្រព័ន្ធការងារធ្វើ នៅរុនតាឯកនេះ គឺមានមនុស្សច្រើនមែនទែន។ ដូចយើងនិយាយថាមានតែផ្ទះ ដោយសារតែគាត់សាងសង់ផ្ទះហើយអត់មានប្រភពចំណូលហើយការសាងសង់ របស់គាត់ គាត់មានតែខ្ចីមកពីបណ្តាមីក្រូហិរញ្ញវត្ថុ។ អ៊ីចឹងទៅគាត់ត្រូវតែចេញទៅធ្វើការ ដើម្បីដោះបំណុលរបស់គាត់វិញ។ បើសិនជាមានប្រព័ន្ធការងារ ឬក៏មានមុខរបរដែលអាចឱ្យគាត់ធ្វើបាន នៅក្នុងតំបន់នេះ ប្រហែលអាចនឹងមានប្រជាជនច្រើន»។
លោកសំណូមពរឱ្យរដ្ឋាភិបាលពន្លឿនក្នុងការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ លោកបន្ថែមថា មកដល់ពេលនេះ មិនទាន់ឃើញមានភាគីណាចុះមករៀបចំអភិវឌ្ឍទីតាំងរុនតាឯកនេះទេ។
លោកថ្លែងថា៖ «អត់មានក្រុមណាចុះមកប្លែក ក្រៅពីក្រុមកងវិស្វកម្មចុះមកធ្វើផ្លូវដាក់លូ វានៅតែសស្រាក់សស្រាំធ្វើរាល់ថ្ងៃអ៊ីចឹង។ ប៉ុន្តែក្រៅពីហ្នឹងដូចវាអត់ទាន់មានអីផ្សេងក្រៅពីហ្នឹងទេ។ ណាមួយសមិទ្ធផលដែលគេបានធ្វើហើយ ក៏អត់ទាន់មានការសម្ពោធបើកដំណើរការអ៊ីចឹង ដូចជាផ្សារវាអត់មានដំណើរការទេ។ សំណូមពរសុំឱ្យរដ្ឋាភិបាលគាត់ពន្លឿនបង្កើតមុខរបរអ្វីមួយ ដើម្បីឱ្យប្រជាជនគាត់អាចធ្វើបាន ដើម្បីកាត់បន្ថយការចំណាកចេញទៅក្រៅវិញ»។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃពុធនេះថា ការបង្កើតក្រុង«រុនតាឯកតេជោសែន»គឺជា«ការគិតគូរមួយដ៏ធំធេង»របស់រដ្ឋាភិបាលក្នុងការជួយលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកក្នុងការផ្លាស់ប្តូរទីលំនៅមកនៅតំបន់ថ្មីនេះ។
លោកថ្លែងថា៖ «ការជួយឧបត្ថម្ភគាំទ្រសព្វបែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័ន ដើម្បីរៀបចំកន្លែងនេះ ទីតាំងនេះឱ្យទៅជាក្រុងមួយល្អពិតប្រាកដ ដែលទាក់ទាញធ្វើការលើកកម្ពស់ឡើងវិញនូវគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជីវភាព សន្តិសុខ សុវត្ថិភាពសង្គម ជាពិសេសគឺមុខរបររកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ»។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា រដ្ឋាភិបាលនិងអាជ្ញាធរគួរតែបង្កើនការយកចិត្តទុកដាក់ក្នុងការគិតគូរបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯកនោះជាមុនសិន មុននឹងបង្កើតក្រុងនេះ ដោយលោកថា តំបន់ថ្មីពុំទាន់មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានពេញលេញនៅឡើយទេ។
លោកប្រាប់វីអូអេថា៖ «ការបង្កើតក្រុងនេះក៏មិនទាន់ឆ្លើយតបជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែរ។ អ្វីដែលសំខាន់គឺការបង្កើនហេដ្ឋារចនាសម្ព័ន្ធជាមុន បង្កើនការងារសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ធ្វើម៉េចឱ្យគាត់មានការងារធ្វើ មានសាលារៀន មានហេដ្ឋារចនាសម្ព័ន្ធ មានផាសុកភាព មានបរិស្ថានល្អ អាចរស់នៅទៅនោះបានដោយផាសុកភាព បានន័យថាការរស់នៅដោយសមរម្យ»។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំមុន ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានការពារថា រដ្ឋាភិបាលរបស់លោកមិនទុកប្រជាពលរដ្ឋចោលដែលត្រូវបានជម្លៀសចេញពីតំបន់អង្គរឡើយ។ លោកថ្លែងថាកន្លងទៅ អង្គការអន្តរជាតិនិងអ្នកនយោបាយមួយចំនួនបានឆ្លៀតឱកាសយកការជម្លៀសពលរដ្ឋពីតំបន់អង្គរមកវាយប្រហារថារដ្ឋាភិបាលយកប្រជាជន«បោះចោលយ៉ាងវេទនា»។ ប៉ុន្តែលោកថា រដ្ឋាភិបាលបានព្យាយាមអភិវឌ្ឍតំបន់ថ្មីសម្រាប់ប្រជាពលរដ្ឋ ដោយមានភ្លើងទឹកផ្លូវ សាលារៀន និងវត្តអារាម។
បើតាម លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលត្រូវតែជម្លៀសពលរដ្ឋចេញ ដើម្បីបញ្ចៀសហានិភ័យនៃកំណើនប្រជាពលរដ្ឋកាន់តែច្រើនក្នុងរយៈពេលច្រើនឆ្នាំ និងបារម្ភពីការដកប្រាសាទអង្គរវត្តចេញពីបញ្ជីបេតិកភណ្ឌ។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា រដ្ឋាភិបាលកម្ពុជាបានរំលោភទៅលើច្បាប់អន្តរជាតិ តាមរយៈការជម្លៀសប្រជាពលរដ្ឋប្រមាណ ១ម៉ឺនគ្រួសារ នៅក្នុងតំបន់អង្គរ ដោយបង្ខំ។ របាយការណ៍ដដែលបញ្ជាក់ថា៖ «មនុស្សជាច្រើនត្រូវបានយាយី គំរាមកំហែង និងបង្ខំឱ្យចាកចេញដោយគ្មានការពិគ្រោះយោបល់ពិតប្រាកដ និងស្ទើរតែគ្មាននរណាម្នាក់ចង់ទៅឡើយ(ទៅកន្លែងថ្មីនៅរុនតាឯក)»។
រដ្ឋាភិបាលធ្លាប់អះអាងថា ការទៅរស់នៅតំបន់ថ្មីដែលរដ្ឋាភិបាលផ្តល់ដីដែលមានទទឹង ២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។ ពលរដ្ឋមួយចំនួននៅតំបន់រុនតាឯកធ្លាប់ប្រាប់វីអូអេថា ដីដែលរដ្ឋផ្តល់ឲ្យតូច មិនសូវមានជីជាតិ ធ្វើឱ្យពួកគេមិនអាចដាំអ្វីទទួលបានផលឡើយ។ បន្ថែមពីនេះ តំបន់ថ្មីមានទីតាំងឆ្ងាយពីក្រុងសៀមរាប រហូតដល់ជាង ៣០គីឡូម៉ែត្រ៕