ការ​ស្រាវជ្រាវ​រកឃើញ​ថា ​កង្វះ​សៀវភៅ​ប៉ះពាល់​ដល់​គុណភាព​សិក្សា

សិស្ស​ស្រី​មួយ​រូប​នៅ​ក្នុង​ថ្នាក់​​មេរៀន​ប្រវត្តិសាស្ត្រ​នៅ​ឯ​វិទ្យាល័យ​មួយ​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​បានរក​ឃើញ​ថា ​គុណភាព​នៃ​ការ​សិក្សា​របស់​សិស្ស​នៅ​កម្រិតចំណេះ​ដឹង​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្សោយ​គឺបណ្តាលមួយ​ផ្នែក​មក​ពី​កង្វះ​សៀវភៅសិក្សា​គោល​និងគុណភាព​សៀវភៅ​សិក្សា​នៅ​មិន​ទាន់​ល្អ។ ​

វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ហៅ​ថា​ខាញដ៍ ​និង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី បូព៌ា​និង​ប៉ាស៊ីហ្វិក​បានរកឃើញ​ថា ​ការ​ទទួល​បាន​សៀវភៅ​សិក្សា​មាន​ភាព​យឺតយ៉ាវ​ហើយ​មិន​គ្រប់​គ្រាន់​សម្រាប់សិស្ស​ប្រើ​ប្រាស់​ រីឯ​គុណភាព​សៀវភៅ​ទៀត​សោត​មាន​ការ​សរសេរ​ខុស​អក្ខរាវិរុទ្ធ ​ហើយ​សិស្ស​មួយចំនួន​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួនទិញ​សៀវភៅ​ពី​ផ្សារ​ឬ​ជួល​ពី​បណ្ណាល័យ​សាលា​ជាដើម។ ​

លោក​ សេង ឫទ្ធី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខាញដ៍​បាន​ប្រាប់​វីអូអេ​ថា៖ «សិស្ស​រៀន​ជិតចប់​ឆ្នាំ​ហើយ​ ជិត​ចប់​ថ្នាក់​ហើយ​បាន​សៀវភៅ​ទៅដល់​នោះ​ជាការ​មួយ​មិន​ត្រឹម​ត្រូវ​ទេ​សម្រាប់​សិស្ស​ដែល​គាត់​រង់ចាំ​សៀវភៅសិក្សា​ហើយ​ពេល​ខ្លះ​យើង​ឃើញ​ថា​នៅ​តំបន់​ខ្លះ​អាចសល់​សៀវភៅ​ដោយ​សារ​រឿង​សៀវភៅ​បញ្ជូន​ទៅ ​យឺត​ហើយ​សិស្ស​ភាគច្រើន​គាត់​បាន​ទិញ​ រួច​ទៅ​ហើយ»។​

លោក​សន ជ័យ​ តំណាង​ប្រចាំ​កម្ពុជា​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​បាន​ឱ្យ​ដឹង​ថា​សិស្ស​នៅ​តំបន់​ខ្លះត្រូវ​ឆ្លាស់​ខ្ចី​សៀវភៅគ្នា​ទៅវិញ​ទៅមក​ក៏​មាន។ ​

«វិធី​បែប​នេះ​វាមិន​នាំ​មក​នូវ​ការ​រៀន​មួយ​ប្រកប​ទៅ​ ដោយ​គុណភាព​ឬក៏​ឱកាស​នៃ​ការ​រៀន​ហ្នឹង​មាន​ទូលាយ​សម្រាប់​សិស្ស​នោះ​ទេ​។ វាជាកង្វល់​មួយ​របស់​សិស្ស​បាន​បង្ហាញ​ថា​រឿងខ្វះ​សៀវភៅ​នេះ​វា​ជា​រឿង​រ៉ាវ​ដែល​ពាក់​ព័ន្ធ​គ្នា​នឹង​ការរៀនខ្សោយ​របស់​ពួកគេ»។​

ការ​សិក្សា​ស្រាវជ្រាវ​បាន​ផ្តោត​លើសាលារៀន​ចំនួន​៣៣​នៅ​រាជធានីភ្នំពេញ ​ខេត្ត​កំពត ​កំពង់​ស្ពឺ​និង​កំពង់ចាម​ប៉ុន្តែ​ត្រូវ​បានក្រសួង​អប់​រំ​មើល​ឃើញ​ថា​នៅ​មាន​លក្ខណៈចង្អៀត​បើ​ប្រៀប​ធៀបនឹង​សាលា​នៅ​ទូទាំង​ប្រទេសដែលមាន​រហូត​ដល់​ជាង​៨.០០០។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ហង្ស ជួនណារ៉ុន បាន​បញ្ចាក់​តាម​សារអេឡិកត្រូនិក​ដល់​វីអូអេ​ថា៖ «លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​បាន​ផ្តល់​ជា​ព័ត៌មាន​ប៉ុន្តែ​នៅ​មិន​ទាន់​អាច​ជា​ការ​គួរ​ឱ្យ​ជឿជាក់​បានទាំង​ស្រុង​ទេ»។ ហើយ​លោក​បដិសេធ​ថា​មិនមាន​ការ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​នៅ​ក្នុង​សៀវភៅ​សិក្សា​គោល​ដោយ​សារ​តែ​របៀប​នៃ​ការ​សរសេរ​អក្សរ​ខ្មែរ​មាន​ច្រើន។

យ៉ាង​ណា​ក៏​ដោយ​លោក​ទទួល​ស្គាល់​ថា​នៅ​មាន​ចំណុច​ដែល​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទៀត​នៅ ក្នុង​ការ​ចែក​ចាយសៀវភៅ​សិក្សា​ដល់​សិស្ស។

ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​ក្រសួង​ឱ្យ​បង្កើន​ថវិកា​ជាតិ​សម្រាប់​កម្មវិធី សៀវភៅ​សិក្សា​គោល​ឱ្យ​បាន​ឡើង​ដល់​៧លាន​ដុល្លារ​ពីចំនួន​បច្ចុប្បន្ន​ដែល​មាន​តែ​៥​លាន​ដុល្លារតែប៉ុណ្ណោះ។

លោក រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​យល់​ស្រប​ថា​ការបង្កើន​ថវិកា​បោះពុម្ភ​សៀវភៅ​និង​ការ​រឹតបន្តឹង​ការ​ចែក​ចាយ​សៀវភៅ​ឱ្យ​ដល់​សិស្ស​ពិតប្រាកដ​ទើបអាចជួយ​ធានា​បាន​ដល់​គុណភាព​សិក្សា។

«យើង​ត្រូវ​បង្កើន​ថវិកា​មួយ​ចំនួន​បោះពុម្ភ​បន្ថែម​ហើយ​ត្រូវ​វែក​មុខ​រក​មន្ត្រី​ខិល​ខូច​ដែល​យក​សៀវភៅ​ទៅលក់​នៅ ​ទីផ្សារ​យក​មកដាក់​ទោស​ទៅតាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ នេះ​ហើយ​ដែល​យើ​ងអាច​ធ្វើ​ឱ្យ​សៀវភៅ​ទៅដល់​ដៃ​សិស្ស​ដៃ​គ្រូ​បង្រៀន»។

កាលពី​ចុង​ខែ​មករាក្រសួងអប់រំ​បាន​ចេញសេចក្តី ​ណែនាំ​មួយ​មិន​ឱ្យ​មាន​ការ​ដាក់លក់​សៀវភៅ​របស់​រដ្ឋ​នៅ​តាម​ទីផ្សារ​ទៀត​ទេ។ ក្រសួង​ក៏​បាន​ដាក់​ចេញ​នូវ​ផែនការ​ដើម្បី​បង្កើន​ការតាមដាន​និង​ការចែក​ចាយ​សៀវភៅ​សិក្សារួច​ហើយ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ត្រី​ហង្ស ជួនណារ៉ុន៕