ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទាញ​ចេញ​សាកសព ​៣០​នាក់ ​ពី​អគារ​លំនៅឋាន​នៅ​លីបង់​ក្រោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល

បុគ្គលិកជួយសង្គ្រោះប្រើអេស្កាវ៉ាទ័រដើម្បីយកកម្ទេចថ្មនៃអគារដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃអង្គារ ខណៈដែលពួកគេស្វែងរកជនរងគ្រោះនៅទីក្រុង Barja ប្រទេសលីបង់ ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ (AP រូបថត/Hassan Ammar)

ខណៈ​អង្គការ​សហប្រជាជាតិ​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​ស្វិតដៃជើង​សម្រាប់​កុមារ​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​ហ្កាហ្សា សេវាកម្ម​សង្គ្រោះ​បន្ទាន់​សុខាភិបាល​លីបង់​ថា​ ខ្លួន​បាន​ទាញ​ចេញ​សាកសព​ចំនួន​ ៣០​ ចេញ​ពី​គំនរ​អគារ​លំនៅឋាន​មួយ​កន្លែង ​ដែល​ត្រូវ​រង​ការ​វាយប្រហារ​ពី​អ៊ីស្រាអែល​កាល​ពី​យប់​មុន​នោះ។ កិច្ចប្រឹងប្រែង​ស្វែងរក​ជន​រងគ្រោះ​មាន​បន្ត​កាល​ពី​ថ្ងៃ​ពុធ ហើយ​គេ​មិន​ដឹង​ច្បាស់​ថា ​តើ​មាន​អ្នក​នៅ​រស់រាន​ និង​សាកសព​ប៉ុន្មាន​ ដែល​នៅ​ជាប់​ក្រោម​គំនរ។

ការ​វាយប្រហារ​តាម​អាកាស​នេះ កើត​មាន​ឡើង​ដោយ​មិន​មាន​ការព្រមាន​ពី​មុន។ យោធា​អ៊ីស្រាអែល​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អ្វី​ទេ​ ទាក់ទង​នឹង​ការ​វាយប្រហារ​នេះ ហើយ​គេ​មិន​បាន​ដឹង​ភ្លាមៗ​ទេ​ ថា​អ្វី​ជាគោលដៅនៃ​ការ​វាយប្រហារ​នោះ​ទេ។ កាល​ពី​ថ្ងៃ​អង្គារ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​បណ្តេញ​ចេញ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក Yoav Gallant ចេញ​ពី​តំណែង​នៅ​ក្នុង​ការ​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ ដែល​បាន​បណ្តាល​ឱ្យ​មាន​បាតុកម្ម​នៅ​ទូទាំង​ប្រទេស។ រដ្ឋមន្ត្រី​ការបរទេស​លោក Israel Katz ដែល​ជា​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក Netanyahu នឹង​ត្រូវ​ជំនួស​លោក Gallant។​

ថ្វី​បើ​លោក Netanyahu បាន​អំពាវនាវ​ឱ្យ​មាន​ការ​បន្ត​ដាក់​សម្ពាធ​ខាង​យោធា​លើ​ក្រុម​ហាម៉ាស់​ក្តី ក៏​លោក Gallant វិញ​ថា​ កង​កម្លាំង​យោធា​បាន​បង្កើត​រួច​ហើយ​ នូវ​លក្ខខណ្ឌ​ដែល​យ៉ាង​ហោច​ណាស់អាច​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ការទូត​បណ្ដោះអាសន្ន​មួយ ដែល​អាច​ឱ្យ​ក្រុម​សកម្ម​ប្រយុទ្ធដោះលែង​ចំណាប់ខ្មាំង។

សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ បាន​ចាប់​ផ្តើម​ឡើង​ ក្រោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​នេះ​បាន​សម្រុកចូល​វាយប្រហារ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​សម្រាប់​មនុស្ស​ប្រមាណ​ ១.២០០​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល និង​ចាប់​ពង្រត់​មនុស្ស​២៥០​នាក់​ផ្សេង​ទៀត។ ការ​ឆ្លើយតប​ខាង​យោធា​របស់​អ៊ីស្រាអែលនៅ​ហ្កាហ្សា​បាន​សម្លាប់​មនុស្ស​ជាង​ ៤៣.០០០​នាក់ នេះ​បើ​តាម​មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន។ ​នៅ​ក្នុង​តួលេខ​នេះ ពួក​គេ​មិន​បាន​បែងចែក​រវាង​ជនស៊ីវិល​និង​អ្នក​សកម្ម​ប្រយុទ្ធ​ទេ ប៉ុន្តែ​ថា ជាង​ពាក់កណ្តាល​នៃ​អ្នក​ដែល​បាន​ស្លាប់​ជា​ស្ត្រី​និង​កុមារ។​

ចាប់​តាំង​ពី​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​ (Hezbollah) ​នៅ​លីបង់​បាន​ផ្ទុះឡើង​កាល​ពី​ឆ្នាំ​២០២៣ មាន​មនុស្ស​យ៉ាង​តិច ៣.០០០​នាក់​បាន​ត្រូវ​សម្លាប់ និង​ប្រមាណ​១៣.៥០០​នាក់​រង​របួស​នៅ​លីបង់។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​លីបង់៕