ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញបដិសេធមិនឲ្យអតីតតំណាងរាស្ត្រគណបក្សប្រឆាំងចូលសួរសុខទុក្ខលោក កឹម សុខា ក្នុងពន្ធនាគារដោយសំអាងថា ចៅក្រមកំពុងស៊ើបនិងប្រមូលភស្តុតាង។ មេធាវីនិងសហការីរបស់លោក កឹម សុខា លើកឡើងថា ការបដិសេធរបស់តុលាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស។
បើតាមលិខិតមួយច្បាប់ចេញនៅថ្ងៃទី១៧ ខែមករាឲ្យដឹងថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យក្រុមអតីតតំណាងរាស្ដ្រនិងមន្ត្រីគណបក្សសង្គ្រោះជាតិជាង១០រូប ចូលសួរសុខទុក្ខលោក កឹម សុខា នោះទេ។ លិខិតរបស់ចៅក្រមរូបនេះគឺឆ្លើយតបនឹងសំណើរបស់លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនិងសហការីមួយចំនួនទៀតដែលស្នើចូលសួរសុខទុក្ខប្រធានរបស់ខ្លួនដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុង។
លោក គី ឫទ្ធី បានបញ្ជាក់មូលហេតុនៃការបដិសេធក្នុងន័យដើមថា៖
«ដោយសារសំណុំរឿងកំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរនិងស្រាវជ្រាវប្រមូលភស្ដុតាងនានា ហេតុនេះការចូលជួបឬសួរសុខទុក្ខឲ្យបានតែមេធាវីនិងក្រុមគ្រួសារជនត្រូវចោទដែលមិនទាក់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលជួបសួរសុខទុក្ខអាចអនុញ្ញាតឲ្យបាន ក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនរួចរាល់សិន»។
កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅលោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្រ្តគណបក្សប្រឆាំងមណ្ឌលខេត្តត្បូងឃ្មុំ ព្រមទាំងអតីតតំណាងរាស្ត្រគណបក្សប្រឆាំងនិងសហការីជាង១០រូបផ្សេងទៀត បានផ្ញើលិខិតស្នើទៅលោក គី ឫទ្ធី សុំការអនុញ្ញាតចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅព្រឹកថ្ងៃទី១៩ ខែមករា នេះ។
ការស្នើរបស់ក្រុមអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីចូលសួរសុខទុក្ខលោក កឹម សុខា អតីតប្រធានគណបក្សនេះធ្វើឡើងខណៈស្ថានភាពក្រុមគណបក្សប្រឆាំងហាក់មានភាពរកាំរកូស ក្រោយពេលលោក សម រង្ស៊ីនិងអតីតតំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិដែលនិរទេសខ្លួននៅក្រៅប្រទេស សម្រេចបង្កើត«ចលនាសង្រ្គោះជាតិ»។
លោក ម៉ៅ មុនីវណ្ណ ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា លោកនិងក្រុមអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផ្សេងទៀត បានស្នើសុំចូលសួរសុខទុក្ខលោក កឹម សុខាធម្មតាក្នុងនាមជាសហការី។ លោកបន្ថែមថា ការបដិសេធរបស់តុលាការគឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់លោកដែលជាប្រជាពលរដ្ឋកម្ពុជា។
អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា៖
«ខ្ញុំយល់ឃើញថា អាហ្នឹងជាការបិទសិទ្ធិសេរីភាពរបស់ខ្ញុំក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសុំជួបសួរសុខទុក្ខជនជាប់ចោទដែលតុលាការមិនទាន់ទាំងកាត់ក្តីផង យើងគួរតែអនុញ្ញាតឲ្យខ្ញុំចូលសួរសុខទុក្ខ»។
នេះមិនមែនជាលើកទី១ទេដែលសំណើសុំចូលជួបនិងសួរសុខទុក្ខលោក កឹម សុខាត្រូវបានតុលាការទាត់ចោល។ ចាប់តាំងពីលោក កឹម សុខា ត្រូវបានឃុំខ្លួននៅខែកញ្ញាមកលោកមិនត្រូវបានអនុញ្ញាតឲ្យនាំខ្លួនចេញពីពន្ធនាគារ រួមទាំងការនាំខ្លួនមកកាន់តុលាការដើម្បីសាកសួរ។
លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវីជាច្រើនរូបទៀតដែលការពារក្តីឲ្យលោក កឹម សុខា លើកឡើងថា កន្លងមកតុលាការបានបដិសេធមិនឲ្យអតីតតំណាងរាស្រ្តនិងមន្រ្តីគណបក្សប្រឆាំងផ្សេងទៀតចូលសួរសុខទុក្ខលោក កឹម សុខា ជាច្រើនដង ដោយមូលហេតុថា តុលាការមិនទាន់បានសាកសួរជនត្រូវចោទនៅឡើយ។ លោកបន្តថា រហូតមកដល់ពេលនេះ ចៅក្រមស៊ើបបានសួរលោក កឹម សុខា ក្នុងពន្ធនាគារចំនួនបីដងរួចមកហើយ ប៉ុន្តែតុលាការនៅតែមិនអនុញ្ញាតឲ្យមានការចូលសួរសុខទុក្ខដដែល។ លោកថា ការបដិសេធនេះបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កូនក្តីលោក។
លោកមេធាវី សំ សុគង់ បញ្ជាក់ថា៖
«សិទ្ធិជនត្រូវចោទហ្នឹងត្រូវបានអនុញ្ញាតឲ្យសាច់ញាតិឬក៏ក្រុមគ្រួសារឬក៏មិត្តភក្តិក៏ដូចជាមេធាវីមានសិទ្ធិចូលសួរសុខទុក្ខទៅតាមពេលវេលាកំណត់នៃច្បាប់ដូចមិនមានការហាមឃាត់ទេ។ ហើយបើសិនជាការស្នើសុំសួរសុខទុក្ខក្នុងពន្ធនាគារជួបជាមួយឯកឧត្តម កឹម សុខា ហ្នឹង! ហើយត្រូវបានបដិសេធដោយតុលាការ គឺជាការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សិទ្ធិរបស់ជនត្រូវចោទដែលធានាដោយរដ្ឋធម្មនុញ្ញក៏ដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»។
បើតាមលោក សំ សុគង់ ក្រោយការឃុំខ្លួនលោក កឹម សុខា អស់រយៈពេលជាង៤ខែរហូតមកដល់ពេលនេះតុលាការមិនទាន់បញ្ជាក់ពីពេលវេលានៃការជំនុំជម្រះនៅឡើយ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការលើកឡើងរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងមេធាវីរបស់លោក កឹម សុខា ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ឲ្យទៅមើលខ្លឹមសារនៃលិខិតបដិសេធរបស់លោកចៅក្រមស៊ើប គី ឫទ្ធី។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះរបស់លោកទាំងយប់រំលងអធ្រាត្រ កាលពីដើមខែកញ្ញាកន្លងទៅ។ តុលាការចោទប្រកាន់លោកពីបទព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានសហរដ្ឋអាមេរិក នៅពីក្រោយ។ លោក កឹម សុខា បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ការចោទនេះមានគំនិតនយោបាយ។
ក្រោយការចាប់ខ្លួនលោក កឹម សុខា គណបក្សសង្គ្រោះជាតិក៏ត្រូវបានរំលាយក្រោមបទចោទពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់ជុំវិញការចាប់ខ្លួនអតីតមេបក្សប្រឆាំងនិងការរំលាយគណបក្សដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស។ ពួកគេបានបង្ហាញពីការបារម្ភពីដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយថាការណ៍នេះនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ៕