ពួក​សាធារណរដ្ឋ​ព្យាយាម​ស្រោច​ស្រង់​ការថែទាំ​សុខភាព​​និង​របៀប​វារៈ​របស់​ប្រធានា​ធិបតី​ត្រាំ

ប្រធាន​សភា​តំណាង​រាស្ត្រ​លោក Paul Ryan ដើរ​ពី​សភា​ទៅ​ការិល័យ​របស់​លោក​នៅ​សេត​វិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៤ ខែមីនា។

លោក ​Paul Ryan ​ប្រធាន​សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក ​បាន​ថ្លែង​ប្រាប់​ត្រួសៗ​ជូន​ប្រធានា​ធិ​បតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ អំពី​ស្ថានការណ៍​នៃ​សេចក្តី​ព្រាង​ច្បាប់​ជំនួស​ការ​ថែទាំសុខភាព​កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្មាន​ម៉ោង​មុនការ​បោះ​ឆ្នោត​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត ​នេះ​តាម​លោក​ Sean Spicer អ្នកនាំ​ពាក្យ​សេតវិមានដែល​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន។

ជំនួប​នៅ​សេតវិមាន​រវាងប្រធានសភា​តំណាង​រាស្រ្ត ​Paul Ryan​ និង​ប្រធានា​ធិបតី​ត្រាំ​បាន​កើត​មាន​ឡើង​នៅ​ពេល​មាន​ការនិយាយ​ស្មានៗ​ថា ពួក​គណបក្ស​សា​ធារណរដ្ឋ ​ប្រហែល​មិន​មាន​សន្លឹក​ឆ្នោត​គ្រប់​គ្រាន់​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​ទេ។

អ្នក​នាំពាក្យ​សេតវិមាន​ Spicer ​មិន​បាន​និយាយថា​តើ​មាន​សំឡេង​ឆ្នោត​គ្រប់​គ្រាន់ឬ​ទេ ប៉ុន្តែ បាន​សរ​សើរការ​ខំ​ប្រឹងប្រែង​របស់​លោក​ប្រធានា​ធិបតី។ ​អ្នកនាំ​ពាក្យ​រូប​នោះ​បាន​និយាយ​ទៀត​ថា ​លោក​ប្រធានា​ធិបតី​ ត្រាំ​ បាន​ទាក់​ទង​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​សមា​ជិកសភា​តំណាង​រាស្រ្ត​ជាង​២០​រូប​ ដែល​លោក​បាន​ពណ៌នា​ថា​មាន‍ «ភាព​អង់​អាច​ក្លាហាន​ដ៏​អស្ចារ្ស‍»។

នៅពេល​គេ​សួរ​ថា​តើ​លោក​ប្រធាន​សភា​តំណាង​រាស្រ្ត​ Ryan ​បាន​ដឹកនាំ​ការ​ខំ​ប្រឹង​ប្រែង​មាន​ប្រសិទ្ធិភាព​ដើម្បី​ទទួល​បាន​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ពី​សភា​តំណាង​រាស្រ្ត​ដែរ​ឬ​ទេ ​អ្នកនាំ​ពាក្យ​សេតវិមាន​ Spicer​ បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា លោក​ប្រធាន​សភា​តំណាង​រាស្រ្ត​បាន​ធ្វើ​អ្វី​ដែល​លោក​អាច។ លោក​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធជាមួយ​លោក​ប្រធានាធិបតី‍»។

ប្រសិនបើសេចក្តី​ព្រាង​ច្បាប់​នេះ​មិន​បាន​ទទួល​ការ​អនុម័ត​ទេ ​លោក ​Spicer ​បាន​និយាយ​ថា ​នៅ​មាន​សេចក្តី​ព្រាង​ច្បាប់​ដ៏​ធំ​ផ្សេង​ទៀត​សម្រាប់​របៀប​វារៈ​របស់​ប្រធានា​ធិបតី​ត្រាំ ​រួមមាន​ការ​ធ្វើ​កំណែទម្រង់​អន្តោប្រវេសន៍​ និង​ពន្ធដារ​ហើយ​នង​ផែនការ​សើរើ​ហេដ្ឋា​រចនាសម្ព័ន្ធ៕