យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា ខាងគណបក្សសាធារណរដ្ឋបានឆ្លើយតបខ្លាំងក្លាដល់ការពណ៌នារបស់លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អាខាងគណបក្សប្រជាធិបតេយ្យដែលថាចំនួនពាក់កណ្តាលនៃក្រុមអ្នកគាំទ្រលោក Trump ជា «ក្រុមមនុស្សមិនល្អ មួយកន្រ្តក»។
ថ្លែងកាលពីថ្ងៃសៅរ៍នៅក្នុងសន្និសីទកំពូលនៃក្រុមអ្នកអភិរក្សសង្គមដែលភាសាអង់គ្លេសហៅថា Values Voters Summit នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន លោក Mike Pence បេក្ខជន អនុប្រធានាធិបតីស.រ.អាខាងគណបក្សសាធារណរដ្ឋបានឆ្លើយតបនឹងលោកស្រី Clinton ដោយបានការពារអ្នកគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតឱ្យលោក Trump ដោយលោកបាននិយាយថា «ពួកគេមិនមែនជាកន្រ្តកនៃអ្វីមួយទេ»។ ពួកគេជាប្រជាជនអាមេរិកហើយពួកគេសមនឹងទទួលបានការគោរពពីអ្នក»។
លោក Pence បាននិយាយបន្ថែមថា «...គ្មាននរណាម្នាក់ដែលមើលងាយប្រជាជនអាមេរិកបែបនេះគួរជាប់ឆ្នោតជាប្រធានាធិបតីនៃស.រ.អាទេ។ យើងត្រូវតែសម្រេចចិត្តថា Hillary Clinton នឹងមិនក្លាយទៅជាប្រធានាធិបតីនៃមហាប្រទេសជាតិនេះជាដាច់ខាត»។
នៅក្នុងពិធីអង្គាសប្រាក់មួយដោយក្រុមស្រឡាញ់មនុស្សភេទដូចគ្នា (LGBT)កាលពីថ្ងៃសុក្រនេះ រនៅក្នុងបូរីញូវយ៉ក លោកស្រី Clinton បានពណ៌នាជនច្រើននាក់ក្នុងបណ្តាក្រុមអ្នកគាំទ្រលោក Trump ថាជា «...ពួកប្រកាន់ពូជសាសន៍ ពួកប្រកាន់ភេទ អ្នកស្អប់ពួកក្រុម LGBT អ្នកស្អប់ជនបរទេស អ្នកស្អប់ក្រុមកាន់សាសនា Islam ។ល។»
ការបញ្ចេញវោហារសាស្ត្រប្រឆាំងគ្នាថ្មីៗបំផុតនេះរវាងយុទ្ធនាការឃោសនាបោះឆ្នោតទាំងពីរនេះបានធ្វើឡើងនៅពេលដែលការស្ទង់មតិនៅទូទាំងប្រទេសបង្ហាញថាលោក Trump មានការគាំទ្រច្រើនជាងមុននៅពេលដែលលោកស្រី Clinton កំពុងតស៊ូកម្ចាត់រឿងចម្រូងចម្រាស់អំពីការចាត់ចែង អ៊ីម៉ែល សម្ងាត់នៅពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ ការស្ទង់មតិថ្មីៗបំផុតរបស់អង្គការ RealClear Politics នៅទូទាំងប្រទេសជាតិបង្ហាញថាលោកស្រី Clinton មានការគាំទ្រតែ ២.៧ភាគរយ នាំមុខលោក Trump ដែលជាចំនួនតិចជាងការគាំទ្រជិត៨ភាគរយដែលលោកស្រីទទួលបានក្នុងរយៈពេលខ្លីក្រោយមហាសន្និបាតជាតិនៃគណបក្សប្រជាធិបតេយ្យកាលពីចុងខែកក្កដា៕