ក្ដីសង្ឃឹមរបស់គណបក្សសាធារណរដ្ឋនៅក្នុងការឈ្នះឱ្យបានទាំងស្រុងលើគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកលើកនេះបានបរាជ័យនៅក្នុងការធ្វើឱ្យលេចចេញជារូបរាងឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
គណបក្សសាធារណរដ្ឋត្រូវការតែមួយអាសនៈប៉ុណ្ណោះដើម្បីដណ្ដើមគ្រប់គ្រងព្រឹទ្ធ សភា ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃពុធនេះ អាសនៈព្រឹទ្ធសភាតំណាងរដ្ឋ Pennsylvania ដែលជាអាសនៈតែមួយគត់ដែលអាចជួយឱ្យគណបក្សសាធារណរដ្ឋឱ្យឈ្នះបាន បានធ្លាក់ទៅក្នុងដៃរបស់គណបក្សប្រជាធិបតេយ្យ ដោយលោក John Fetterman បានឈ្នះលោក Mehmet Oz។
នៅក្នុងការដណ្ដើមអាសនៈរដ្ឋសភា លទ្ធផលបោះឆ្នោតដំបូងៗបានបង្ហាញថា គណបក្សសាធារណរដ្ឋកំពុងឈានឆ្ពោះទៅដណ្ដើមគ្រប់គ្រងរដ្ឋសភាពីគណបក្សប្រជាធិបតេយ្យ ប៉ុន្តែគិតមកទល់នឹងពេលនេះគណបក្សសាធារណរដ្ឋកំពុងនាំមុខគណបក្សប្រជាធិបតេយ្យក្នុងសំឡេងតិចតួចប៉ុណ្ណោះ ដែលផ្ទុយពីការរំពឹងទុករបស់គណបក្សនេះ។
លោក Kevin McCarthy សមាជិករដ្ឋសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ ដែលសង្ឃឹមថានឹងក្លាយជាប្រធានរដ្ឋសភាប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះបានសំឡេងភាគច្រើននោះ បានបញ្ជាក់នៅពេលទាបភ្លឺថ្ងៃពុធនេះថា៖ «វាបង្ហាញយ៉ាងច្បាស់ថា យើងនឹងដណ្ដើមគ្រប់គ្រងរដ្ឋសភាបានមកវិញ»។
ប៉ុន្តែ លោក Lindsey Graham សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បានទទួលស្គាល់ដោយត្រង់ៗនៅពេលបញ្ជាក់ប្រាប់ទូរទស្សន៍ NBC ថា ការបោះឆ្នោតនេះគឺ «ពិតជាមិនមែនជាការបោះឆ្នោតដែលគណបក្សសាធារណរដ្ឋនឹងឈ្នះទាំងស្រុងនោះទេ។ នេះគឺជាការពិតជាក់ស្ដែង»។
ជាទម្លាប់កន្លងមក នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីគណបក្សរបស់ប្រធានាធិបតីបានបាត់បង់អាសនៈ ហើយនៅក្នុងការបោះឆ្នោតលើកនេះ គេតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រជែងអាសនៈព្រឹទ្ធសភាមួយចំនួនដូចជានៅក្នុងរដ្ឋ Georgia រដ្ឋ Nevada រដ្ឋ Arizona និងរដ្ឋ Wisconsin ជាដើម៕
ក្ដីសង្ឃឹមរបស់បក្សសាធារណរដ្ឋនៅក្នុងការឈ្នះដាច់ក្នុងការបោះឆ្នោតលើកនេះហាក់បរាជ័យ
វ៉ាស៊ីនតោន —