បេក្ខជនប្រធានាធិបតីអាមេរិកពីខាងគណបក្សសាធារណរដ្ឋនិយាយយ៉ាងម៉ឺងម៉ាត់អំពីគោលនយោបាយការបរទេស ហើយបានធ្វើការវាយប្រហារដោយពាក្យសម្តីទៅគូរប្រជែងរបស់ពួកគេ នៅពេលដែលបេក្ខជនទាំងនេះប្រឈមមុខដាក់គ្នានៅក្នុងការសួរដេញដោលគ្នាមួយក្នុងរដ្ឋ ញ៉ូ ហ៊ែមស៊រ (New Hampshire) កាលពីថ្ងៃសៅរ៍។
ការសួរដេញដោលគ្នានេះកើតឡើងតែបីថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតឆ្នោតបឋមសម្រាប់រដ្ឋ New Hampshire ដែលជាការបោះឆ្នោតដ៏សំខាន់ ដែលអាចជម្រុះបេក្ខជនជាច្រើនរូបចេញពីការប្រកួត ឬក៏អនុញ្ញាតឲ្យពូកគេបន្តទៅមុខទៀតបាន។
ដោយមានសម្ពាធបែបនេះ បេក្ខជនដែលទទួលបានការគាំទ្រតិចជាងនៅក្នុងការស្ទង់មតិបានចេញមកវាយបកទៅលើគូរប្រជែងរបស់ពួកគេ នៅពេលដែលការសួរដេញដោលគ្នានេះបានចាប់ផ្តើមភ្លាម។
គ្មានបេក្ខជនណាមួយ ដែលច្រឡោងខាមជាង អភិបាលរដ្ឋ New Jersey គឺ លោក Chris Christie នោះទេ។ លោក Christie បានតម្រង់គោលដៅរបស់លោក ទៅលើសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Florida គឺ លោក Marco Rubio តាំងពីចាប់ផ្តើមសួរដេញដោលគ្នាម្ល៉េះ។
លោក Christie ថ្លែងថា «លោក Rubio មិនមានបទពិសោធន៍ ដើម្បីធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ »
លោក Rubio ហាក់ដូចជាចង់វិលក្បុងដោយសារការវាយប្រហារនេះដែរ ប៉ុន្តែ លោក បែរជាផ្តោតទៅលើការរិះគន់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា វិញ។ លោក Rubio ថ្លែងថា លោក អូបាម៉ា បានចេញដំណើរ «ដោយផ្អែកលើកិច្ចប្រឹងប្រែងជាប្រព័ន្ធ ដើម្បីផ្លាស់ប្តូរអាមេរិក»។
លោក Rubio ត្រូវគេមើលឃើញថា ជាបេក្ខជនដ៏ពេញនិយមម្នាក់ដែរនៅខាងគណបក្សសាធារណរដ្ឋ ជាពិសេសបន្ទាប់ពីរូបលោកបានទទួលចំណាត់ថ្នាក់ទី៣ ដែលហួសពីការរំពឹងទុកនៅក្នុងការបោះឆ្នោតក្នុងរដ្ឋ Iowa កាលពីសប្តាហ៍មុននោះ៕