បេក្ខជន​ប្រធានាធិបតី​​គណបក្ស​សាធារណរដ្ឋ​បាន​ជជែកដេញ​ដោលគ្នា​យ៉ាង​ខ្លាំង​ក្លា​ដោយ​​​គ្មាន​ការ​ចូលរួម​របស់​​លោក Trump

បេក្ខជនប្រធានាធិបតីសហរ្ដឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ជជែក​ដេញដោល​គ្នា​ នៅវេទិកា​មួយ​ដែលត្រូវបានរៀបចំឡើងនៅក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣។

បេក្ខជនប្រធានាធិបតីសហរដ្ឋ​អាមេរិក​ខាងគណបក្ស​សាធារណរដ្ឋចំនួន​ ៧​ នាក់ បាន​ជជែក​ដេញដោល​គ្នា​ខ្លាំងក្លាកាលពី​យប់​ថ្ងៃ​ពុធ ​ដោយម្នាក់ៗប្រឹងប្រែងឱ្យក្លាយ​ជា​អ្នក​ប្រជែង​នឹង​អតីត​ប្រធានាធិបតី​លោក Donald Trump ​ដែល​មាន​ការ​គាំទ្រច្រើនដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​ទោះ​ជា​លោក​ប្រឈម​នឹងការចោទប្រកាន់​បួន​ករណី​ពី​បទព្រហ្មទណ្ឌក៏​ដោយ។​

ដូចដែលលោក​បាន​ធ្វើ​កាលពីខែមុន​ដែរ ​លោក Trump ​បាន​ធ្វើព្រងើយ​កន្តើយ​ដោយ​មើល​ងាយ​ការជជែក​ដេញ​គ្នានេះ​ដែល​ឧបត្ថម្ភ​ដោយ​គណបក្ស​សាធារណរដ្ឋ ​ដែលនាំ​ឱ្យ​មាន​ការ​រិះគន់​បក​មក​វិញ​ពី​គូប្រជែង​ពីរ​នាក់​របស់​លោក។

អភិបាល​រដ្ឋ Florida ​លោក Ron DeSantis ​ដែល​ជា​អ្នក​ប្រជែងកៀកបំផុត​របស់​លោក​ Trump ​តែជាអ្នកមាន​ការ​គាំទ្រច្រើន​ទី ២ ​ក្នុង​ការ​ស្ទង់មតិ​ជាតិ ​បាន​និយាយថា​«លោក Donald Trump ​បាត់​ខ្លួន​ពេល​បំពេញ​បេសកកម្ម។ លោកគួរ​ស្ថិត​លើ​វេទិកា​នេះ​ដើម្បី​ឆ្លើយ​ថា​ហេតុដូច​ម្តេច​បាន​ជាលោក​បន្ថែម​បំណុលជាតិ​ចំនួន​ ៧,៨ ​លានលាន​ដុល្លារ​ទៀត‍»។​

អតីតអភិបាល​រដ្ឋ New Jersey ​លោក Chris Christi​ បាន​និយាយរិះគន់ថា ​ប្រសិនបើ​អតីត​ប្រធានាធិបតី​រូប​នេះ​បន្ត​ចៀស​វាង​មិន​ចូល​រួម​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​រវាង​ពួក​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ ​«យើង​មិន​ហៅ​លោក​ថា Donald Trump ​ទេ​ យើង​ហៅ​លោក​ថា​ Donald Duck ​វិញ‍»។

នៅ​ពេល​គូ​បដិបក្ខ​របស់​លោកចេញ​បង្ហាញ​ខ្លួន​នៅឯ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan ​ក្នុងរដ្ឋ California ​លោក​ Trump ​បាន​ជួប​ប្រជុំ​ឃោសនា​ក្នុង​រដ្ឋ Michigan ដែល​ជា​រដ្ឋ​មាន​ការប្រយុទ្ធ​ខាង​នយោបាយ​នៅ​ផ្នែក​កណ្តាល​ខាងលិច​អាមេរិកដែល​នៅ​ទី​នោះ​ក្រុម​កម្មករ​រថយន្តកំពុ​ង​ធ្វើ​កូដកម្ម​ប្រឆាំងនឹងក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ទាំង​បី​របស់​សហរដ្ឋ​អាមេរិក។

ដោយតបនឹង​ការ​អបអរ​សាទរ​ទទួល​លោក​ពីក្រុម​អ្នកគាំទ្រ​លោក ​លោក​ Trump ​បាន​ធ្វើការ​វាយប្រហារ​ភាគ​ច្រើន​ប្រឆាំងនឹង​លោក​ប្រធានាធិបតី ​Joe Biden ​ហើយ​លោក​មិន​បាន​អើពើ​នឹង​ការ​ជជែក​ដេញដោល​គ្នារបស់បេក្ខជន​ប្រធានាធិបតី​សាធារណរដ្ឋ​ឯទៀត​ទេ៕