អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបដិសេធមិនទទួលកំហុសចំពោះរាល់ការចោទប្រកាន់ ដែលថា លោកព្យាយាមផ្លាស់ប្តូរលទ្ធផលចាញ់ឆ្នោតរបស់លោកកាលពីឆ្នាំ ២០២០ នៅក្នុងរដ្ឋ Georgia ភាគខាងត្បូងសហរដ្ឋអាមេរិក។ លោកក៏បានសម្រេចមិនបង្ហាញខ្លួននៅតុលាការនៅក្នុងសំណុំរឿងនេះ ដែលត្រូវបានកំណត់ធ្វើឡើងនៅសប្តាហ៍ក្រោយ។
ការណ៍នេះមានន័យថា លោក Trump ដែលជាចុងចោទមួយក្នុងចំណោមចុងចោទទាំង ១៩ នាក់ នៅក្នុងសំណុំរឿងទុច្ចរិតនិងការជ្រៀតជ្រែកការបោះឆ្នោតនេះ នឹងមិនត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមតុលាការ លោក Scott McAfee ក្នុងស្រុក Fulton សម្រាប់ការបង្ហាញខ្លួនជាលើកដំបូង ក្នុងទីក្រុង Atlanta ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះឡើយ។ ថ្ងៃសវនាការលើសំណុំរឿងនេះ នៅមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ ប៉ុន្តែទំនងជាអាចកើតឡើងក្នុងរយៈពេលប៉ុន្មានខែខែទៀត។
សហចុងចោទរបស់លោក Trump ជាច្រើននាក់ទៀត ក៏បានបដិសេធមិនទទួលកំហុស និងលះបង់សិទ្ធិបង្ហាញខ្លួនជាផ្លូវការនៅតុលាការនេះដែរ។
លោក Trump កាលពីសប្តាហ៍មុន បានជិះយន្តហោះពីភូមិគ្រឹះរបស់លោកក្នុងរដ្ឋ New Jersey ទៅកាន់ទីក្រុង Atlanta ដើម្បីប្រគល់ខ្លួនដល់អាជ្ញាធរពន្ធនាគារស្រុក Fulton ហើយត្រូវបានចាប់ខ្លួននិងរងការចោទប្រកាន់ចំនួន ១៣ ករណី។ នៅទីនោះ លោកក៏ត្រូវបានគេឱ្យផ្តិតមេដៃ ហើយក៏បានក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី ១ ដែលត្រូវបានថតរូបពាក់កណ្តាលខ្លួន សម្រាប់កំណត់ត្រាប៉ូលិស។
លោក Trump ដែលជាបេក្ខជនប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ នាំមុខគេ ខាងគណបក្សសាធារណរដ្ឋ បានប្រើប្រាស់រូបថតមួយកំណាត់ខ្លួនដែលមានទឹកមុខក្រញូវរបស់លោកនោះ ដាក់លើអាវយឺត កែវកាហ្វេ និងរបស់របរផ្សេងៗទៀតក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីរៃអង្គាសប្រាក់។ លោកបានដាក់ចំណងជើងរូបថតពាក់កណ្តាលខ្លួននោះថា «មិនត្រូវប្រគល់ខ្លួន» បើទោះបីជារហូតមកដល់ពេលនេះ លោកបានចូលប្រគល់ខ្លួន លើករណីបទឧក្រិដ្ឋចំនួន ៤ ដែលលោកកំពុងប្រឈមរួចហើយក៏ដោយ៕