អ្នកតំណាងពិសេសរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ សម្រាប់ប្រទេសអ៊ុយក្រែន បានលាចេញពីដំណែងកាលពីថ្ងៃសុក្រ។ នេះតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានសហរដ្ឋអាមេរិក។
របាយការណ៍នោះប្រាប់ឲ្យដឹងថា លោក Kurt Volker បានចុះចេញពីដំណែងរបស់លោកបន្ទាប់ពីជួបកាលពីថ្ងៃសុក្រជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo។ ក្រសួងការបរទេសអាមេរិក មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយទេ។
លោក Volker មានឈ្មោះនៅក្នុងបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានសម្ងាត់ដែលបានបណ្តាលឲ្យមានការស៊ើបអង្កេតប្តឹងចោទប្រកាន់ប្រធានាធិបតីត្រាំទម្លាក់ពីដំណែង។បណ្តឹងនោះ បានប្រាប់ឲ្យដឹងថា លោក Volkerបានជួយរៀបចំជំនួបរវាងលោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីត្រាំ និងក្រុមមន្រ្តីអ៊ុយក្រែន។
អ្នកបញ្ចេញព័ត៌មានសម្ងាត់នោះ ចោទប្រកាន់ថា ប្រធានាធិបតីត្រាំ បានហៅទូរស័ព្ទកាលពីថ្ងៃទី២៥ ខែកក្កដា ដើម្បីស្វះស្វែងរកការជួយពីប្រធានាធិបតីថ្មីរបស់អ៊ុយក្រែនក្នុងការជីកកកាយរកព័ត៌មានអំពីលោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោក Hunter ជាកូនប្រុសរបស់លោកដែលនឹងធ្វើឲ្យប៉ះពាល់ដល់ក្តីសង្ឃឹមរបស់លោក Bidenដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនិងដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីត្រាំនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០៕