ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអំពីឥទ្ធិពលរបស់រុស្ស៊ីលើការបោះឆ្នោតស.រ.អា.កាលពីឆ្នាំទៅមិញ និងអំពីលទ្ធភាពនៃការភ្ជាប់ទាក់ទងជាមួយយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី Donald Trump បានពង្រីកដោយមានរួមបញ្ចូលទាំងការពិនិត្យមើលថាតើលោកប្រធានាធិបតីបានរាំងខ្ទប់យុត្តិធម៌ ឬទេ។
ការលាតត្រដាងនេះធ្វើឡើងកាលពីយប់ថ្ងៃពុធនៅក្នុងអត្ថបទបោះពុម្ពផ្សាយដោយកាសែត Washington Post កាសែត New York Times និង Wall Street Journal ផ្អែកលើការរៀបរាប់ដោយពួកមនុស្សដែលបានដឹងអំពីការស៊ើបអង្កេតនេះ។
សារព័ត៌មានទាំងនេះបាននិយាយថាលោក Robert Mueller រដ្ឋអាជ្ញាពិសេសគ្រោងនឹងសម្ភាសន៍លោក Dan Coats នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិ លោក Michael Rogers នាយកទីភ្នាក់ងារសន្តិសុខជាតិ និងលោក Richard Ledgett អតីតនាយកទីភ្នាក់ងារសន្តិសុខជាតិហៅកាត់ថា NSA។
បើតាមរបាយការណ៍របស់កាសែត Washington Post និង Wall Street Journal ថាលោក Ledgett បានសរសេរអនុស្សារណៈមួយពណ៌នាការហៅទូរស័ព្ទមួយរបស់ Trump ទៅកាន់លោក Coats ដែលនៅក្នុងនោះលោកប្រធានាធិបតីបានសុំឱ្យលោក Coats និយាយជាសាធារណៈថាក្រុមអ្នកឃោសនាបោះឆ្នោតឱ្យលោកមិនបានឃុបឃិតជាមួយរុស្ស៊ីទេ។
កាសែត Washington Post បានផ្សាយថា Trump បានស្នើសុំស្រដៀងគ្នានេះដែរនៅក្នុងការហៅទូរស័ព្ទមួយទៅកាន់លោក Rogers។
លោក Mark Corallo អ្នកនាំពាក្យរបស់មេធាវីផ្ទាល់ខ្លួនរបស់ Trump បាននិយាយថា «ការបន្លេចព័ត៌មានដោយ FBI ទាក់ទិននឹងលោកប្រធានាធិបតីជាការទ្រគោះយង់ឃ្នងជាខ្លាំង ជាការមិនអាចអត់ឱនឱ្យបានទេ និងជាការខុសច្បាប់ផងដែរ»។
អ្នកស្រី Ronna McDaniel ប្រធានគណៈកម្មាធិការជាតិនៃគណបក្សសាធារណរដ្ឋបានរិះគន់អត្ថបទនេះក្នុងកាសែត Washington Post ថាជា«ការចោទប្រកាន់គ្មានមូលដ្ឋាន» មួយ៕