របាយការណ៍៖ ទួរគី​នឹង​អនុញ្ញាត​ឲ្យ​ស.រ.អា.​ប្រើប្រាស់​មូលដ្ឋាន​ទ័ព Incirlik

មូលដ្ឋាន​ទ័ព​អាកាស Incirlik ក្នុង​ប្រទេស​តួកគី។

បណ្តាញ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​ និង​ទួរគី​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​លោក​ប្រធានាធិបតី Recep Tayyip Erdogan ​នៃ​ប្រទេស​ទួរគី​បាន​យល់ព្រម​ អនុញ្ញាត​ឲ្យ​យន្តហោះ​ចំបាំង​របស់​សហរដ្ឋ​អាមេរិកប្រើប្រាស់មូលដ្ឋាន​ទ័ព​អាកាស Incirlik ​ក្នុង​ប្រទេស​តួកគី​ដើម្បី​ចាប់ផ្តើម​វាយ​ប្រហារ​ទៅ​លើ​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ខាង​ក្នុង​ប្រទេស​ស៊ីរី ​ទោះបី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​ពុំ​ព្រម​ពិភាក្សា​ជា​សាធារណអំពី​សេចក្តី​លម្អិត​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មី​រវាង​ប្រទេស​ទាំង​២​ក៏​ដោយ។

សេចក្តី​រាយការណ៍​នោះ​បាន​ធ្វើ​ឡើង​ដោយ​កាសែត​ប្រចាំ​ថ្ងៃ Hurriyet របស់​ទួរគីហើយ​និង​កាសែត The Wall Street Journal និង​កាសែត The New York Times នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា ​កិច្ច​ព្រមព្រៀង​នោះ​បាន​ធ្វើ​ឡើង​ជា​ចុងក្រោយ​ក្នុង​អំឡុង​ពេល​នៃ​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ​រវាង​លោក​ប្រធានាធិបតី Erdogan និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា។

លោក Josh Earnest អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា ​លោក​មិន​អាច​ឆ្លើយ​សំណួរ​ដោយ​ផ្ទាល់​អំពី​មូលដ្ឋាន​ទ័ព​អាកាស Incirlikនោះ​ទេ ​ពី​ព្រោះ​តែ​ការ​ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រតិបត្តិការ​សន្តិសុខ។

ក៏ប៉ុន្តែ ​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា មេដឹកនាំ​ទាំង​២​បាន​សន្យា​បង្កើន​កា​រប្រយុទ្ធ​របស់​ប្រទេស​ទាំង​២​ប្រឆាំង​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ដើម្បីលើក​កម្ពស់​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិសុខ​ និង​ស្ថិរ​ភាពដល់​ប្រទេស​អ៊ីរ៉ាក់ហើយ​និង​ដំណោះ​ស្រាយ​ខាង​នយោបាយ​ដល់​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​មិន​បាន​និយាយ​ដល់​ការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​អាកាស Incirlik ទេ ​ក៏ប៉ុន្តែ ​សេចក្តី​ថ្លែងការណ៍​នោះ​បាន​និយាយ​ថា ​លោក​អូបាម៉ា​ និង​លោក Erdogan បាន​ពិភាក្សា​ពី​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​ទប់​ស្កាត់​លំហូរ​របស់​ពួក​អ្នក​ប្រយុទ្ធ​បរទេសហើយ​និង​ការពារ​ព្រំ​ដែន​ប្រទេស​ទួរគី​ជាមួយ​ប្រទេស​ស៊ីរី៕