ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ពាធ​​​កាន់​​តែ​​កើន​ឡើង​​ចំពោះ​​ផល​​ប្រយោជន៍​​សេដ្ឋកិច្ច​​​របស់​​កងទ័ព​​ទួកគី


ពលរដ្ឋ​ទួកគី​លើកទង់ជាតិ​តវ៉ា​នៅ​ទីក្រុង​អង់ការ៉ា។
ពលរដ្ឋ​ទួកគី​លើកទង់ជាតិ​តវ៉ា​នៅ​ទីក្រុង​អង់ការ៉ា។
ប្រែសម្រួលដោយ៖​ លី​ សុខ​ឃាង
គណបក្ស​យុត្តិធម៌​និងការអភិវឌ្ឍន៍(Justice and Development Party) ដែលកំពុងគ្រប់គ្រងអំណាច​របស់​ប្រទេស ទួកគី (Turkey) បានបង្ខំ​ឲ្យ​កង​ទ័ពដែល​ធ្លាប់​មានឥទ្ធិពល​យ៉ាង​ខ្លាំង ចូលទៅក្នុង​បន្ទាយ​ទាហាន​វិញ និង​ចាកចេញ​ពីជីវិត​នយោបាយ​។ Dorian Jones រាយការណ៍​ពីទីក្រុង អ៊ីស្តង់ប៊ុល (Istanbul) មកថា​ ឥឡូវនេះ ផលប្រយោជន៍មុខជំនួញ​ដ៏ច្រើន​គួរឱ្យ​ចាប់អារម្មណ៍របស់​កងទ័ព​ កំពុង​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​កាន់តែខ្លាំងឡើង។
នៅក្នុង​ប្រទេស ទួកគី ទោះបីជា​អ្នកទិញ​ស្ករសូកូឡា​មួយដុំ ប័ណ្ណធានារ៉ាប់រ៉ង ផ្ទះមួយ ឬ​រថយន្ត​មួយ​ក្តី ទាំងអស់នេះ​ទំនង​ជា​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹងមូលនិធិ OYAK ដែលជា​មូលនិធិ​ជំនួយ​និង​ជា​ប្រាក់​សោធននិវត្តរ៍របស់​កងកម្លាំង​ប្រដាប់​អាវុធ ទួកគី (Turkish Armed Forces Assistance and Pension Fund)។
លោក ឡាល៍ កេម៉ាល់ (Lale Kemal) អ្នកជំនាញ​ខាងយោធា​និងជា​នាយក​ការិយាល័យ​កាសែត ថារ៉ាហ្វ (Taraf) នៅ​ទីក្រុង​អង់ការ៉ា (Ankara) ថ្លែងថា​មូលនិធិ OYAK ជា​កេរ្តិ៍​ដំណែលនៃអតីតកាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​យោធារបស់ប្រទេស​នេះ។
«វានៅ​តែ​ជាស្ថាប័នដ៏ចម្លែកនិងគ្មានការ​ទទួលខុសត្រូវដដែល។ វា​ដូចជា​យុគសម័យចាស់របស់​បណ្តាប្រទេស​នៅ​ទ្វីប អាមេរិកឡាទីន ឬ​នៅក្នុង​ប្រទេសចិន ឬក្នុង​ប្រទេស អេហ្ស៊ីប ដែល​គ្មានជាប់​ពាក់​ព័ន្ធ​ជាមួយនីតិរដ្ឋ​ ឬលទ្ធិប្រជាធិបតេយ្យ​ទាល់តែ​សោះ។»
ប៉ុន្តែ​ឥឡូវនេះ ​ការរកស៊ី​របស់​មូលនិធិ OYAK កំពុង​ស្ថិតនៅក្រោម​ការ​ត្រួតពិនិត្យ​ខាង​នយោបាយកាន់តែខ្លាំងឡើង។ កាលពីខែ​មុន លោក ហ៊ូសេអ៊ីន សឺលីក (Huseyin Celik) ដែលជា​អ្នកនាំពាក្យ​របស់​គណបក្ស​យុត្តិធម៌​និងការ​អភិវឌ្ឍន៍ បានប្រកាសថា រដ្ឋ​សភា​នឹង​ស៊ើបអង្កេតអំពី «អត្ថិភាព​និងតួនាទី»​ របស់មូលនិធិសោធននិវត្តរ៍។
នៅក្រោមច្បាប់​របស់គណបក្ស​យុត្តិ​ធម៌​និងការ​អភិវឌ្ឍន៍ មួយភាគ​ប្រាំនៃ​ឧត្តម​សេនីយ​ទាំង​អស់របស់ប្រទេសនេះ កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​លំបាក​ក្នុង​ពន្ធនាគារ ទទួល​ការកាត់​ទោស​ ឬ​រង់​ចាំ​ការ​កាត់​ទោស ចំពោះ​ការចោទ​ប្រកាន់ផ្សេងៗពី​បទ​រៀប​ចំ​ផែនការធ្វើ​រដ្ឋ​ប្រហារ។ ​ការ​ស៊ើប​អង្កេត​ដែលមិន​ធ្លាប់​មាន​ពីមុន​មក​របស់ប្រ​ទេស​នេះ ​បាន​រុញ​កងទ័ព​ចេញ​ពី​ឆាក​នយោបាយ។
ប៉ុន្តែ លោក សិនហ្សិក អាកតារ (Cengiz Aktar) អ្នកវិទ្យាសាស្ត្រ​នយោបាយ នៅ​ឯសាកល​វិទ្យាល័យបាសេសហៀរ​ (Bahcesehir University) នៅទីក្រុង​អ៊ីស្តង់​ប៊ុល ថ្លែងថា​ វិធានការ​តទល់​ជាមួយ​នឹងអំណាច​សេដ្ឋកិច្ច​របស់កង​ទ័ព គឺជាកិច្ច​ការ​សំខាន់។​
«ការ​ធ្វើ​មិនឲ្យ​មានកម្លាំង​យោធា គឺជា​ដំណើរការ​មួយ​យ៉ាង​វែង។ ប្រសិនបើ​គ្មាន​ការលុបបំបាត់​នូវ​បុព្វសិទ្ធិ​ផ្នែក​ហិរញ្ញវត្ថុ​និង​ផ្លូវ​ច្បាប់​របស់កង​ទ័ព​ទេ យើង​នឹង​មិនមាន​ដំណើរការដ៏ល្អ​ឥតខ្ចោះ​ដើម្បីធ្វើ​ឲ្យ​គ្មាន​យោធា​នោះទេ។»
ក្រុម​មន្ត្រី​កងទ័ព​ ​បានបង្កើត​មូលនិធិ​ OYAK ឡើង​នៅក្នុង​ឆ្នាំ​១៩៦១​ជាច្រើន​ខែ​បន្ទាប់​ពីរដ្ឋ​ប្រហារ​យោធា​លើកដំបូង​របស់​ប្រទេស​នេះ​ ដើម្បី​ផ្តល់​ប្រាក់​សោធននិវត្តរ៍​ទៅ​ឲ្យក្រុម​ទាហាន​ដែល​បម្រើ​ការងារ​ទាំងអស់​។​
នៅក្នុង​រយៈពេលប៉ុន្មានឆ្នាំ​នេះ មូលនិធិ​សោធននិវត្តរ៍​ មានការ​កើន​ឡើង​យ៉ាង​ខ្លាំង។ ​បើយោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០០៩​របស់​មូលនិធិ​នេះ មូលនិធិបាន​ជួលមនុស្សជិត​៣ម៉ឺននាក់ ហើយ​មាន​ទ្រព្យ​សម្បតិ្ត​ ដែលមាន​តម្លៃ​ជាង​១៥​ពាន់លាន​ដុល្លារ ដោយ​ពង្រីកទៅ​ក្នុង​ក្រុម​ហ៊ុន​ចំនួន​៦០។ នៅ​ឆ្នាំនេះ​ ​រថយន្តចំនួន​៤​លានគ្រឿង​ ​ត្រូវបាន​បញ្ចេញ​ពី​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​មូលនិធិ​ OYAK នៅក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ ដែលកើត​មាន​ចាប់​តាំង​ពី​ឆ្នាំ​១៩៧១មក​ម៉្លេះ។
ទោះជា​ក្រុម​ប្រឹក្សា​អ្នក​តំណាង​ក្រុម​ហ៊ុន និង​សមាជិក​គណៈ​នាយក (general assembly) ត្រូវ​គ្រប​ដណ្តប់​ដោយសមាជិក​យោធា​ជាន់​ខ្ពស់​ចូលនិវត្តន៍​ក៏ដោយ ក៏​មូលនិធិ OYAK និយាយថា ខ្លួន​មិន​មែន​ជា​ផ្នែក​មួយ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ។
លោក ចារ៉េត ចេនគីន (Gareth Jenkins) អ្នក​វិភាគ​យោធាទួកគី គូសបញ្ជាក់​ថា ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​មូលនិធិ OYAK បាន​រាលដាល​ទៅដល់ក្រុម​មន្ត្រីដែល​មិនមែន​ជាយោធា។ តុលាការសិទ្ធិ​មនុស្ស​អឺរ៉ុប (European Court of Human Rights) កំពុង​ពិចារណារឿង​ក្តី​ប្រឆាំង​នឹង​មូលនិធិ​ OYAK ដែលធ្វើ​ឡើង​ដោយក្រុម​មន្ត្រី​ដែល​មិនមែន​ជា​យោធា ដែល​ស្វែង​រកតំណាង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​របស់​ក្រុម​ហ៊ុន។
«​ខ្ញុំ​គិត​ថា បញ្ហា​សម្រាប់មូលនិធិ OYAK គឺថា ​ OYAK​ កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទីភ្នាក់ងារផ្តល់​ការ​ងារសម្រាប់​ក្រុម​ឧត្តម​សេនីយ៍​ចូលនិវត្តន៍​។ ប្រជា​ពលរដ្ឋដែល​ត្រូវ​ការ​មូលនិធិ OYAK ដើម្បី​ធ្វើការ​ខ្លាំង​ក្លា​បំផុត​នោះ គឺ​ក្រុម​មន្ត្រី​ដែល​មិនមែន​ជា​យោធា និង​ក្រុម​មន្ត្រី​ថ្នាក់​ទាប។ ​ ជា​ជំនួស មូលនិធិ OYAK កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​សំខាន់ ដើម្បី​ផល​ប្រយោជន៍​របស់​ក្រុម​មន្ត្រី​មាន​ឋានន្តរ​សក្តិ​ខ្ពស់»។
បញ្ហា​ធំ​ខាង​ផ្លូវ​ច្បាប់​ ក៏​កំពុងតែ​ប្រឈម​ជាមួយនឹង លោក យ៉ីលឌីរីម ធឺឃើ (Yildirim Turker) ដែលជា​ប្រធាន​មូលនិធិ OYAK។ ឧត្តមសេនីយ៍ឯក ដែល​ចូលនិវត្តរ៍រូបនេះ ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្វី​ដែល​ត្រូវបានហៅ​ថា «រដ្ឋ​ប្រហារ​ទន់​ភ្លន់» នៅ​ឆ្នាំ​១៩៩៧ ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាលដែល​ដឹក​នាំ​ពួក​អ៊ីស្លាម​ ចេញពី​ដំណែង។
អ្នក​វិភាគ​ ចេនគីន ថ្លែងថា ​ដោយ​ក្រុម​កងទ័ព​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​ខាង​នយោបាយ និង​នៅក្រោម​ប្រព័ន្ធ​តុលាការ​ដែល​កាន់តែខ្លាំង​ឡើង ការ​ផ្លាស់ប្តូរ​នៅក្នុង​មូលនិធិ OYAK ទំនង​ជា​អាច​កើត​មាន។​
«​ប្រសិន​បើ​ក្រុម​ហ៊ុនទាំងឡាយ​ត្រូវបាន​ដកហូត​ពី​ពួកយោធា មូលនិធិ​សោធននិវត្តន៍​និង​ទ្រព្យ​សម្បត្តិ​ទាំងនោះ នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ភាព​ស្និទ្ធិ​ស្នាល​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច។ ជាទូទៅ បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន ដែល​យើង​បាន​ឃើញ​នៅ​ប្រទេស ទួកគី នៅក្នុង​ប៉ុន្មាន​ឆ្នាំកន្លងទៅ​នេះ​គឺ​ថា ប្រព័ន្ធ​នេះនៅ​តែ​ដដែល​ ប៉ុន្តែក្រុម​អ្នក​ដឹកនាំ​ឆ្នើមៗ​ដែល​កំពុង​កាន់​អំណាច​ មាន​ការ​ផ្លាស់​ប្តូរ»។
ក្រុម​អ្នករិះគន់​ទៅលើ​អំណាច​កងទ័ព​នៅក្នុង​ប្រទេស ​ទួកគី និយាយថា កំណែទម្រង់​មូលនិធិ OYAK មាន​សារសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​លែង​មាន​យោធា​ដែល​កំពុង​តែបន្តរបស់​ប្រទេស​នេះ ហើយ​សំខាន់សម្រាប់​អនាគតនៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។ អ្នកកាសែតរបស់​ក្រសួង​ការពារ​ជាតិ​ លោក កេម៉ាល់ ថ្លែងថា៖
«​ការ​ពិត​ដែល​ថា​មូលនិធិ OYAK គ្មាន​ការ​ទទួល​ខុស​ត្រូវ​ និង​មិនអាច​ប៉ះពាល់​បាន ប្រាប់​យើង​ថា ប្រទេស ទួកគី ស្ថិត​នៅលើ​ផ្លូវ​ដ៏វែង​ឆ្ងាយ​ទៀត ដើម្បីបញ្ចប់ប្រព័ន្ធ​គ្រប់​គ្រង​របស់យោធា​ និង​ដើម្បី​ធានា​ឲ្យបាន​នូវ​ការ​គ្រប់គ្រង​ដ៏ពេញ​លេញ​របស់​ស៊ីវិល​ទៅលើ​កងកម្លាំង​ប្រដាប់​អាវុធ​របស់ខ្លួន»។​
​ការ​គ្រប់​គ្រង​យ៉ាង​ពេញ​លេញ​របស់ស៊ីវិលទៅ​លើ​កងទ័ព គឺ​ជា​ការ​ទាមទារ​យ៉ាង​សំខាន់មួយ​របស់​សហភាព​អឺរ៉ុប​ ដែល​រដ្ឋាភិបាលទីក្រុង​អង់​ការ៉ា​ កំពុង​ស្វះស្វែង​ដើម្បី​ចូលរួម​។ ប៉ុន្តែ​ សេចក្តី​ថ្លែង​ការណ៍នៅលើ​គេហទំព័រ​អ៊ីនធឺណែត​របស់​មូលនិធិសោធននិវត្តន៍ បដិសេធ​ការ​រិះ​គន់​បែបនេះ ដោយ​និយាយថា​ មូលនិធិ​នេះ​គឺ​ជន​រងគ្រោះនៃ​យុទ្ធនាការផ្តល់​ព័ត៌មាន​មិន​ពិត។ ក្រុម​អ្នក​សង្កេតការណ៍​ថ្លែងថា ដោយសារ​អំណាច​នយោបាយ​របស់​ក្រុម​យោធា​ បានចុះ​ខ្សោយ​ សម្ពាធ​ទៅ​លើ​កំណែទម្រង់​របស់​មូលនិធិ OYAK ទំនង​ជា​រីកចំរើនឡើង​ដែរ៕
XS
SM
MD
LG