របាយការណ៍​និយាយ​ថា​អ្នក​សារព័ត៌មាន​អារ៉ាប៊ី សាអូឌីត Jamal Khashoggi ប្រហែល​ជា​ថត​​វីដេអូ​ខ្លួន​ឯង​ស្លាប់

សកម្មជន​សិទ្ធិមនុស្ស​កាន់​រូប​អ្នកសារព័ត៌មាន​សាអូប៊ី អារ៉ាប៊ី Jamal Khashoggi អំឡុង​បាតុកម្ម​មួយ​​នៅ​ខាងក្រៅស្ថានកុងស៊ុល​សាអូប៊ីនៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​កាលពី​ថ្ងៃទី​០៩ ខែ តុលា ឆ្នាំ ២០១៨។ Istanbul, Turkey, Oct. 9, 2018.

របាយការណ៍​ព័ត៌មាន​នានា​និយាយ​ថា​អ្នក​សារព័ត៌មាន​អារ៉ាប៊ី សាអូឌីត Jamal Khashoggi ប្រហែល​ជា​បាន​ថត​សំឡេង​ពេល​លោក​ស្លាប់តាម​នាឡិកា Apple របស់​លោក នៅពេល​ដែល​លោក​បាន​ដើរ​ចូល​ស្ថាន​កុង​ស៊ុល​អារ៉ាប៊ី សាអូឌីត កាល​ពី​ថ្ងៃ​ទី២​តុលា នៅ​ពេល​ដែល​លោក​ទៅ​ទី​នោះ​ដើម្បីយក​ឯកសារ​មួយ​ដែល​លោក​ត្រូវ​ការ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​លោក​នៅ​ពេល​ខាង​មុខ។

នាឡិកា​របស់​លោក​ត្រូវ​គេ​រាយការណ៍​ថា​បាន​ភ្ជាប់​ទៅ​ iCloud ​និង​ទូរសព្ទ iPhone ដែល​លោក​ទុក​ឲ្យគូ​ដណ្តឹង​របស់​លោក​កាន់ មុន​ពេល​លោក​ដើរ​ចូល​ក្នុង​ស្ថាន​កុង​ស៊ុល។ គូដណ្តឹង​របស់​លោក​និយាយ​ថាអ្នក​ស្រី​បាន​រង់​ចាំ​លោក Khashoggi ​ចេញ​មក​វិញ ប៉ុន្តែ​លោក​មិន​បា​នចេញ​ពី ស្ថាន​កុង​ស៊ុល​វិញឡើយ។

របាយការណ៍​ទាំង​ឡាយ​និយាយ​ថានាឡិកា​នោះ បាន​ថត​មិន​ត្រឹម​តែការ​សួរ​ចម្លើយ​និង​ការ​ធ្វើ​ទារុណ​កម្ម​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ការ​ធ្វើឃាត​លោក​ផង។

លោក Khashoggi ​ដែលជា​អ្នក​មានសិទ្ធិ​រស់​នៅ​ក្នុង​ស.រ.អា.​នោះ បាន​សរសេរ​ខ្ទង់​កាសែត​ The Washington Post ​ដែល​រិះ​គន់​ប្រទេស​អារ៉ាប៊ី សាអូឌីត​នោះ។

លោក​ប្រធានាធិបតី​ស.រ.អា. ​Donald Trump ​បាន​សន្យាថា​នឹង​ទូរសព្ទ​ទៅ​ព្រះ​មហាក្សត្រ ​Salman នៃ​ប្រទេស​អារ៉ាប៊ី សាអូឌីត ដើម្បី​ពិភាក្សាអំពី​អ្វី​ដែល​លោក​ត្រាំ​បាន​ហៅ​ថា ជា​ស្ថានការណ៍ដ៏​អាក្រក់​នៅ​ក្នុង​ប្រទេស​តួគី។ លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រុង Cincinnati ​រដ្ឋ Ohio ថា​ស.រ.អា.​នឹងស្វែង​រក​ឲ្យ​ឃើញ​ថា​តើមាន​រឿង​អ្វី កើតឡើង​ចំពោះលោក Khashoggi។

លោក​ប្រធានាធិបតី Donald Trump ​បាន​រាយការណ៍​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​រដ្ឋាភិបាល តួគីបាន​ប្រាប់​ក្រុ​ម​មន្ត្រី​ស.រ.អា.​ថាខ្លួន​មាន​វីដេអូ​ដែល​បង្ហាញ​ថា​លោក​ Khashoggi ​ត្រូវ​គេ​សម្លាប់​ក្នុង​ស្ថាន​កុង​ស៊ុល៕