សេចក្តីរាយការណ៍​នានា​ថា​ជំនួយការ​សំខាន់​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ស្វះស្វែង​ដើម្បី​បាន​តំណែង​មេបក្ស

លោក Yoshihide Suga រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើរ​ទៅ​ចូលរួម​ក្នុង​សន្និសីទ​កាសែត​របស់​លោក​នាយករដ្ឋមន្ត្រី Shizo Abe នៅ​ក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

បណ្តាញ​សារព័ត៌មាន​នានា​របស់​ជប៉ុន​រាយការណ៍​ថា លោក Yoshihide Suga រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នឹង​ស្វះស្វែង​រក​ការគាំទ្រ​ដើម្បី​ស្នងតំណែង​លោក Shinzo Abe សម្រាប់​មុខ​តំណែង​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ជប៉ុន។

គេរំពឹង​ថា​លោក Suga នឹង​ប្រកាស​នៅ​សប្តាហ៍​នេះ​ថា លោក​នឹង​ស្វះស្វែង​ឱ្យ​បាន​កាន់​មុខ​តំណែង​ជា​មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម ដែល​ជា​គណបក្ស​កាន់​អំណាច។ បេក្ខជន​ដទៃ​ទៀត​ដែល​គេ​រំពឹង​ថា​នឹង​ប្រកួត​យក​តំណែង​នេះ​ដែរ​គឺ​រួមមាន​លោក Shigeru Ishiba អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​លោក Fumio Kishida អតីត​រដ្ឋមន្ត្រី​ការបរទេស។

បើ​យោង​តាម​ប្រព័ន្ធ​សភា​និយម​របស់​ប្រទេស​ជប៉ុន គណបក្ស​កាន់​អំណាច​ជា​អ្នក​ជ្រើសរើស​បេក្ខជន​ម្នាក់​ឱ្យ​កាន់​តំណែង​នាយករដ្ឋមន្ត្រី ហើយ​តាម​ធម្មតា​គឺ​ប្រធាន​គណបក្ស។

ការ​ស្ទង់​មតិ​មួយ​លើ​ពលរដ្ឋ​ទូទៅ​ដែល​រៀបចំ​ដោយ​សារព័ត៌មាន Kyodo បង្ហាញ​ថា ៣៤ ភាគរយ​នៃ​អ្នក​ដែល​គេ​បាន​សួរ​ចង់​បាន​លោក Ishiba ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់ ដោយ​លោក Suga នៅ​ជាប់​លំដាប់​លេខ​ពីរ​ដោយ​ដាច់​ឆ្ងាយ​ព្រោះ​ទទួល​បាន​ការ​គាំទ្រ​ចំនួន ១៤ ភាគរយ។ លោក Ishiba បាន​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក Abe ដើម្បី​ធ្វើ​ជាប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម ក្នុង​ការ​បោះឆ្នោត​ផ្ទៃ​ក្នុង​បក្ស​កាល​ពី​ឆ្នាំ ២០១៨ ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ។

ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ​និយាយ​ថា លោក Suga ទំនងជា​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ក្នុង​ចំណោម​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស ហើយ​លោក​អាច​នាំ​មុខ​គេ​ប្រសិនបើ​ការ​បោះឆ្នោត​កំហិត​ត្រឹម​ក្រុម​អ្នក​តំណាងរាស្ត្រ​និង​មន្ត្រី​គណបក្ស។

ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំនេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៤ ខែ​កញ្ញា។

លោក Abe បាន​ប្រកាស​លា​ឈប់​ពី​តំណែង​កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន គឺ​នៅមុខ​ពេល​ផុត​អាណត្តិដែល​នឹង​ត្រូវ​មក​ដល់​ក្នុង​រយៈពេល ១ ឆ្នាំ​ទៀត៕