ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី Shinzo Abe នឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺ COVID-19។
ប្រភពនានាបានបញ្ជាក់ថា លោក Abe ត្រូវគេរំពឹងថានឹងប្រកាសអំពីគម្រោងនេះនៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយនឹងក្រុមការងារពិសេស ដែលបានបង្កើតឡើងដើម្បីដោះស្រាយវិបត្តិនេះ។ ការប្រកាសផ្លូវការសម្រាប់ទីក្រុងតូក្យូ និងទីក្រុងអូសាកានឹងចូលជាធរមាននៅថ្ងៃអង្គារស្អែក។
ការប្រកាសនេះនឹងផ្ដល់អំណាចផ្លូវច្បាប់ដល់អាជ្ញាធរមូលដ្ឋានឲ្យអំពាវនាវដល់ពលរដ្ឋជប៉ុនឲ្យស្នាក់នៅក្នុងផ្ទះ និងស្នើសាលារៀន និងកន្លែងអាជីវកម្មនានាឲ្យបិទដំណើរការ។ រដ្ឋធម្មនុញ្ញប្រទេសជប៉ុន ដែលផ្ដល់តម្លៃខ្លាំងដល់សេរីភាពពលរដ្ឋ មិនបានផ្ដល់អំណាចដល់រដ្ឋាភិបាលនៅក្នុងការដាក់កំហិតការនៅដាច់ដោយឡែកពីគេដែលត្រូវតែធ្វើតាមនោះទេ។
លោក Abe បានស្ទាក់ស្ទើរនៅក្នុងការប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ន ប៉ុន្តែមើលទៅលោកទំនងជានឹងធ្វើដូច្នេះ បន្ទាប់ពីទីក្រុងតូក្យូបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ១៤៣ ករណីទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាចំនួនដ៏ច្រើនបំផុតក្នុងពេលមួយថ្ងៃ ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងតូក្យូកើនលើស ១ ពាន់នាក់។
នៅទូទាំងប្រទេសជប៉ុន មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣ ពាន់ ៥ រយនាក់ ដែលក្នុងនោះមានអ្នកស្លាប់ជាង ៧០ នាក់៕