អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បរិហារ​ការដក​អាជ្ញាបណ្ណ​សារព័ត៌មាន​ថា​ជា​ការរំលោភ និង​គំរាម​សិទ្ធិ​យ៉ាង​គឃ្លើន

រូប​ឯកសារ៖ លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ថ្លែង​អំពី​ចំណាត់​ការ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​នៅកម្ពុជា​នៅក្នុង​សន្និសីទ​សារព័តមាន​ នៅថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ២០១៧។​ (ហ៊ាន សុជាតា/VOA)

វិធានការ​របស់​ក្រសួង​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​ ដែល​បាន​សម្រេច​មិន​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ដំណើរ​ការ​អង្គភាព​ផ្សព្វផ្សាយ​ព័ត៌មាន​អនឡាញ​ចំនួន​៣ ​បាន​រង​ការ​រិះគន់​ ពី​សំណាក់​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders)​ ហៅ​កាត់​ថា​ RSF ​ ដែល​បាន​ចាត់​ទុក​ការ​សម្រេច​របស់​ក្រសួង​នោះ​ ថា​ជា​ការ​រំលោភ​បំពាន​និង​គំរាម​លើ​សេរីភាព​ផ្សព្វផ្សាយ​ព័ត៌មាន។​

អង្គភាព​សារ​ព័ត៌មាន​ទាំង​៣​ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​សម្រេច​មិន​បន្ត​អាជ្ញា​បណ្ណ​អាជីវកម្ម​នោះ​ រួមមាន​អង្គភាព​សារ​ព័ត៌មាន​ Bayongtimes (www.bayongtimes.com) ​អង្គភាព​សារព័តមាន​កម្ពុជា​ថ្ងៃ​នេះ​ (www.cambodiatoday.news) ​និង​អង្គភាព​សារ​ព័ត៌មាន​ KCTV។ ​នេះ បើ​តាម​លិខិត​របស់​រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន ​លោក​ សុខ ប្រសិទ្ធ។

បើ​តាម​លិខិត​របស់​លោក​ សុខ ប្រសិទ្ធ​ ចុះ​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​ អង្គភាព​ព័ត៌មាន​ខាង​លើ ​ត្រូវ​បាន​ក្រសួង​ចោទ​ថា​ «បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បំពាន​លើ​ក្រម​សីលធម៌​ វិជ្ជាជីវៈ​សារ​ព័ត៌មាន​ និង​កិច្ច​សន្យា​អាជីវកម្ម​ដែល​សាមី​ខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន»។​

នៅ​ក្នុង​ថ្លែង​ការណ៍​របស់​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ ចុះ​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០២២ ​នេះ​ ​អង្គភាព​ព័ត៌មាន​ទាំង​៣​នោះ​ មិនទទួល​បាន​សេចក្តី​ដាស់​តឿន​ជា​មុន​ និង​គ្មាន​លទ្ធភាព​តវ៉ា។​

សេចក្តី​ថ្លែង​ការណ៍ ​បាន​ស្រង់​សម្តី​របស់​លោក ​Daniel Bastard​ នាយក​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ (RSF)​ ​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តាម​អត្ថន័យ​ដើម​ថា៖​ «ការ​សម្រេច​ដក​ហូត​អាជ្ញាបណ្ណ​របស់​ Bayongtimes​ សារ​ព័ត៌មាន​កម្ពុជា​ថ្ងៃ​នេះ​ និង​សារ​ព័ត៌មាន ​KCTV​ គឺ​ជា​ការ​រំលោភ​សេរីភាព​ចេញ​ផ្សាយ​ព័ត៌មាន​ ហើយ​មិន​អាច​ទទួល​យក​បាន​ទេ និង​មិន​ដូច​អ្វី​ដែល​បាន​លើក​តម្កើង​ នៅ​ក្នុង​មាត្រា​៤១ ​នៃ​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជាទេ»។​

លោក​បន្ថែម​ថា៖ ​«នេះ​ គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​គឃ្លើន​ ហើយ​យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ស្តារ​ឡើង​វិញ​ជា​បន្ទាន់​នូវ​អាជ្ញា​បណ្ណ​ចេញ​ផ្សាយ​ព័ត៌មាន​ជូន​អង្គភាព​សារ​ព័ត៌មាន​ទាំង​បី​នោះ។ ​សេរីភាព​សារ​ព័ត៌មាន​ មិន​ត្រូវ​រង​គ្រោះ​ដោយ​សារ​សកម្ម​ភាព​របស់​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន​នោះ​ទេ»។​

ចាងហ្វាង​គេហ​ទំព័រ​កម្ពុជា​ថ្ងៃ​នេះ​ លោក​ ទូច យុទ្ធា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា ការ​សម្រេច​របស់​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ព័ត៌មាន​មួយ​រូប​ដែល​បាន​ចេញ​លិខិត​មិន​បន្ត​អាជ្ញា​បណ្ណ​ឱ្យ​អង្គភាព​ព័ត៌មាន​របស់​លោក​នោះ​ មិន​តំណាង​ឱ្យ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ទាំង​មូល​ទេ។​

បើ​តាម​លោក​ ទូច​ យុទ្ធា​ ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ លិខិត​របស់​លោក ​សុខ ប្រសិទ្ធ​ កើត​មាន​ឡើង​ ក្រោយ​ពេល​អង្គភាព​ព័ត៌មាន​របស់​លោក​ចេញ​ផ្សាយ​ព័ត៌មាន​មួយ ​កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ដេញ​ថ្លៃ​ផ្គត់​ផ្គង់​សម្ភារៈ​ការិយាល័យ​នៅ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ដែល​មន្ត្រី​រាជការ​ក្រសួង​នេះ ត្រូវ​សង្ស័យ​ថា​ បាន​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​

លោក​បន្ថែម​ថា​ ​មាន​មន្ត្រី​ក្រសួង​ព័ត៌មាន​មួយ​រូប​ទៀត​ បាន​ស្នើ​សុំ​លោក​ជាច្រើន​លើក ​ច្រើន​សា​ឱ្យ​ទម្លាក់​រឿង​នោះ​ចេញ។​ ប៉ុន្តែ​ លោក​មិន​យល់​ព្រម​ឡើយ។​

យ៉ាងណា​ក៏​ដោយ​ ក្រោយ​មក​ ដោយ​មិន​ចង់​មាន​បញ្ហា​វែង​ឆ្ងាយ​លោក​ យុទ្ធា ​ក៏​សម្រេច​ទម្លាក់​រឿង​ដែល​ផ្សាយ​ជា​វីដេអូ​នោះ​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌មាន​របស់​លោក។​

លោក​និយាយ​ថា៖ ​«ខ្ញុំ​ដើម្បី​កុំ​ឱ្យ​វែង​ឆ្ងាយ​ ក៏​ជា​មនោ​សញ្ចេតនា​មួយ​ផង​ ខ្ញុំ​ក៏​សុខ​ចិត្ត​ទម្លាក់​ចោល​ទៅ​តាម​ការ​សំណូម​ពរ​របស់​គាត់​ទៅ។​ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា​ ឱ្យ​ខ្ញុំ​សម្រប​សម្រួល​បញ្ចប់​រឿង​ហ្នឹង​ ហេតុ​អី​ក៏​ថ្ងៃ​…​ រហូត​មក​ដល់​ថ្ងៃ​ទី​១៥​ មីនា​ លោក​ សុខ ប្រសិទ្ធ​ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ហ្នឹង​ គាត់​ចេញ​លិខិត​មួយ​បញ្ចប់​អាជ្ញា​បណ្ណ​ខ្ញុំ?»​

ចាង​ហ្វាង​គេហ​ទំព័រ​កម្ពុជា​ថ្ងៃ​នេះ ​លោក ​ទូច យុទ្ធា​ បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​ក្រសួង​ព័ត៌មាន​ដែល​លោក​ចាត់​ទុក​ថា​ ជា​ការ​សម្រេច​របស់​បុគ្គល​មួយ​ចំនួន​ដែល​បាន​ប្រើ​ប្រាស់​តួនាទី​មិន​ត្រឹម​ត្រូវ​ មក​រាំង​ខ្ទប់​ដំណើរ​ការ​អង្គភាព​ព័ត៌មាន​របស់​លោក។​

លោក​បន្ថែម​ថា៖ ​«ខ្ញុំ​ចង់​ដើរ​តួនាទី​ជា​អ្នក​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​ពិត។ ​បើអ៊ីចឹង​ បើសិន​ជា​មាន​រាល់​ការ​ដាក់​ចេញ​ផ្សាយ​ទៅ​ព័ត៌មាន​ដែល​ផល​ប៉ះពាល់​ ឧទាហរណ៍​ថា ​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​ជាតិ។ ​អ៊ីចឹង​គួរតែ​ពិនិត្យ​ពិចារណា​ឡើង​វិញ ​ព្រោះ​ខ្ញុំ​ការពារ​លុយ​ជាតិ​តើ! ​...​ប៉ុន្តែ​កន្លង​មក​តែង​តែ​ចុះ​ផ្សាយ​រឿង​ពាក់​ព័ន្ធ​រឿង​ក្តៅៗ។ ​ អ៊ីចឹង​ ប៉ះពាល់​ដល់​មន្ត្រី​ អភិបាល​ខេត្ត​ ប្រធាន​មន្ទីរ​ពាក់​ព័ន្ធ​ផ្សេងៗ​ តែង​តែ​មាន​គេ​ទូរសព្ទ​ទៅ​សុំ​ទម្លាក់​ចោល​ អ៊ីចឹង​…​ មន្ត្រី​មួយ​ចំនួន​នៅ​ក្រសួង​ព័ត៌មាន​ហ្នឹង។ ​អ៊ីចឹង​ គឺ​ចង់​មិន​ចង់​ គឺ​ប៉ះ​ពាល់​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ផ្សព្វផ្សាយ​ព័ត៌​មាន​ពិត»។

យ៉ាង​ណា​ក្តី ​លោក​នៅ​សង្ឃឹម​ថា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ​ នឹង​ពិចារណា​ផ្លាស់​ប្តូរ​សេចក្តី​សម្រេច​របស់​ក្រសួង ​ដើម្បី​អនុញ្ញាត​ឱ្យ​គេហ​ទំព័រ​ព័ត៌មាន​របស់​លោក ​បាន​ដំណើរ​ការ​ចេញ​ផ្សាយ​ព័ត៌មាន​ដូច​ដើម​វិញ។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ចាង​ហ្វាង​គេហ​ទំព័រ​ Bayongtimes​ និង​សារព័ត៌មាន​ KCTV​ ប៉ុន្តែ​ មិន​ទាន់​ទាក់​ទង​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​អង្គារ​នេះ។ វីអូអេ​ ក៏​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​គឺលោក ​មាស សុភ័ណ្ឌ​ បាន​ដែរ​នៅ​ថ្ងៃ​អង្គារ​ដដែល​នេះ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (CamboJa)​ លោក​ ណុប វី​ និយាយ​ថា​ ​អង្គភាព​ព័ត៌មាន​ដែល​មាន​និន្នាការ​មិន​គាំទ្រ​រដ្ឋាភិបាល​ ជា​រឿយៗ​ រង​ការ​បាត់​បង់​អាជ្ញា​បណ្ណ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ភាព​ចម្រុះ​នៃ​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា។​

«ជារួម​យើង​ក៏បាន​មើល​ឃើញ​អំពី​ភាព​ផុយ​ស្រួយ​នៃ​ការ​ដក​អាជ្ញាបណ្ណ​ពី​សំណាក់​ក្រសួង​ព័ត៌មាន​ដែរ​ ដែល​យើង​ពិនិត្យ​ឃើញ​ថា វា​ធ្វើ​ឱ្យ​មាន​ហានិភ័យ ហើយ​វា​កាន់​តែ​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​សារ​ព័ត៌មាន​ដែល​គាត់បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ដែល​មិន​រណប​ទៅ​នឹង​ក្រសួង​ ឬ​មួយ​ក៏​រដ្ឋាភិបាល»។​

បើ​តាម​លោក ​ណុប វី​ នៅ​ឆ្នាំ​២០២១​ មាន​អង្គភាព​សារ​ព័ត៌មាន​ចំនួន​៧ ​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​ហូត​អាជ្ញា​បណ្ណ​ ហើយ​នៅ​ក្នុង​២០២២​នេះ​ មាន​អង្គភាព​សារ​ព័ត៌មាន​៣​ បន្ថែម​ទៀត​ ដែល​ត្រូវ​ក្រសួង​សម្រេច​លុប​ចោល​អាជ្ញា​បណ្ណ។​

កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២១​ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​បាន​ចោទ​ប្រកាន់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ​ទៀ បាញ់​ ថា​ បាន​រំលោភ​សិទ្ធិ​អំណាច​របស់​លោក​ដោយការ​បញ្ជា​ឱ្យ​ដាក់​ទោស​ ប្រតិបត្តិ​ករ​គេហ​ទំព័រ​សារព័ត៌​មាន​ម្នាក់​ គឺ​លោក យួន ឈីវ ​ចំពោះ​ការ​ផ្សាយ​របាយ​ការណ៍​អង្កេត​មួយ​ អំពី​ការ​ដណ្តើម​ដី​កាន់​កាប់​ខុស​ច្បាប់។ ​ លោក ​ឈីវ​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ ​តែ​ពីរ​ថ្ងៃប៉ុណ្ណោះ​ ក្រោយពី​ការ​ចាប់​ខ្លួន​គាត់។​ នេះ ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន។​

អង្គការ​ការពារ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង​ បាន​លើក​ឡើង​ទៀត​ថា​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បង្ក្រាប​ដោយ​មិន​បន្ធូរ​ដៃ​លើ​អង្គភាព​សារ​ព័ត៌​មាន​ឯករាជ្យ​ក្នុង​ឆ្នាំ​២០១៧​ ដើម្បី​បាន​ក្រាញ​អំណាច។​ អង្គការ​ដដែល​បាន​ឱ្យដឹង​ទៀត​ថា​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​១៤៤ ​ក្នុង​ចំណោម​១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​សាកល​ឆ្នាំ​២០២១៕​