អង្គការ​​អ្នក​កាសែត​គ្មាន​​ព្រំដែន​ជំរុញ​ឱ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​រឹត​ត្បិត​សិទ្ធិ​សារ​ព័ត៌មាន​មុន​ការ​បោះឆ្នោត

រូបឯកសារ៖ អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​កំពុង​រង់​ចាំ​ការមក​ដល់​នៃ​ជន​ភៀស​ខ្លួន​មក​ពី​កោះ​ណូរូ​ នៅ​ក្លោង​ទ្វារ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។​ (រូប​ថត​ផ្តល់​ដោយ ៖ ទេព សូនី)

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​ថ្កោល​ទោស​ដល់​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា ហើយ​ថែម​ទាំង​ជំរុញ​ឲ្យ​សហគមន៏​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​លើ​របប​គ្រប់​គ្រង​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ទៀត​ផង។ ការ​អំពាវ​នាវ​នេះ​ធ្វើឡើង​មួយ​ខែ​មុន​ការ​បោះ​ឆ្នោតទូទាំង​ប្រទេស​នៅ​កម្ពុជា។

បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​ផ្សព្វ​ផ្សាយ​ក្រម​សីលធម៌​អ្នក​សារ​ព័ត៌មាន​សម្រាប់​ការ​បោះ​ឆ្នោត​ ​ដោយ​មាន​ហាម​អ្នក​សារ​ព័ត៌មាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជា​ច្រើន​ចំណុច​ ​ព្រម​ទាំង​មាន​ភ្ជាប់នូវ​ទោសបញ្ញត្តិ​ផង​ ​គេ​ឃើញ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​បាន​ប្រតិកម្ម ថា​ជា​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន។​ នៅ​សប្តាហ៍​នេះ​ អង្គការ​អ្នក​កាសែត​គ្មានព្រំដែន​ ​បាន​ប្រកាស​ឱ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ទង្វើរ​នេះ​ផង​ដែរ។​ យ៉ាង​ណា​ក៏​ដោយ​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​កាន់​អំណាច​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​អនុ​វត្ត​តាម​ច្បាប់​ដើម្បីគ្រប់​គ្រង​ភាព​មិន​ប្រក្រតី​ណា​មួយ​ក្នុង​ពេល​បោះ​ឆ្នោត។​

អង្គការ​អ្នក​កាសែត​គ្មានព្រំដែន​ ​(Reporters Without Borders)​ ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​របប​ដឹក​នាំរបស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ដោយ​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​បញ្ចេញ​សកម្មភាព​រឹតត្បិត​ថ្មីៗ​លើ​អ្នក​កាសែត​ មុន​ពេល​ការ​បោះឆ្នោត​ឈាន​ចូល​មក​ដល់។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​កាសែត​គ្មានព្រំដែន​ ​ចេញ​លើគេហ​ទំព័រ​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ទី២៩ ខែមិថុនា​នេះ​បញ្ជា​ក់ថា​ ​អ្នកកាសែត​គ្មានព្រំដែន​ ​ថ្កោលទោស​រដ្ឋាភិបាលកម្ពុជា​ចំពោះ​ការ​រឹតត្បិត​ថ្មីៗ​ទៀត​លើ​អ្នក​កាសែត​ ​ខណៈ​ការ​បោះ​ឆ្នោត​ខិត​ជិត​ចូល​មក​ដល់​ ​តាម​រយៈការ​បង្កើត​ក្រម​សីលធម៌​សម្រាប់​អ្នក​សារ​ព័ត៌មាន​ ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប)។

សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ត​ថា​ ​ក្រម​សីលធម៌​អ្នក​សារ​ព័ត៌មាន​សម្រាប់​ការយក​ព័ត៌មាន​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ ​គ.ជ.ប​ ​នា​ដើម​ខែមិថុនា​នេះ​ ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​សារពត៌​មាន​ ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

​លោក​ ​Daniel Bastard​ ​ប្រធាន​ផ្នែក​របស់​អ្នក​កាសែត​គ្មានព្រំដែន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក បាន​បញ្ជា​ក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​តាម​ន័យ​ដើម​ថា៖​

​«ក្រម​សីលធម៌​នេះ​ប្រើ​ប្រាស់​ភាសា​ផ្តាច់​ការ​ ​ដែល​រំឮកពី​ពេល​វេលា​ដ៏​អាក្រក់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា»។​

លោក​ ​Daniel​ ​បញ្ជា​ក់​បន្ថែម​ថា៖​

«ដៃ​គូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ដែល​ចាប់​ផ្តើម​ពី​សហភាព​អឺរ៉ុប​ ​សហរដ្ឋ​អាមេរិក​ ​និង​ជប៉ុន​ ​ត្រូវ​តែ​ធ្វើ​សេច​ក្តី​សន្និដ្ឋាន​ដោយ​ជៀស​មិន​ផុត​ ​ដើម្បីដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ឆាប់រហ័ស​ ​ទៅ​លើ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ស្ថានភាព​មហន្តរាយ​នេះ»។

កម្ពុជា​គ្រោង​ ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ខាង​មុខ​ ​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ។​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.)​ ​នៅ​ដើម​ខែ​មិថុនា​នេះ​ ​បាន​ផ្សព្វ​ផ្សាយ​ក្រម​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ​ដោយ​មាន​ការ​ហាមប្រាម​អ្នក​សារ​ព័ត៌មាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជា​ច្រើន​ចំណុច ព្រម​ទាំង​មាន​ភ្ជាប់នូវ​ទោស​បញ្ញត្តិ​ផង។

​ក្នុង​ចំណុច​ទី៦​ ​ដែល​ចែង​ពី​បម្រាម​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ក្រម​សីលធម៌​នោះ​រួម​មាន អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​ហាម​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ណា​ដែល​ធ្វើ​ឲ្យ​មាន​ការភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើការ​បោះ​ឆ្នោត​ ​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​ដោយ​សម្អាងលើ​ពាក្យ​ចចាមអារ៉ាម ឬ​ព័ត៌មាន​ដែល​ពុំ​មាន​ភស្តុតាង​បញ្ជា​ក់ ការ​បោះ​ពុម្ព​ផ្សាយ​ ​ឬ​ចែក​ចាយ​ព័ត៌មាន​ណា ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​បង្ក​ឲ្យ​មាន​ការភ័យ​ខ្លាច​ ​ឬ​បង្កជា​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង ការ​បោះ​ពុម្ព​ផ្សាយ​ឬ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម និង​ការបញ្ចេញ​បញ្ចូល​ទស្សនៈ​ផ្ទាល់​ខ្លួន ឬ​ក៏​ធ្វើ​បុរេ​វិនិច្ឆ័យ​នៅ​ក្នុង​ហេតុ​ការណ៍​កំពុង​កើត​មាន​ដែល​ខ្លួន​ធ្វើ​សេចក្តី​រាយការណ៍​ជា​ដើម។

ក្នុង​ក្រម​សីលធម៌​នោះ​ ​ក៏​មាន​ស្រង់​ទោស​បញ្ញត្តិ​ក្នុង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ត្រង់​មាត្រា ១៤២ ដែល​ចែង​ពី​ការផាក​ពិន័យ​ជា​ប្រាក់​ពី ៥លាន​រៀល​ ​ទៅ​ ​២០លាន​រៀល ដោយ​ពុំ​ទាន់​គិត​ពីទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ ​ចំពោះ​ជនណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ដូចជា ការ​រារាំង​ប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ការ​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើការ​បោះ​ឆ្នោត និង​ការបង្កការរំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ទៅ​បាន​ជា​ដើម។

កាលពី​ពាក់​កណ្តាល​ខែមិថុនា​នេះ​ ​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ​ដោយ​បង្ហាញ​ការ​បារម្ភ​ពី​ការ​បង្រ្កាបសារ​ព័ត៌មាន​នៅ​កម្ពុជា​នា​មុន​ការ​បោះ​ឆ្នោត​និង​ថា​ ​ក្រម​សីលធម៌​អ្នក​សារ​ព័ត៌មាន​ ​ដែល​បង្កើតដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​អាច​នាំ​ឲ្យ​មាន​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាន់​តែ​ខ្លាំង​ ​និង​ផ្ទុយ​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ។

VOA​ ​បាន​ព្យាយាម​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ពី​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​គណៈរដ្ឋ​មន្រ្តី​ ​លោក​ ​ហង្ស ពុទ្ធា​ ​និង​លោក​ ​ឌឹម សុវណ្ណារុំ​ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ មិន​មាន​ការ​ឆ្លើយ​តប​នៅ​ឡើ​យ។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​សុខ ឥសាន​ ​ដែល​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​និង​ជា​សមា​ជិក​ព្រឹទ្ធសភា​ផង​នោះ​ ​ប្រាប់​ ​VOA ថា រដ្ឋាភិបាល​អនុ​វត្ត​ទៅ​តាម​ច្បាប់​ ​មិន​បាន​បំពាន​លើ​អង្គការ ឬ​ស្ថាប័ន​ណា​មួយ​នោះ​ទេ។​ ​លោក​បន្ថែម​ថា ក្រម​សីលធម៌​អ្នក​សារ​ព័ត៌មាន​ដែល​ចេញ​ដោយ គ.ជ.ប​ ​គឺ​ធ្វើ​ឡើង​ដើម្បី​ធានា​ឲ្យ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

«កន្លង​ទៅ​នេះ​គឺ​ ​គ.ជ.ប​ ​ទេជា​អ្នក​ចេញ​ក្រម​សីលធម៌​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ដើម្បីធ្វើ​ម៉េច​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ហ្នឹង​វា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ​ជៀសវាង​អ្នក​សារ​ព័ត៌មាន​ហ្នឹង​ឆ្លៀត​ឱកាស​ដោយ​សារ​និន្នាការ​នយោបាយ​ ​ឬ​លម្អៀង​ខាង​នយោបាយ​ ​វាយ​តម្លៃ​សភាព​ការណ៍​មិន​ត្រឹម​ត្រូវ​ ​ដែល​វាផ្ទុយ​អំពី​គោល​ការណ៍​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ដែល​គេហាម»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់អង្គការ​អ្នក​កាសែត​គ្មានព្រំដែន​ដ​ដែល​នោះ​បន្ថែម​ថា​ ​ការ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ជា​កាសែត​ឯករាជ្យ​ចុង​ក្រោយ​របស់​ប្រទេស​កម្ពុជា​ ​ទៅ​កាន់​អ្នក​ជំនួញ​ជន​ជាតិម៉ាឡេ​ស៊ី​ម្នាក់​ ​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​លោក​ ​ហ៊ុន សែន​ ​កាលពី​ខែ​ឧសភា​ ​គឺ​ជាការ​បញ្ចប់​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ខែ​សីហា​ ​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​ស្ថានីយ​វិទ្យុ​ជាង​៣០​ ​និង​កាសែត​ឌឹខេមបូឌាដេលី ដែល​ជា​កាសែត​មួយ​តែង​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ខ្មែរ​អស់​រយៈ​ពេល​បីទសវត្ស។​ ​អ្នក​សារ​ព័ត៌មាន​បី​នាក់​គឺ​លោក​ ​អ៊ួន ឈិន​ ​លោក​ ​យាង សុធារិន​ ​និង​លោក​ ​Jame Ricketson​ ​បាន​ជាប់​ចោទ​ពីបទ​ធ្វើ​ចារកម្ម​ ​និង​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី១៤២​ ​ក្នុង​ចំណោម​ប្រទេស​១៨០​ ​នៃ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៨ របស់​អ្នក​កាសែត​គ្មានព្រំដែន ដែល​ចំនួន​នេះ​ធ្លាក់​ចុះ​ដល់​ទៅ​១០ដង ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧៕