របាយការណ៍នោះក៏បានសរសេរថា ការរុករករ៉ែតូចៗ polymetallic ដែលជាប្រភេទដុំរ៉ែមានរាងប៉ុនដំឡូងនៅបាតសមុទ្រ ដែលមានផ្ទុកធាតុដែកសម្រាប់ប្រើប្រាស់នៅក្នុងការផលិតអាគុយ និងក្នុងវិស័យបច្ចេកវិទ្យាទំនើបៗនេះ អាចបង្កឱ្យមាន «ការខូចខាតចៀសមិនផុត» ទៅលើតំបន់នេះ រួមទាំងកោះ Kiribati the Cook Islands ប្រទេសណូរូ ប្រទេសតុងហ្គា ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និងប្រទេសទូវ៉ាលូ។
របាយការណ៍កម្រាស់៥២ទំព័រដែលមានចំណងជើងថា «ការទស្សន៍ទាយពីផលប៉ះពាល់នៃការរុករករ៉ែ Polymetallic នៅបាតសមុទ្រប៉ាស៊ីហ្វិកជ្រៅបង្ហាញឱ្យឃើញពីការយល់ព្រមជាឯកច្ឆន្ទបែបវិទ្យាសាស្ត្រដោយផ្អែកលើអត្ថបទមានការត្រួតពិនិត្យគ្នាទៅវិញទៅមកចំនួន២៥០អត្ថបទ។ អង្គការក្រៅរដ្ឋាភិបាលចំនួន៨០កំពុងអំពាវនាវឱ្យមានការផ្អាកការរុករកនេះ។
អ្នកស្រី Helen Rosenbaum ដែលជាអ្នកសម្របសម្រួលសម្រាប់យុទ្ធនាការរុករករ៉ែនៅបាតសមុទ្រជ្រៅនិយាយថា «មានការទាញយកកម្ទេចរ៉ែតូចៗ និងដុំថ្មតូចៗ ហើយក៏នឹងមានកាកសំណល់ដែលកើតចេញពីដំណើរការរុករករ៉ែនេះ»។
អ្នកស្រីបាននិយាយក្នុងសម្តីដើមថា៖ «នៅត្រង់ចំណុចនេះ យើងមិនដឹងថាមានអ្វីនៅក្នុងដុំថ្មតូចៗទាំងនោះ តើប្រភេទលោហៈធ្ងន់ៗអ្វីដែលអាចមាននៅទីនោះ [បាតសមុទ្រ] តើដុំថ្មទាំងនោះស្រូបយកអ្វីខ្លះ និងថាតើដុំថ្មទាំងនោះអាចត្រូវបានគេប្រើប្រាស់នៅក្នុងសង្វាក់ស្បៀងអាហារក្នុងកម្រិតណា»។
តម្រូវការកើនឡើងសម្រាប់ដែក ដែលមានដូចជា លោហធាតុនីកែល ទង់ដែង និងម៉ង់ហ្គាណែហ្ស បានធ្វើឱ្យមានការរុករករ៉ែនៅបាតសមុទ្រជ្រៅកាន់តែច្រើនសម្រាប់រ៉ែ polymetallic។
អាជ្ញាធរបាតសមុទ្រអន្តរជាតិ ដែលជាស្ថាប័នអន្តររដ្ឋាភិបាលមានមូលដ្ឋាននៅក្នុងក្រុង Kingston ប្រទេសហ្សាម៉ាអ៊ីក បានចេញអាជ្ញាប័ណ្ណរុករកចំនួនប្រមាណជា៣០ ដែលក្នុងនោះអាជ្ញាប័ណ្ណចំនួន២៥ត្រូវបានផ្តល់ឱ្យសម្រាប់ការរុករកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងចំនួន១៨សម្រាប់ការរុករកនៅក្នុងតំបន់ Clarion Clipperton ដែលលាតសន្ធឹងពីប្រទេសគិរីបាទី ទៅដល់ប្រទេសម៉ិកស៊ិក។ នៅក្នុងតំបន់នេះ ក្រុមហ៊ុនរុករករ៉ែរបស់កាណាដាឈ្មោះ DeepGree មានគម្រោងរុករករ៉ែដែកទាំងនេះ ក្នុងគោលបំណងប្រើប្រាស់ដើម្បីផលិតយានយន្តអេឡិចត្រូនិក និងសង្ឃឹមថា នឹងក្លាយជាក្រុមហ៊ុនដំបូងគេក្នុងការចាប់ផ្តើមប្រតិបត្តិការនៅត្រឹមឆ្នាំ២០២៤។
លោក Gerard Barron នាយកប្រតិបត្តិក្រុមហ៊ុន DeepGreen មិនភ្ញាក់ផ្អើលចំពោះរបាយការណ៍នេះ ដោយនិយាយថា ការរុករករ៉ែនៅបាតសមុទ្រជ្រៅគឺជាជម្រើសល្អបំផុតជំនួសឱ្យការរុករករ៉ែនៅលើដីគោក ដែលមានប្រវត្តិដ៏យូរយារមកហើយក្នុងការបំពុល និងបំផ្លាញព្រៃឈើ ជម្រក និងសត្វព្រៃ។
លោក Gerard Barron បាននិយាយនៅក្នុងសម្តីដើមថា «ខ្ញុំគិតថា វាមានភាពលម្អៀង មានគំនិតចង្អៀតចង្អុល ដែលមិនដោះស្រាយបញ្ហាណាមួយនោះទេ ហើយវាជារបាយការណ៍របស់មនុស្សមួយក្រុមដែលមានបំណងព្យាយាមបញ្ឈប់ការរីកចម្រើននៃវិស័យនេះ»។
ទោះជាយ៉ាងនេះក្តី លោកបានបន្ថែមថា កំពុងតែមានការខ្វះខាតដែកខ្លាំង សម្រាប់ការប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាទំនើបៗ។ លោកបាននិយាយថា ដែកខ្លះមាននៅក្នុងក្រោមព្រៃ ក្នុងប្រទេសដូចជា ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែការទាញយករ៉ែទាំងនោះអាចនឹងប៉ះពាល់ខ្លាំងដល់បរិស្ថានក្នុងស្រុក។
លោកបាននិយាយក្នុងសម្តីដើមថា «អំណះអំណាងគួរតែជាអ្វីដែលមានផលប៉ះពាល់តិចបំផុត បើនិយាយពីទស្សនៈសកម្មជនបរិស្ថាន និងសង្គម»។ លោកបានបន្ថែមថា តំបន់ Clarion Clipperton មាន «ជាតិនីកែល និងកូប័លគ្រប់គ្រាន់ដើម្បីបង្កើតយានយន្តអេឡិចត្រូនិករាប់ពាន់លាន»។
លោកបាននិយាយទៀតថា «យើងមានជម្រើសដោយបន្តរុករកនៅក្នុងតំបន់ជីវៈចម្រុះទាំងនេះ និងបំផ្លាញជម្រកជីវៈចម្រុះទាំងនោះ។ ឬយើងអាចបង្កើនការសិក្សាលើវិទ្យាសាស្ត្រមហាសមុទ្រ និងនិយាយថា៖ សាកគិតមើល ប្រសិនបើផែនដីមានលាក់ទុកធនធានមួយដ៏ច្រើននៅកន្លែងមួយដែលឆ្ងាយពីការប៉ះពាល់ណាមួយ ជម្រៅ៤.០០០ម៉ែត្រពីសមុទ្រ ឬ១.០០០ម៉ាយល៍ (ប្រមាណ១.៦០៩គ.ម.) ពីដីគោកដែលនៅជិតបំផុត អាចជាកន្លែងដ៏ល្អមួយ»។
ទោះជាយ៉ាងនេះក្តី សកម្មជនបរិស្ថាននៅតែមិនមានជំនឿ ដោយព្រមានថា រដ្ឋជាកោះដែលអាចជាប់នៅក្នុងអន្ទាក់សាច់ប្រាក់ ទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុរួចហើយ។ វាផ្ទុយទៅនឹងការរំពឹងទុកផ្នែកហិរញ្ញវត្ថុ ដែលមានភាពប្រាកដនិយមពីការរុករករ៉ែ និងកំណត់ត្រាមិនល្អរបស់ក្រុមហ៊ុនរុករករ៉ែនៅក្នុងតំបន់នេះ។
កំណត់ត្រាមិនល្អរបស់ក្រុមហ៊ុនរុករករ៉ែនៅលើដីគោកនៅក្នុងអាស៊ីអាគ្នេយ៍រួមមាន សង្គ្រាមរយៈពេល៩ឆ្នាំ នៅលើកោះ Bougainville ដែលកើតឡើងដោយសារជម្លោះលើការរុករករ៉ែទង់ដែង និងការបំផ្លាញដ៏ច្រើនលើសលុបទៅលើប្រព័ន្ធទន្លេ Fly នៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ដែលបង្កឡើងដោយអណ្តូងរុករករ៉ែមាស Ok Tedi និងជម្លោះដែលមានជាយូរយារចំពោះការរុករករ៉ែផូស្វាតនៅលើកោះណូរូ។
របាយការណ៍នេះបានរកឃើញថា ជីវិតរបស់បក្សី អណ្តើកធំ និងត្រីបាឡែន អាចស្ថិតក្នុងហានិភ័យកាន់តែខ្លាំងពីការកើនឡើងនៃសារធាតុចិញ្ចឹម និងជាតិរ៉ែដែកពុល ដូចហានិភ័យរបស់ត្រីធូណា ដែរ។
អ្នកស្រី Emeline Siale Ilolahia បាននិយាយថា «សហគមន៍មូលដ្ឋាននៅតំបន់ប៉ាស៊ីហ្វិកក៏មានការព្រួយបារម្ភអំពីការរស់នៅរបស់ពួកគេ ដែលនឹងត្រូវបានរំខាន ដោយសារតែពួកគេមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងបរិស្ថានមហាសមុទ្រ»។
អ្នកស្រី Emeline Siale Ilolahia នាយកប្រតិបត្តិនៃសមាគមកោះប៉ាស៊ីហ្វិកក្រៅរដ្ឋាភិបាលបង្ហាញពីក្តីបារម្ភរបស់អ្នកស្រី។
អ្នកស្រី Ilolahia និយាយនៅក្នុងសម្តីដើមថា «សម្រាប់ខ្ញុំ ចង់ឱ្យមានការហាមឃាត់លើប្រព័ន្ធទាំងមូលមិនឱ្យមានការរុករករ៉ែ រហូតទាល់តែយើងមានព័ត៌មានវិទ្យាសាស្ត្រច្រើនជាងនេះ សម្រាប់អ្នកតាក់តែងគោលនយោបាយរបស់ពួកយើង»៕