ក្រុមមេធាវីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្ដល់យោបល់ដល់លោកកុំឲ្យយល់ព្រមបង្ហាញខ្លួនផ្ដល់កិច្ចសម្ភាសន៍ជាមួយនឹងមេធាវីពិសេសលោក Robert Mueller។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The New York Times កាលពីថ្ងៃចន្ទម្សិលមិញ។
ក្រុមរបស់លោក Mueller បាននិយាយរួចមកហើយជាមួយនឹងមន្ត្រីសេតវិមានជាច្រើនរូប និងអ្នកដទៃទៀតដែលមានការពាក់ព័ន្ធជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ដែលនេះជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ និងដើម្បីពិនិត្យមើលថាតើលោក Trump មានបានធ្វើខុសច្បាប់ដែរឬទេនៅពេលដែលលោកបញ្ឈប់ប្រធានទីភ្នាក់ងារ FBI លោក Jemes Comey ពីតំណែងកាលពីលើកមុន។
សារព័ត៌មាន The New York Times បានរាយការណ៍ថា បើយោងទៅតាមមនុស្ស ៤ នាក់ដែលបញ្ចេញមតិលើបញ្ហានេះ ក្រុមមេធាវីរបស់លោក Trump មានការព្រួយបារម្ភខ្លាចលោក Trump និយាយខុស ដែលអាចឲ្យលោករងការចោទប្រកាន់ថាបានកុហកអ្នកស៊ើបអង្កេតសហព័ន្ធបាន។
សេចក្ដីរាយការណ៍នោះបានបញ្ជាក់បន្ថែមទៀតថា ក្រុមមេធាវីរបស់លោក Trump ជឿថា លោក Mueller មិនគួរត្រូវបានអនុញ្ញាតដោយស្របច្បាប់ឲ្យសាកសួរលោកប្រធានាធិបតី Trump អំពីចំណុចមួយចំនួននៃការស៊ើបអង្កេតនេះទេ។
លោក Trump បានបង្ហាញថា លោកមានឆន្ទៈក្នុងការចូលរួមនៅក្នុងការសម្ភាសន៍របស់លោក Mueller ហើយស្របពេលនោះដែរ លោកក៏មានចម្ងល់ផងដែរថា ហេតុអ្វីបានជាចាំបាច់ត្រូវធ្វើដូច្នេះ ដោយសារតែលោកបានបដិសេធថាគ្មានការឃុបឃិតណាមួយកើតឡើងរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនិងរុស្ស៊ី ហើយលោកមិនបានធ្វើខុសច្បាប់នៅពេលដែលលោកបញ្ឈប់លោក James Comey ពីតំណែងជាប្រធានទីភ្នាក់ងារ FBI នោះទេ៕