របាយការណ៍៖ ភ្ញៀវ​ទេសចរណ៍​អន្តរ​ជាតិ​ប្រមាណ​៦​ម៉ឺន​នាក់​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២​នេះ

រូបឯកសារ៖ ភ្ញៀវទេសចរកម្ពុជាដើរទស្សនាទិដ្ឋភាពប្រាង្គប្រាសាទនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។

បន្ទាប់​ពី​រង​គ្រោះ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ជាង​២​ឆ្នាំ ការ​ចូល​ទស្សនា​របស់​អ្នក​ទេសចរ​បរទេស​នៅ​រមណី​យ​ដ្ឋាន​អង្គរ​វត្ត ចាប់​ផ្តើម​ងើ​ប​ឡើង​វិញ ដោយ​ក្នុង​រយៈ​ពេល​៦​ខែ​នៃឆ្នាំ​២០២២​នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរ​ជាតិ​ប្រមាណ​៦​ម៉ឺន​នាក់។

ជាមួយ​នឹង​កំណើន​ឡើង​វិញ​នូវ​ភ្ញៀវ​អន្តរ​ជាតិ​នេះ ចំណូល​ថវិកា​ជាតិដែល​ទទួលបាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា មាន​ជាង២,៤​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​១​ពាន់​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​កម្ពុជា​មិន​ទាន់​បើក​ប្រទេស​ឡើង​វិញ។ នេះ​បើ​យោង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះ​ស្ថាន​អង្គរ​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​ក្នុង​ការ​ប្រមូល​ចំណូល​ពី​ការ​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា គ្រឹះ​ស្ថាន​អង្គរ​ឲ្យ​ដឹង​ថា​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​សរុប​ដែល​បាន​មក​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ ក្នុង​រយៈ​ពេល​៦​ខែ​នៃ​ឆ្នាំ​២០២២​នេះ មាន​ចំនួន​៥៩.៩៨៣​នាក់ ហើយ​ថវិ​កា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ មាន​ចំនួន​២.៤២០.០៨១​ដុល្លារ​អាមេរិក។

យោង​តាម​គេហ​ទំព័រ​គ្រឹះស្ថាន​អង្គរ តម្លៃ​សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​ប្រាសាទ រួម​មាន​៣៧​ដុល្លារ​សម្រាប់​មួយ​ថ្ងៃ ៦២​ដុល្លារ​សម្រាប់​បី​ថ្ងៃ និង​៧២​ដុល្លារ​សម្រាប់​៧​ថ្ងៃ។

គួរ​បញ្ជាក់​ថា​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា​ ការ​មក​ដល់​របស់​ទេសចរ​បរទេស​នៅ​កម្ពុជាមាន​សន្ទុះ​ឡើង​វិញ​ ក្រោយ​កម្ពុជា​បាន​បើក​ប្រទេស​ក្នុង​រយៈ​ពេល​៦​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ៕