អ្នកលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដែលបានបញ្ជ្រាបចូលទៅក្នុងបណ្ដាញការងាររបស់ក្រុមហ៊ុនថាមពល និងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ គឺជាអ្នកដែលធ្វើការឲ្យរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍នៅក្នុងសារព័ត៌មានល្បីឈ្មោះមួយ។
សារព័ត៌មាន The Washington Post បានរាយការណ៍កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញថា មន្ត្រីរដ្ឋាភិបាលអាមេរិកមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា អ្នកដែលលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រទាំងនោះ គឺធ្វើការឲ្យរដ្ឋាភិបាលរុស្ស៊ី។
មន្ត្រីរដ្ឋាភិបាលអាមេរិកទាំងនោះ បានប្រាប់សារព័ត៌មាន The Washington Post ថា គោលបំណងរបស់រដ្ឋាភិបាលរុស្ស៊ី គឺមិនទាន់បញ្ជាក់ច្បាស់នោះទេ ដោយសារតែក្រុមហ៊ុនដែលរងគ្រោះទាំងនោះនៅតែដំណើរការជាធម្មតា។
ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូប បាននិយាយថា ការវាយប្រហារតាមអ៊ីនធឺណិតនេះ គឺជា «ការប៉ុនប៉ងស៊ើបការណ៍មួយ» ដើម្បីរិះរកវិធីលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនទាំងនោះ ដែលនេះគឺជាអ្វីដែលអ្នកលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រតែងតែធ្វើ។
ការវាយប្រហារលើប្រព័ន្ធអាជីវកម្ម និងរដ្ឋបាលរបស់ក្រុមហ៊ុនទាំងនេះ ត្រូវបានបញ្ជាក់ថាបានកើតឡើងពិតប្រាកដមែន នៅពេលដែលក្រសួងថាមពលសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានជួយការពារក្រុមហ៊ុនទាំងនោះពីការវាយប្រហារទាំងនេះ។
ក្រសួងសន្តិសុខមាតុភូមិ និងទីភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិក បានប្រាប់ក្រុមហ៊ុនថាមពលទាំងនោះឲ្យដឹងជាមុនកាលពីចុងខែមិថុនាកន្លងទៅនេះថា អ្នកលួចចូលប្រព័ន្ធកុំព្យូទ័រមិនស្គាល់អត្តសញ្ញាណមានគោលបំណងវាយប្រហារផ្នែកនុយក្លេអ៊ែរ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក៕