ចំនួនមនុស្សស្លាប់ដោយសារភេរវកម្មនៅប្រទេសប៉ាគីស្ថានបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍ចេញថ្មីៗនេះ។របាយការណ៍ឈ្មោះ Global Peace Index 2017 គឺសន្ទស្សន៍សន្តិសុខឆ្នាំ២០១៧ដែលនិយាយលម្អិតអំពីទិន្នន័យភេរវកម្ម ហើយដែលចេញកាលពីសប្តាហ៍មុន បានឲ្យដឹងថាមានការវាយប្រហារដោយភេរវកម្មចំនួន៧៣៦ករណីនៅប្រទេសប៉ាគីស្ថានអំឡុងឆ្នាំ២០១៦ ដោយសម្លាប់មនុស្សអស់៩៥៦នាក់។ តួលេខនេះមានការធ្លាក់ចុះ១២%បើប្រៀបធៀបចំនួនមនុស្សស្លាប់ទាក់ទងនឹងភេរវកម្មឆ្នាំ២០១៥។ របាយការណ៍នេះនិយាយថា ពួកតាលីបង់នៅប៉ាគីស្ថានទទួលខុសត្រូវការសម្លាប់មនុស្ស២៨៣នាក់ក្នុងឆ្នាំ២០១៦ គឺមាន៣០%នៃចំនួនមនុស្សស្លាប់ដោយភេរវកម្មនៅឆ្នាំនោះ។
ការស្លាប់នេះភាគច្រើនបំផុតបណ្តាលមកពីការដាក់គ្រាប់បែកអត្តឃាត។
កន្លែងរងការវាយប្រហារធំជាងគេកន្លងមកគឺការដាក់គ្រាប់បែកនៅពិធីរបស់អ្នកកាន់សាសនាគ្រិស្ត ពេលបុណ្យ Easter ថ្ងៃអាទិត្យ នៅក្រុង Lahore ដែលបានសម្លាប់មនុស្ស៧៩នាក់។ របាយការណ៍នេះកត់សម្គាល់ថា តួលេខចំនួនមនុស្សស្លាប់ដោយសារភេរវកម្មធ្លាក់ចុះនេះគឺបណ្តាលមកពីសកម្មភាពពួក Tehreek-i-Taliban ចុះខ្សោយនៅប្រទេសប៉ាគីស្ថាន។ក្រុមភេវកម្មនេះទទួលខុសត្រូវជីវិតមនុស្សជាង៤៥០០នាក់នៅក្នុងប្រទេសនេះតាំងពីឆ្នាំ២០០០មក៕