របាយការណ៍ថ្មីមួយចាត់ទុកប្រទេសសូម៉ាលី កូរ៉េខាងជើង និងអាហ្វហ្គានីស្ថាន ជាប្រទេសពុករលួយបំផុតក្នុងពិភពលោក។ អង្គការតម្លាភាពអន្តរជាតិបានចេញសេចក្តីរាយការណ៍សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃពុធនេះ ដោយពឹងផ្អែកទៅលើអ្វីដែលខ្លួនហៅថាជាមតិរបស់អ្នកជំនាញពីជុំវិញពិភពលោក ដើម្បីវាស់ស្ទង់កម្រិតពុករលួយក្នុងវិស័យសាធារណៈ។
ពិន្ទុទាបមានន័យថា មានអំពើពុករលួយច្រើន ហើយរបាយការណ៍នៅឆ្នាំនេះបានផ្តល់ឲ្យប្រទេសសូម៉ាលី និង កូរ៉េខាងជើង៨ពិន្ទុដូចគ្នា ចំណែកប្រទេសអាហ្វហ្គានីស្ថានវិញ បានទទួលពិន្ទុ១១។ គ្មានប្រទេសណាបានទទួលពិន្ទុ១០០ទេ ប៉ុន្តែមានប្រទេសមួយចំនួនដែលបានទទួលពិន្ទុច្រើន។ ប្រទេសដាណឺម៉ាកបានទទួលពិន្ទុ៩១ ហើយប្រទេសហ្វាំងឡង់និងស៊ុយអែត បានទទួលពិន្ទុ ៩០ ដូចគ្នា។
ប្រទេសកម្ពុជាបានទទួលពិន្ទុដូចនៅឆ្នាំ២០១៤ដែរ គឺពិន្ទុ២១។ កម្ពុជាស្ថិតក្នុងលំដាប់លេខរៀងទី១៥០ ក្នុងចំណោមប្រទេសចំនួន១៦៨ ដែលអង្គការនេះបានធ្វើការសិក្សា។ ចំណាត់ថ្នាក់របស់កម្ពុជានេះ ស្មើគ្នានឹងចំណាត់ថ្នាក់នៃកម្រិតពុករលួយនៅប្រទេសប៊ូរុនឌី និងស៊ីមបាវ៉េក្នុងទ្វីបអាហ្វ្រិក។ ចំណាត់ថ្នាក់ប្រចាំឆ្នាំ២០១៥នេះ ធ្វើឲ្យកម្ពុជាស្ថិតនៅក្រោមប្រទេសមីយ៉ាន់ម៉ាទៅទៀត ដែលកាលពីឆ្នាំកន្លងទៅ ប្រទេសទាំងពីរនេះមានកម្រិតស្មើគ្នា។
កម្ពុជាស្ថិតនៅលើប្រទេសតែ១៦ប៉ុណ្ណោះ ក្នុងតារាងចំណាត់ថ្នាក់អំពើពុករលួយប្រចាំឆ្នាំ២០១៥របស់អង្គការតម្លាភាពអន្តរជាតិ ដែលមានទីស្នាក់ការធំនៅក្នុងប្រទេសអាល្លឺម៉ង់នោះ។
យោងតាមអង្គការដដែលនេះ អំពើពុករលួយដែលកាន់តែអាក្រក់នៅកម្ពុជានេះ គឺដោយសារតែរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាកាន់តែរឹតត្បិតលើអង្គការសង្គមស៊ីវិល៕