របាយការណ៍​ថា ក្រុមហ៊ុន Huawei មាន​ជាប់​ទាក់ទិន​​ក្នុង​ការឈ្លប​យក​ការណ៍​ឲ្យ​ចិន​ជាង​អ្វី​ដែល​គេ​បាន​ដឹង​ពីមុន

រូបឯកសារ៖ ពលរដ្ឋ ដើរ​កាត់​ហាង​លក់​គ្រឿង​អេឡិចត្រូនិក Huawei នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

មហា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei បាន​អះអាង​ជា​ប្រចាំ​ថា ខ្លួន​មិន​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការប្រមូល​ការស៊ើបការណ៍​សម្ងាត់​លើ​បុគ្គល​នៅ​ក្នុង​ប្រទេស​ចិន​ទេ ក៏ប៉ុន្តែ​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​កាសែត Washington Post នៅ​សប្តាហ៍​នេះ បាន​បង្ហាញ​ថា ក្រុមហ៊ុន​នេះ​ ទំនង​ជា​បាន​ផ្សព្វផ្សាយ​លក់​បច្ចេកវិទ្យា​ស៊ើបការណ៍​ឲ្យ​អតិថិជន​ជា​រដ្ឋាភិបាល​ ដែលនេះ​ធ្វើឲ្យគេ​មាន​មន្ទិល​ចំពោះ​ការ​អះអាង​របស់​ក្រុមហ៊ុន​នោះកន្លង​មក។

របាយការណ៍​នោះ ​ត្រូវបានធ្វើ​ឡើង​នៅពេល​ដែល​ផ្នែក​សំខាន់ៗ​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ដ៏​ធំ​នោះ ​នៅ​តែ​ត្រូវ​បាន​រឹតត្បិតបន្ត​ដោយ​ការដាក់​ទណ្ឌកម្ម​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​ការដឹកនាំ​របស់លោកអតីត​ប្រធានាធិបតី​ Donald Trump ហើយ​នៅ​ក្នុង​ករណី​ខ្លះ​ ត្រូវ​បាន​រឹត​បន្តឹងដោយ​លោក​ប្រធានាធិបតី Joe Biden។

កាសែត​ Washington Post បាន​ទទួល​បទបង្ហាញ PowerPoint ជាង​១០០ ដែល​ត្រូវ​បាន​ចុះផ្សាយជា​សាធារណៈរយៈ​ពេល​ខ្លី​នៅ​លើ​វេបសាយ​របស់​ក្រុមហ៊ុន​នោះ។ ឯកសារ​យ៉ាង​ច្រើន​នេះ​ ​បង្ហាញ​ថា ក្រុមហ៊ុន​នោះ បាន​ផ្សព្វផ្សាយ​លក់​សេវា​នានា​ដែល​ទាក់ទិន​នឹង​ការ​ស៊ើប​យកការណ៍ រួម​មាន​បច្ចេកវិទ្យា​ចំណាំ​សំឡេង និង​ការ​តាមដាន​ទីកន្លែង។

បទបង្ហាញ​នោះ បានបង្ហាញ​ទៀត​ថា ក្រុមហ៊ុន​នោះ ក៏បាន​ផ្សព្វផ្សាយ​លក់​ប្រព័ន្ធឃ្លាំមើល​អ្នក​ទោស ដូចជា​អ្នក​ទោសជនជាតិ​ភាគតិច​ អ៊ុយហ្គ័រ (Uyghurs) ដែល​ចិន​បាន​ឃុំឃាំង​ដោយ​មិន​បាន​ដឹង​ចំនួន​នៅ​ក្នុង​តំបន់ Xinjiang ភាគ​ខាង​លិច។ ប្រព័ន្ធ​នោះ តាមដាន​ផលិតភាព​ពលកម្ម​របស់​ពួកអ្នក​ទោស ​និង​ពេលវេលា​របស់​ពួកគេ​ដែល​បាន​ចំណាយ​នៅ​ថ្នាក់រៀន​អប់រំ​កែប្រែ​ខ្លួន​ និង​ទិន្នន័យ​ដែល​អាច​ចង្អុល​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ថ្នាក់រៀន​របស់​អ្នក​ទោស​ទាំង​នោះ។

បន្ថែម​ពី​នេះ​ទៀត ឯកសារ​ទាំង​នោះ ទំនង​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ស៊ើបយកការណ៍​កន្លែង​ធ្វើ​ការងារ មាន​ន័យ​ថា ឃ្លាំមើល​ការ​បំពេញ​ការងារ​របស់​និយោជិក​ និង​តាម​មើល​ពួក​អ្នក​ធ្វើការ​ដែល​បាន​លួច​យក​ពេល​ធ្វើការ​ទៅឈប់​សម្រាក៕