ករណីអំពើហិង្សាផ្លូវភេទ និងការរំលោភសេពសន្ថវៈលើស្រ្តីជនជាតិដើមភាគតិចកំពុងកើនឡើង ដោយសារចន្លោះប្រហោងក្នុងការអនុវត្តច្បាប់មានភាពមិនប្រក្រតី ហើយចំណេះដឹងនិងការទទួលបានព័ត៌មានរបស់ស្រ្តីជនជាតិដើមភាគតិចនៅមានកម្រិត។ នេះបើតាមរបាយការណ៍ និងសង្គមស៊ីវិលដែលធ្វើការផ្តោតលើសិទ្ធិស្រ្តី។
របាយការណ៍ស្តីអំពី «អំពើហិង្សាផ្អែកលើយេនឌ័រលើស្រ្តីជនជាតិដើមភាគតិចក្នុងខេត្តចំនួនបីនៃប្រទេសកម្ពុជាឆ្នាំ ២០២០» ដែលមានកម្រាស់ ៧៦ ទំព័រនេះ ត្រូវបានសហការស្រាវជ្រាវដោយសមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា អង្គការជនជាតិដើមភាគតិចកម្ពុជា អង្គការក្លាហាន និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UNOHCHR)។
នាយិកាអង្គការក្លាហាន កញ្ញា បុណ្យ រចនា ប្រាប់ VOA ថា របាយការណ៍បានរកឃើញថា ស្រ្តីជនជាតិដើមភាគតិចរងការរំលោភសេពសន្ថវៈ និងការប្រើហិង្សាផ្អែកលើយេនឌ័រ ចំនួន ២៣ ករណី។ ចំនួននេះមានការកើនឡើង បើធៀបនឹងឆ្នាំ ២០១៥ ដោយសារការអនុវត្តច្បាប់នៅមានកម្រិត ហើយអាជ្ញាធរមូលដ្ឋានមិនមានភាពសកម្មគ្រប់គ្រាន់ ស្របពេលមានផលលំបាកក្នុងការទំនាក់ទំនង និងការប្រើភាសារវាងស្រ្តីជនជាតិដើមភាគតិច និងអាជ្ញាធរពាក់ព័ន្ធទទួលបន្ទុកគាំពារសិទ្ធិស្ត្រី។

កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហាន ថ្លែងក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
កញ្ញាបានថ្លែងប្រាប់វីអូអេថា៖ «ស្ថានភាពនៃអំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងសង្គមកម្ពុជា អត់មានការថយចុះទេ បើទោះបីជា យើងឃើញមានគោលនយោបាយជាតិ ឬក៏ផែនការជាតិ ឬក៏ច្បាប់ដែលបានដាក់ចេញក្នុងការទប់ស្កាត់ក៏ដោយ។ ដោយសារតែការអនុវត្តច្បាប់របស់យើងនៅមានភាពមិនប្រក្រតី ហើយនៅមានភាពខ្វះចន្លោះ ហើយដាច់ដោយដុំទៀត។ ហើយមួយទៀតមន្រ្តីដែលទទួលបន្ទុកនៅតាមមូលដ្ឋានហ្នឹង គាត់នៅមានទស្សនៈមួយ ដែលដូចលើកឡើងក្នុងរបាយការណ៍អ៊ីចឹង គឺនៅតែចាប់បង្ខំជនរងគ្រោះឱ្យទទួលខុសត្រូវនូវហេតុការណ៍ដែលបានកើតឡើង»។
កញ្ញា រចនា បានរៀបរាប់បន្ថែមថា ក្នុងឆ្នាំ ២០១៥ មិនមានការចងក្រងទិន្នន័យជាក់លាក់នោះទេ ប៉ុន្តែការរកឃើញថា មានការកើនឡើងនូវការប្រើហិង្សាផ្អែកលើយេនឌ័រ និងការរំលោភផ្លូវភេទនេះ គឺត្រូវបានកត់សម្គាល់តាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គមនិងសារព័ត៌មាន។
កញ្ញាថ្លែងថា៖ «អ្វីដែលយើងអាចនិយាយបានហ្នឹង គឺថានៅក្នុងចំណោមសហគមន៍ស្រ្តីជនជាតិដើមភាគតិច ដែលគាត់រស់នៅផ្ទាល់ ឬក៏ធ្វើការផ្ទាល់ក្នុងសហគមន៍ហ្នឹង គឺជាការចាប់អារម្មណ៍របស់គាត់ផ្ទាល់ថា នៅក្រោយឆ្នាំ ២០១៥ ហ្នឹង គឺមានករណីហិង្សាផ្លូវភេទហ្នឹងកើនឡើង អ៊ីចឹងហើយទើបគាត់ចាប់ផ្តើមធ្វើការចងក្រងទិន្នន័យទាំងអស់ហ្នឹង»។
របាយការណ៍នេះ ធ្វើឡើងឡើងដោយមានការធ្វើបទសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធចំនួន ៥៤ នាក់ ក្នុងខេត្តចំនួនបី គឺខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលពួកគេគឺជាជនរងគ្រោះ សាច់ញាតិជនរងគ្រោះ និងអាជ្ញាធរ។ ក្នុងនោះអ្នកស្រាវជ្រាវរកឃើញថា ករណីរំលោភសេពសន្ថវៈ និងការប្រើហិង្សាផ្អែកលើយេនឌ័រលើស្រ្តីជនជាតិដើមភាគតិច មានចំនួន ២៣ ករណី។
ក្រុមយុវជនជនជាតិដើមភាគតិចអានសេចក្តីថ្លែងការណ៍រួមរបស់ជនជាតិដើមភាគតិច ក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
កញ្ញា បុណ្យ រចនា បានថ្លែងបន្ថែមថា តួលេខនេះគ្រាន់តែរកឃើញក្នុងខេត្តចំនួនបីប៉ុណ្ណោះ ប៉ុន្តែនៅតាមបណ្តាខេត្តជាង ១០ ផ្សេងទៀត ក៏កើតមានបញ្ហាស្រដៀងគ្នានេះផងដែរ។
នាយិកាអង្គការក្លាហានរូបនេះពន្យល់បន្ថែមទៀតថា ដើម្បីទប់ស្កាត់ និងដោះស្រាយករណីរំលោភសេពសន្ថវៈ និងការប្រើហិង្សាផ្អែកលើយេនឌ័រលើស្រ្តីជនជាតិដើមភាគតិច លុះត្រាតែរដ្ឋាភិបាលត្រូវបង្កើតឱកាសសម្រាប់មន្រ្តីមូលដ្ឋាន ស្វែងយល់អំពីបរិបទសង្គម និងប្រពៃណីរបស់ជនជាតិដើមភាគតិច ហើយជំរុញការអប់រំផ្សព្វផ្សាយនៃឫសគល់អំពីបញ្ហាហិង្សាលើស្រ្តី និងពង្រឹងការអនុវត្តច្បាប់ ព្រមទាំងបង្កើតកញ្ចប់ថវិកា និងធនធានមនុស្សក្នុងការដោះស្រាយបញ្ហាទាំងនោះ។
នាពេលបច្ចុប្បន្ននេះ ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន ២៤ ក្រុមផ្សេងៗគ្នា ដែលមានចំនួនសរុប ២៥០.០០០ នាក់ ទៅ ៤០០.០០០នាក់ ឬ ២% ទៅ ៣% នៃចំនួនប្រជាជនកម្ពុជាសរុបប្រមាណ ១៦លាននាក់។ ក្នុងនោះស្រ្តីជនជាតិដើមភាគតិចមានប្រមាណជា ៥១%។ នេះបើតាមរបាយការណ៍ស្តីអំពីអំពើហិង្សាផ្អែកលើយេនឌ័រលើស្រ្តីជនជាតិដើមភាគតិចក្នុងខេត្តចំនួនបី គឺខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
ទន្ទឹមនឹងការផ្សព្វផ្សាយរបាយការណ៍ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងជនជាតិដើមភាគតិចប្រមាណជា ១០០ នាក់ បានប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី ២៨ ក្រោមប្រធានបទ «តួនាទីស្រ្តីជនជាតិដើមភាគតិចក្នុងការអភិរក្ស និងការផ្ទេរចំណេះដឹងប្រពៃណី» ផងដែរ។
អ្នកស្រី រម៉ាស់ សារ៉ន តំណាងស្រ្តីជនជាតិដើមភាគតិច ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី រម៉ាស់ សារ៉ន តំណាងស្រ្តីជនជាតិដើមភាគតិច លើកឡើងថា របាយការណ៍នេះមានសារៈសំខាន់ណាស់សម្រាប់ឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងដោះស្រាយករណីហិង្សាផ្អែកលើយេនឌ័រ និងការរំលោភសេពសន្ថវៈលើស្រ្តីជនជាតិដើមភាគតិច។
អ្នកស្រី រម៉ាស់ សារ៉ន ថ្លែងថា៖ «ខ្ញុំគិតថា របាយការណ៍ទាក់ទងនឹងអំពើហិង្សាលើយេនឌ័រលើស្រ្តីជនជាតិដើមភាគតិចនេះ មានសារៈសំខាន់មែនទែន ដើម្បីគ្រប់ភាគីទាំងអស់ចាប់ផ្តើមចូលរួមចំណែកក្នុងការដោះស្រាយ ក៏ដូចជាយកលទ្ធផលដែលបានរកឃើញក្នុងរបាយការណ៍នេះ ដើម្បីដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍ ក៏ដូចជាផែនការសកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហានេះ»។
អ្នកស្រីថ្លែងបន្ថែមថា ប្រសិនបើមិនមានការស្រាវជ្រាវ ឬចងក្រងតួលេខអំពីការប្រើហិង្សា និងការរំលោភសេពសន្ថវៈនេះទេ នោះស្រ្តីជនជាតិដើមភាគតិច នឹងបាត់បង់ឱកាសក្នុងការរៀនសូត្រ និងធ្វើការងារ។
អគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមរបស់ក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត លើកឡើងថា របាយការណ៍នេះមិនមានតួលេខជាក់លាក់អំពីការកើនឡើងនៃការប្រើហិង្សា និងរំលោភសេពសន្ថវៈ ហេតុនេះមិនទាន់អាចបញ្ជាក់ថាពិតជាមានការកើនឡើង ឬថយចុះនៅឡើយ។ អ្នកស្រីថ្លែងបន្ថែមដោយទទួលស្គាល់ថា អាជ្ញាធរដែលអនុវត្តការងារនៅមូលដ្ឋានមានផ្នត់គំនិតរើសអើងស្រ្តីជនជាតិដើមភាគតិច ហើយវិធីសាស្រ្តក្នុងការទំនាក់ទំនងនៅមានកម្រិតដោយសារបញ្ហាភាសា និងអាចដោយសារជនជាតិដើមភាគតិចមួយចំនួន នៅប្រកាន់ប្រពៃណីទំនៀមទម្លាប់មិនឱ្យអ្នកដទៃជ្រៀតជ្រែកជាដើម។
អ្នកស្រី ស ស៊ីណែត អគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមរបស់ក្រសួងកិច្ចការនារីថ្លែងក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
ទោះយ៉ាងណាក្តី អ្នកស្រីថ្លែងថា ក្រសួងកិច្ចការនារីបាននិងកំពុងទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះតាមរយៈការប្រមូលឯកសាររៀងរាល់ ៥ ឆ្នាំម្តង និងបន្ថែមផែនការសកម្មភាពនិងយុទ្ធសាស្ត្រជាច្រើនទៀត។
អ្នកស្រី ស ស៊ីណែត ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «យើងរៀបចំ policy [គោលនយោបាយ] មានទាំងពីយុទ្ធសាស្រ្តនារីរតនៈទី ៥ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី មានទាំងពីផែនការសកម្មភាពស្តីពីការបង្ការការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះវ័យជំទង់»។
អ្នកស្រី ស ស៊ីណែត ថ្លែងទៀតថា រាល់សកម្មភាព និងយុទ្ធសាស្រ្តដែលចេញដោយក្រសួងកិច្ចការនារី ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ និងប្រាប់ពីផលប៉ះពាល់ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ព្រមទាំងឱកាសផ្សេងៗដល់ក្មេងស្រី និងស្រ្តីជនជាតិដើមភាគតិច៕