IOM ៖ ចំនួនជន​ទេសន្តរប្រវេសន៍​​មក​ដល់​ទ្វីប​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៥កើនដល់មួយ​​លាន​នាក់

​ជន​ចំណាកស្រុក​និង​ជនភៀសខ្លួនដើរ​នៅ​លើ​ឆ្នេរ​សមុទ្រ​មួយ​បន្ទាប់​ពី​បាន​ឆ្លង​កាត់​សមុទ្រ​ ពី​តួកគី​ទៅ​កាន់​កោះ Lesbos ​នៃ​ប្រទេស​ក្រិក កាលពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​និយាយ​ថា ​ចំនួន​ជន​ចំណាកស្រុក​និង​ជនភៀសខ្លួន​ចូល​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​ឆ្នាំ២០១៥​បានកើនឡើង​លើសពីមួយ​លាន​នាក់​ហើយ​ ដែល​ជា​លំហូរ​ជន​ភៀសខ្លួន​ច្រើន​បំផុត​ចាប់​តាំង​ពី​ការ​បញ្ចប់សង្គ្រាម​លោកលើកទី​ពីរ​មក។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ហ្ស៊ឺណែវ​ (Geneve) បាន​ចេញ​ផ្សាយ​តួលេខ​កាល​ពី​ថ្ងៃអង្គារ​ថា​ ក្រុម​ជន​ចំណាកស្រុក​១.០០៥.៥០៤ នាក់​មក​ពី​ទ្វីប​អាហ្វ្រិក​ និង​ភូមិភាគ​មជ្ឈិមបូព៌ា​បាន​ឆ្លង​កាត់​ចូល​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប​តាម​ផ្លូវ​គោក​និង​ផ្លូវ​សមុទ្រ​ដោយ​មាន​ចំនួន​បួន​ដង​លើស​ពី​ចំនួន​កាល​ពី​ឆ្នាំ២០១៤។​

លោក Joel Millman អ្នក​នាំ​ពាក្យ​នៃ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​និយាយ​ប្រាប់​ VOA ថា​ មាន​កត្តា​មួយ​ចំនួន​ដែល​នាំ​ឱ្យ​មាន​លំហូរ​ជន​ភៀសខ្លួន​ច្រើន​បែប​នេះ​ ដែល​គេ​មិន​បាន​គិត​ទុក​ជា​មុន​ ក៏​ប៉ុន្តែ​កត្តា​ធំ​បំផុត​គឺ​ការ​ប្រែប្រួល​ខាង​ប្រជាសាស្ត្រ​នៅ​ក្នុង​ភូមិភាគ​មជ្ឈិមបូព៌ា។​

ក្រុម​ជន​ភៀសខ្លួន​មក​ពី​ប្រទេសស៊ីរី​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​ស៊ីវិល​ប្រាំ​ឆ្នាំ​មក​ហើយ ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​២សែន​នាក់​ស្លាប់​និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ទៀត​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​មាន​ចំនួន​ពាក់​ណ្តាល​នៃ​ចំនួន​ជន​ចំណាកស្រុក​និង​ជនភៀសខ្លួន​ទាំង​អស់ ហើយ​បន្ទាប់​មក​មាន​ជន​ភៀស​ខ្លួន​មក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប្រទេស​អ៊ីរ៉ាក់​ ដែល​ជា​ប្រទេស​ហែកហួរ​ដោយសារ​សង្គ្រាម​ដែរ​នោះ៕​