សេចក្តីរាយការណ៍​៖ មនុស្ស​ប្រមាណ​២០​នាក់​ស្លាប់​នៅ​ក្នុង​ការ​បាញ់ប្រហារ​ក្នុង​ព្រះវិហារ​គ្រិស្ត​មួយ​នៅ​រដ្ឋ តិចសាស

មនុស្ស​ម្នា​ប្រមូលផ្តុំ​គ្នា​នៅ​មជ្ឈមណ្ឌល​សហគមន៍​ដើម្បី​រង់ចាំ​ព័ត៌មាន​ពី​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ព្រះវិហារ​សាសនា​គ្រិស្ត និកាយ Baptist មួយ​ក្នុង​ក្រុង Sutherland Springs រដ្ឋ តិចសាស កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

មន្ត្រី​ក្នុង​តំបន់​ម្នាក់​បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន CNN ថា លោក​ត្រូវ​បាន​គេ​ប្រាប់​ថា មនុស្ស​ជាង​២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ​ក្នុង​ព្រះវិហារ​សាសនា​គ្រិស្ត​មួយ​នៅ​ប៉ែក​ខាង​ត្បូង​រដ្ឋ តិចសាស កាល​ពី​ថ្ងៃ​អាទិត្យ។

មន្ត្រី​សង្កាត់​រូប​នោះ​ក៏​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន CNN ថា មនុស្ស​២០​នាក់​ផ្សេង​ទៀត​បាន​រងរបួស នៅ​ពេល​ដែល​បុរស​ម្នាក់​បាន​ដើរ​ចូលទៅ​ក្នុង​ព្រះវិហារ​សាសនា​គ្រិស្ត និកាយ Baptist មួយ ក្នុង​ក្រុង Sutherland Springs រដ្ឋ តិចសាស នៅ​វេលា​ម៉ោង​ប្រមាណ ១១:៣០ នាទីព្រឹក ហើយ​បាន​ចាប់​ផ្តើម​បើក​ការ​បាញ់​ប្រហារ។ ប៉ូលិស​បាន​រុំបង់ស្អិត​នៅ​ជុំវិញ​កន្លែង​កើតហេតុ។ ​
អ្នក​បាញ់ប្រហារ​រូប​នោះ​ត្រូវ​បាន​បង្ក្រាប​ដោយ​ប៉ូលិស ហើយ​ឥឡូវ​នេះ​បាន​ស្លាប់​ហើយ។ នេះ​បើយោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​មួយ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា លោក​កំពុង​តែ​តាមដាន​ស្ថានភាព​នេះ​ពី​ប្រទេស​ជប៉ុន​មក នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អាស៊ី​ចំនួន​៥។

ក្រុង Sutherland Springs ស្ថិត​នៅ​ចម្ងាយ ៤៨ គីឡូម៉ែត្រ ប៉ែក​អាគ្នេយ៍​ពី​ទីក្រុង San Antonio៕