មូលដ្ឋាន​យោធា​នៅ​លើ​កោះដាច់​ស្រយាល​នឹង​ជួយ​ឥណ្ឌូ​ណេស៊ី​ប្រឆាំង​នឹង​ការពង្រីក​ដែនសមុទ្រ​របស់​ចិន​​

ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo (ស្តាំទីបី) អម​ជាមួយ​នឹង​មន្រ្តី​ៗ​នៅ​លើ​នាវា KRI Imam Bonjol កោះ Natuna ប្រទេស​ឥណ្ឌូណេស៊ី។

មូលដ្ឋាន​យោធា​ថ្មី​របស់​ឥណ្ឌូណេស៊ីនៅ​លើ​កោះដាច់​ស្រយាល​មួយ​នៅ​ជិត​សមុទ្រ​ចិន​ខាងត្បូង​មាន​ជម្លោះ​នឹង​ជួយ​បង្អាក់​ទូក​នេសាទ​របស់​ចិន​ ​និង​ការ​យាមល្បាត​របស់​ចិន​នៅ​តាម​ឆ្នេរសមុទ្រ​ខណៈ​ទីក្រុង​ប៉េកាំង​កំពុង​ពង្រីក​ការ​កាន់កាប់​របស់​ពួកគេ​នៅក្នុង​ដែនសមុទ្រ​មួយ​នេះ​។​ ​

ប្រទេស​ឥណ្ឌូណេស៊ីដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ដែល​ធ្លាប់​បាន​ដុត​កម្ទេច​ទូក​នេសាទ​របស់​ចិន​បាន​សាងសង់​មូលដ្ឋាន​យោធា​ថ្មី​មួយ​កាលពី​ខែមុន​នៅ​លើ​បណ្តា​កោះ​ Natuna ដោយ​បាន​ដាក់​យោធា​ជាង​ ​១.០០០នាក់​នៅ​លើ​កោះ​នោះ​។​ ​នេះ​បើ​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​នៅ​តំបន់​អាស៊ី​បាន​រាយការណ៍​កាលពី​ខែធ្នូ​។​ ​មូលដ្ឋាន​យោធា​ថ្មីនេះ​មាន​ទីតាំងនៅ​ជិត​កំពង់ផែ​ ​Selat​ ​Lamah ដែល​មានស្រាប់​រួច​ទៅ​ហើយ​ ​គឺជា​ឃ្លាំង​ស្តុក​ឧប​ក​រណ៍ដ្រូន​ ​និង​សម្ភារៈ​ហ្វឹកហាត់​ដល់​កងកម្លាំង​យោធា​សម្រាប់​ប្រតិបត្តិ​ការ​ផ្សេងៗ។​ ​

​គេហទំព័រ​សារព័ត៌មាន Jakarta​ ​Globe​ រាយការណ៍​ថា​រដ្ឋ​សភា​ឥណ្ឌូណេស៊ីបាន​ផ្តល់​ថវិកា​សម្រាប់​សាងសង់​មូលដ្ឋាន​យោធា​កាលពី​ឆ្នាំ២០១៦​ ​ដោយ​អនុប្រធាន​រដ្ឋសភា​បាន​លើកឡើង​នា​ពេលនោះ​ថា​មូលដ្ឋាន​នេះ​អាច​ធានា​ដល់​សិទ្ធិ​ដែន​អធិបតេយ្យ​ភាព​របស់​ប្រទេស​ ​ដើម្បី​រុករក​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​នោះ​។​ ​

​ក្រុម​អ្នកវិភាគ​និយាយ​ថា​ ​មន្រ្តី​ឥណ្ឌូណេស៊ី​ចង់​ការពារ​ដែនទឹក​របស់​ពួកគេ​ដោយ​បាន​សង់​មូលដ្ឋាន​យោធា​តាំងពី​ឆ្នាំ២០១៤ដើម្បី​បញ្ឈប់​មិន​ឲ្យ​ទូក​នេសាទ​របស់​ចិន​ចូលនេសាទ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ពួកគេ​ ​និង​ដើម្បី​ជួយ​បង្ហាញ​ពី​ការគ្រប់គ្រង​យ៉ាង​មានប្រសិទ្ធភាព​នៃ​កោះNatunaដោយខ្លួនឯង​ប្រសិនបើ​មា​នប​ណ្តឹង​ស្របច្បាប់​ណាមួយ​ទៅ​តុលាការ​នៅពេលអនាគត​។​ ​ពួកគេ​រំពឹង​ថា​ប្រទេស​ចិន​នឹង​កាត់បន្ថយ​សកម្មភាព​នេសាទ​របស់​ពួកគេ​។​ ​

​លោកAlan​ ​Chonសាស្រ្ត​ចារ្យ​រង​ផ្នែកការ​សិក្សា​អន្តរជាតិ​នៃ​សាលា​អន្តរជាតិ​ ​S​.​ ​Rajaratnamនៅ​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា​«​ប្រសិនបើ​យើង​មិន​ដាក់មូលដ្ឋាន​នៅ​ទីនោះ​ទេ​ ​អំណាច​អរិភាព​មួយចំនួន​ប្រហែលជា​ច្បាម​យក​កោះ​មួយ​នេះ​។​ប្រទេស​ចិន​ដែល​បាន​ចាក់​ដី​បង្កើត​កោះ​សិប្ប​និមិ្មត​ពីមុន​មក​អាច​ទាមទារ​យក​កោះ​ ​Natunasនា​ពេល​អនាគត​ផង​ដែរ​»​។​ ​

​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​បច្ចុប្បន្ន​ប្រទេស​ចិន​ទាមទារ​កាន់កាប់​លើ​ទំហំ៣លាន៥សែន​គីឡូម៉ែត្រ​ការ៉េ​នៃ​ ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចាប់ពី​ប្រជុំកោះ​ ​Natunaរហូតដល់​ចិនដីគោក​។​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ទាមទារ​កាន់កាប់​កោះNatunaទេ​ ​ប៉ុន្តែ​កាលពី​ឆ្នាំ២០១៦ក្រសួង​ការបរទេស​ចិន​បាន​អះអាង​អំពី​សិទ្ធិ​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ទូក​នេសាទ​របស់​ពួកគេ​ប្រើប្រាស់​ដែនទឹក​នៅ​ជិត​ប្រជុំកោះ​នេះ​។​ ​

​ប្រទេស​ប្រ៊ុយណេ​ ​ម៉ាឡេស៊ី​ ​តៃវ៉ាន់​ ​ហ្វីលីពីន​ ​និង​វៀតណាម​បាន​ប្រឆាំង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​ ​ប្រទេស​ចិន​បាន​ធ្វើឲ្យ​ប្រទេស​ដ៏​ទៃ​ទៀត​ខឹង​សម្បា​តាមរយៈ​ការ​ចាក់​ពង្រីក​ដី​នៅ​តាម​កោះ​តូច​ៗ​មាន​ជម្លោះ​ដើម្បី​សាងសង់​មូលដ្ឋាន​យោធា​របស់​ខ្លួន​។​

​ប្រទេស​ឥណ្ឌូណេស៊ីដែល​មានការ​មួរ​ម៉ៅ​ជាយូរមកហើយ​ដោយសារ​ការ​ខ្វះខាតអំណាច​កងទ័ពជើងទឹក​ ​ទោះបីជា​ខ្លួន​មាន​អធិបតេយ្យ​ភាព​គ្រប់គ្រង​កោះ​ចំនួន​ ​១៣.០០០ក៏ដោយ​នោះ​ ​បាន​ដុត​បំផ្លាញ​ទូក​នេសាទ​បរទេស​ជា​សាធារណៈ​កាលពី​ឆ្នាំ២០១៧ដើម្បី​ព្រមាន​ប្រឆាំង​នឹង​ការរំលោភ​បំពាន​នានា​ ​និង​ដើម្បី​ក្រឿ​នរំឭក​ដល់​ប្រទេស​ចិន​។

​លោក​ ​Jay​ ​Batongbacalសាស្រ្តា​ចារ្យ​ផ្នែក​កិច្ចការ​ដែនសមុទ្រ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ហ្វីលីពីន​បាន​និយាយ​ថា​ភាគ​ច្រើ​នៃ​ទូក​នេសាទ​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​ទាំងនោះ​គឺជា​របស់​ចិន​ ​ហើយ​ពេលខ្លះ​នាវា​ល្បាត​តាម​ឆ្នេរ​របស់​ចិន​ជួយការ​ពារ​ដល់​ទូក​សា​ទទាំ​ងនោះ​ទៀតផង​។​ ​

​កាលពី​ឆ្នាំ២០១៦​ ​នាវា​របស់​ឥណ្ឌូណេស៊ី ​និង​នាវា​របស់​ចិន​បាន​ប៉ះទង្គិច​គ្នា​បីដងជុំវិញ​បញ្ហា​ទូក​នេសាទ​របស់​ចិន​។​ ​ភាគី​ទាំងពីរ​បាន​ប្រឈមមុខ​ដាក់គ្នា​នៅពេល​ដែល​អាជ្ញា​ធរ​ឥណ្ឌូណេស៊ីព្យាយាម​រឹបអូស​យក​ទូក​នេសាទ​របស់​ចិន​ ​ប៉ុន្តែ​ត្រូវ​បាន​នាវា​ល្បាត​ឆ្នេរសមុទ្រ​របស់​ចិន​ធ្វើអន្តរាគមន៍​។​

​លោក​ ​Batongbacal បាន​និយាយ​ថា​«​ខ្ញុំ​គិតថា​ប្រទេស​ឥណ្ឌូណេស៊ីបាន​ទទួលស្គាល់​ថា​បញ្ហា​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ​ ​ហើយ​ការ​សង់​មូលដ្ឋាន​យោធា​នៅ​លើ​កោះ​ ​Natuna​ ​គឺជា​រឿង​ត្រឹមត្រូវ​ពីព្រោះ​ថា​តំបន់​នេះ​ស្ថិតនៅ​ភាគ​ជើង​បំផុត​ដូច្នេះ​ពួកគេ​អាចយ​ក​ទីតាំង​នេះ​ធ្វើការ​ត្រួតពិនិត្យ​សកម្មភាព​នេសាទ​របស់​ចិន​និង​ចាត់វិធានការ​បា​នភ្លាមៗ។​

​កាលពី​ឆ្នាំមុន​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្តូរ​ឈ្មោះ​ផ្នែក​មួយ​នៃ​តំបន់​សមុទ្រ​មាន​ជម្លោះ​ជាស​មុទ្រ Natuna​ ​ភាគ​ខាងជើង​ ​ដែល​ការណ៍​នេះ​បាន​ធ្វើឲ្យ​ប្រទេស​ចិន​ខឹង​សម្បា។​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​ហៅ​តំបន់​នៅ​ជិត​កោះ​ ​Borneoថា​ជាស​មុទ្រ​ចិន​ខាងត្បូង។​ ​មុន​បើក​មូលដ្ឋាន​យោធា​ ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​យក​កោះ​នេះ​ធ្វើជា​កន្លែង​សម្រាប់​ចុះចត​យន្តហោះ​និង​បាន​ដំឡើង​មូលដ្ឋាន​យោធា​តូច​មួយ​សម្រាប់​ទាហានជើងទឹក​តែប៉ុណ្ណោះ​នៅ​លើ​កោះ Natunaនេះ​។​

​ទូក​នេសាទ​ពី​ប្រទេស​ផ្សេង​ៗ​បាន​ចូល​នេសាទ​នៅក្នុង​ដែនទឹក​ដែល​ឥណ្ឌូណេស៊ី​ទាមទារ​កាន់កាប់​ ​ហើយ​ឥណ្ឌូណេស៊ី​បាន​រឹបអូស​យក​ទូក​ទាំងនោះ​។​ ​ប៉ុន្តែ​ឥណ្ឌូណេស៊ី​គ្មាន​ជម្លោះ​ធំដុំ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​៕​

​ប្រែ​សម្រួល​ដោយ​ ​ស៊ូ​ ​ពេជ្រ​ចិន្តា