ព្រះ​អដិ្ឋ​សម្តេច​ឪ​យាង​គង់​ប្រថាប់​ក្នុង​ព្រះ​បរម​ចេតីយ​នៃ​ព្រះ​បរម​រាជ​វាំង

ប្រជា​ពលរដ្ឋ​បាន​អង្គុយ​តាម​បណ្តោយ​ផ្លូវ​សុធារស​ និង​ផ្លូវ​នរោត្តម​ ចូល​រួម​ពិធី​ដង្ហែ​ព្រះអដិ្ឋព្រះ​បរម​រតន​កោដ្ឋ​សម្តេច​ឪ​នរោត្តម​សីហនុ​ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០១៤។

សមាជិក​រាជ្យវង្ស​ មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ និងមេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួបជុំ​គ្នា​ក្នុង​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​អដិ្ឋ​ព្រះ​បរម​រតន​កោដ្ឋ​ដើម្បី​យាងគង់​ប្រថាប់​ក្នុង​ព្រះ​បរម​ចេតីយ​នៃ​ព្រះ​បរម​រាជ​វាំង។​

មេដឹកនាំ​គណបក្ស​គូ​ជម្លោះទាំង​ពីរ​មិន​បាន​និយាយ​រក​គ្នា​ទេ ​ពោល​គឺ​បាន​បែរ​ខ្នង​ដាក់​គ្នា​រៀងៗ​ខ្លួន។ ​ចំណែក​ឯ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ក៏​មិន​បាន​មាន​បន្ទូល​ច្រើន​ជាមួយ​នឹង​សមាជិក​រាជ​វង្ស​ដទៃ​ផ្សេង​ទៀត​ដែរ។

បើតាម​កម្មវិធី​ដូច​បាន​គ្រោង​ទុក ​ពីធិ​ដង្ហែ​ព្រះ​អដិ្ឋព្រះបរម​រតន​កោដ្ឋ​ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១២​ខែ​កក្កដា។​

មាន​ប្រជាពលរដ្ឋ​តិច​តួច​ប៉ុណ្ណោះ​បាន​ចូល​រួម​ពិធី​ដង្ហែ​ព្រះអដិ្ឋ។ ចំណែក​ឯក​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យចូល​រួម​ទេ ​ដោយ​សារ​ក្រុម​កង​កម្លាំងមាន​សមត្ថ​កិច្ច​បាន​ដាក់​របាំង​ការពារ​ជុំវិញ​បរិវេណ​នៃ​ក្បួន​ដង្ហែ​ព្រះ​អដិ្ឋ។​

ព្រះ​អដិ្ឋ​សម្តេច​ឪ​នរោត្តម​សីហនុ​ត្រូវ​បាន​តម្កល់​លើ​ព្រះ​រាជ​រថ​ហង្ស​ដោយ​មាន​សមាជិក​រាជ​វង្ស​ ​មន្ត្រី​រដ្ឋាភិបាល​ កង​កម្លាំងមាន​សមត្ថ​កិច្ច​ និង​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ដើរ​ហែ​ហម​ចេញ​ពី​បរិវេណ​ព្រះ​បរម​រាជ​វាំង​ឆ្ពោះ​តាម​វិថី​នរោត្តម​ រួច​បត់​តាម​វិថី​ព្រះ​សុធារស​ ​យក​ទៅ​តម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង​ដោយ​មាន​បាញ់​កាំភ្លើង​ធំ​ខ្នាត​១០០​មម​ទៀត​ផង។​

សម្លេង​បាញ់​កាំភ្លើង​ធំបាន​បន្លឺឡើង។​

ព្រះ​មហា​ក្សត្រ​សម្តេច​ម៉ែ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ ដែល​បាន​ដឹក​នាំ​សមាជិក​សភា​ជាប់​ឆ្នោត​មួយ​ចំនួន​ មិន​បាន​យាង ​និង​ដើរ​ដង្ហែ​ដោយ​ថ្មើរ​ជើងទេ​គឺ​បាន​គង់​និង​រង់​ចាំ​ក្នុង​ព្រះ​បរម​រាជ​វាំង។​

ប្រជា​ពលរដ្ឋ​បាន​អង្គុយ​តាម​បណ្តោយ​ផ្លូវ​សុធារស​ និង​ផ្លូវ​នរោត្តម​ មាន​គ្នា​មិន​ដល់​១ម៉ឺន​នាក់​ទេ ​ដោយ​សារ​តែ​មាន​ការកំណត់​ចំនួន​អ្នក​ចូល​រួម​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​អដ្ឋិ​នេះ និង​មានការរិត​បន្តឹង​សន្តិសុខ​យ៉ាង​មាំទាំ​ ​ដែល​ភាគ​ច្រើន​ជា​កង​អគ្គរក្ស​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

ប្រជា​ពលរដ្ឋ​ខ្លះ​បាន​ស្រែក​ទ្រហោ​យំ​ និង​ខ្លះ​ទៀត​រលីង​លោង​ទឹក​ភ្នែក​នៅ​ពេល​ដែល​ព្រះ​អដ្ឋិ​សម្តេច​ឪ​យាង​កាត់​មុខ។​

ស្ត្រី​ម្នាក់​បាន​ស្រែក​យំ​ថា៖ ​«កូន​ស្តាយ​សម្តេច​ឪ។​ ​សូម​ជូន​ពរ​សម្តេច​ម៉ែ​ឲ្យមាន​ព្រះជន្ម​ជាង​រយ​ព្រះ​វស្សា។ កូន​ស្តាយ​ណាស់»។

សម្តេច​ឪ​នរោត្តម​សីហនុ​បាន​សោយ​ព្រះ​ទិវង្គត់​កាល​ពី​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០១២​ ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា​ ដោយ​សារ​ជម្ងឺ​គាំង​បេះ​ដូង​នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ប្រជាមានិត។

ស្ត្រី​វ័យ​ចំណាស់​មួយ​ក្រុម​ដែល​ឈរ​កាន់​ធូប​ ទៀន​ និង​ផ្កា​ក្បែរ​ព្រះ​បរម​រាជ​វាំង​បាន​ជូន​ពរ​ដល់​ព្រះ​ព្រលឹង​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ​ឲ្យយាងទៅ​កាន់​សុគតិភព។​

ស្ត្រី​ម្នាក់និយាយ​ថា៖​ «បាន​ព្រះ​អង្គ​យាងទៅ​សូម​ឲ្យសុខ​សប្បាយ ​ជួយ​បី​បាច់​ថែ​រក្សា​កូន​ចៅ។ ​សូម​ឲ្យបាន​សុខ​ បាន​ចម្រើន​ ព្រះ​អង្គ​ហើយ។​ ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រសង្ឃ​ជួយ​ថែរក្សា​កូន​ចៅ​ ដែល​នៅ​រស់​ក្រោយ​នេះ ​សូម​ឲ្យបាន​សុខ»។​

ព្រះ​បរម​សព​សម្តេច​ឪ​ត្រូវ​បាន​ធ្វើ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៣ ​ដែល​ពេល​នោះ​មាន​ប្រជា​ពលរដ្ឋ​ច្រើនលាន​នាក់​បាន​ចូល​រួម​ដោយ​ក្តី​ក្តុក​ក្តួល​ជាទី​បំផុត៕