ការ​បែកបាក់​ខាង​សាសនា​និង​បញ្ហា​គ្មាន​ការងារ​ធ្វើ​នាំឱ្យ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ឥណ្ឌា​មាន​កង្វល់​ខ្លាំង តែ​លោក Modi នៅ​ទទួល​ការ​គាំទ្រច្រើន

  • Anjana ​Pasricha

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ឥណ្ឌឫ​លោក Narendra Modi លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​ នៅ​ខេត្ត Uttar Pradesh ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ខណៈប្រទេសឥណ្ឌាធ្វើការ​បោះឆ្នោតតាម​ដំណាក់​កាល​ នាង​ Pavni Mishra និស្សិត​រៀន​យក​បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ Delhi ចង់​ឱ្យ​ពួក​មេដឹកនាំប្រទេសផ្តោតលើ​បញ្ហា​របស់​ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេងដូច​នាង តែ​នាងបារម្ភថា​បញ្ហា​ទាំង​នោះ​មិន​មាន​ការ​យក​ចិត្តទុក​ដាក់​នៅ​ក្នុង​យុទ្ធនាការមានការបែកបាក់​គ្នា។

នាង Mishra បាននិយាយថា៖ ​«យើង​គួរ​មាន​ការ​ប្រកួតប្រជែង​គ្នា​ខាងនយោបាយ​ដោយ​ល្អ​ប្រសើរជាជាង​និយាយអំពីសាសនា។ យើង​គួរ​និយាយអំពី​ការ​សិក្សាអប់រំ យើង​គួរ​និយាយអំពី​ការងារ អំពី​ធ្វើ​បែប​ណាដើម្បីផ្តល់​អំណាច​ដល់​ស្ត្រីនិង​ពង្រីកសហគ្រាស​បង្កើត​ថ្មី startup នៅ​ក្នុង​ប្រទេស​នេះ‍»។​

នៅពេល​ចាប់ផ្តើមការឃោសនា​បោះឆ្នោត​របស់​លោក​កាលពីខែ​មេសា នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាននិយាយអំពីទស្សនវិស័យរបស់​លោក ធ្វើប្រទេស​ឥណ្ឌាឱ្យ​ក្លាយជា​ប្រទេសអភិវឌ្ឍមិនហួស​ពី​ឆ្នាំ ២០៤៧​ និង​អំពី​កម្មវិធីសុខុមាលភាព​ក្នុង​ពេល​មួយទសវត្សរ៍ដែល​លោក​កាន់អំណាចដែល​បាន​ជួយក្រុម​ជន​ក្រីក្រ។

តែនៅ​ក្នុងការ​ប្រជុំឃោសនាបោះឆ្នោត​របស់​លោក​កាល​ពីប៉ុន្មាន​សប្តាហ៍​មក​នេះ មេដឹកនាំ​ជាតិនិយមហិណ្ឌូរូប​នេះ​បាន​ចោទ​ប្រកាន់គណបក្សសមាជ Congress Party អំពីផែនការ​ផ្តល់អត្ថប្រយោជន៍ថែមទៀតឱ្យ​ក្រុម​អ្នក​កាន់​សាសនា​អ៊ិស្លាម ​ប្រសិន​បើ​ខ្លួនជាប់ឆ្នោត​ឡើង​កាន់អំណាច។ លោក​ក៏​បាន​ព្រមានស្ត្រី​ថា ក្រុម​ប្រឆាំងនឹងរឹបអូសយក​មាសពួក​គេ​និង​ចែកចាយទៅ​ឱ្យក្រុម​ជនភាគតិច​ធំ​បំផុត​នៃ​ប្រទេស​ឥណ្ឌា។ គេ​ឃើញ​ថា​ វោហារសាស្ត្រ​បំបែកបំបាក់​នេះ​ជា​ការ​ប្រឹងប្រែងឱ្យ​មាន​ការ​គាំទ្រ​ពីក្រុម​ជន​ភាគ​ច្រើន​ហិណ្ឌូ​នៅ​ឥណ្ឌា​ នៅ​ពេល​លោកខិតខំឱ្យ​បាន​កាន់​តំណែង​សម្រាប់​អាណត្តិទី​ ៣។

គណបក្ស Bharatiya Janata ឬ BJP របស់​លោក Modi ប្រកួតប្រជែង​ជាមួយសម្ពន្ធភាព​មួយនៃ​ក្រុម​ប្រឆាំងដែល​មានរួម​គណបក្ស​សមាជ​ដែរ ដែល​មេដឹកនាំ​គឺ​លោក Rahul Gandhi ជា​គូប្រជែងធំ​បំផុត​របស់​លោក​នាយករដ្ឋមន្ត្រី។​

លោក Modi បានច្រានចោល​ការរិះគន់​ថា លោក​បំបែកបំបាក់​ពួក​ហិណ្ឌូនិង​ពួកអ្នក​កាន់​សាសនា​អ៊ិស្លាមដើម្បីឱ្យ​ឈ្នះ​ឆ្នោត។ ចំណែក​ឯ​លោក Gandhi វិញ​បា ន​បដិសេធការ​ចោទរបស់​លោក Modi ថា ​លោកមាន​ផែនការ​អនុគ្រោះ​ក្រុមជន​មូស្លីម ដែល​ជា​ក្រុម​ជនភាគតិច​ធំ​បំផុត​នៅឥណ្ឌា។

ក្រុមអ្នក​បោះឆ្នោត​លើក​ដំបូង​ ១៨​ លាន​នាក់នៅ​ឥណ្ឌា ​នៅ​ក្នុង​ការ​បោះឆ្នោត​ទូទៅ​ មាន​រួមនិស្សិត​រៀន​យក​បរិញ្ញាប័ត្រ​រាប់​លាន​នាក់។ ​សម្រាប់​និស្សិតជា​ច្រើន បញ្ហា​សំខាន់​បំផុត​គឺ​ថា តើ​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោតនឹង​បង្កើត​ការងារ​ច្រើន​ជាង​មុនដោយ​បែប​ណា ​នៅ​ក្នុង​ប្រទេស​មួយដែល​ទោះ​ជា​មាន​សេដ្ឋកិច្ច​លូតលាស់​ក៏​ដោយ​ ក៏ការ​រក​ការងារ​ធ្វើ​សម្រាប់​និស្សិត​រៀនចប់​បរិញ្ញាប័ត្រ​បាន​ក្លាយ​ជា​បញ្ហាធំ​មួយ។

យុវជន Shreyas Sood អាយុ ១៩ ឆ្នាំបាន​ថ្លែង​ថា៖ «ខ្ញុំចង់បាន​រដ្ឋាភិបាលមួយ​មាន​យុត្តិធម៌​ដែលរក​ការងារ​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា»។

និស្សិតម្នាក់ទៀត​ ដែល​មិន​ចង់បញ្ចេញ​ឈ្មោះបាន​និយាយថា ​នាង​ក៏​មាន​ការ​ពិបាកដែរ​ក្នុងការ​សុំ​ហត្ថការ​ការងារ។​

នាង​បាន​ពោល​ថា៖ «ខ្ញុំ​យល់​ថា ​កង្វល់​គឺ​អំពី​ការ​ធ្វើ​ឱ្យ​មាន​ការងារបាន​ប្រាក់បៀវត្សរ៍​សមរម្យដើម្បី​រស់។ មនុស្ស​គ្រាប់​គ្នា​តប់​ប្រមល់​ក្នុង​ចិត្ត»។​

និស្សិត​ទាំង​នេះមានហេតុផល​នាំ​ឱ្យព្រួយ​បារម្ភ។ ​បើ​តាមរបាយការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះដោយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ថា អត្រា​និស្សិតមាន​បរិញ្ញាប័ត្រ​គ្មាន​ការងារ​ធ្វើ​គឺ​ ២៩,១% គឺ​ ៩ ដង​ច្រើន​ជាង​អត្រា​របស់អ្នក​មាន​ការ​សិក្សា​អប់រំ​តិច​ជាង​នេះ។​

ទោះ​ជាមាន​កង្វល់​បែប​នេះ​ក៏​ដោយ​ ក៏​រូបភាព​ដែល​លោក Modi ​ជា​មេដឹកនាំខ្លាំងក្លាម្នាក់​ប្រកប​ដោយ​សាច់ការ ហើយ​បាន​កែ​លម្អមុខមាត់​ឥណ្ឌា​នៅ​ក្រៅ​ប្រទេសបាន​នាំឱ្យ​លោកទទួល​បានការ​គាំទ្រច្រើនពី​និស្សិតវ័យ​ក្មេង​ជាច្រើន។

នាង Pavni Mishra និងលោក Satvik Sharma ជា​និស្សិតរបស់​សាកលវិទ្យាល័យ Delhi នៅប្រទេស​ឥណ្ឌា។ (Anjana Pasricha/VOA)

B. Prerna និស្សិត​រៀន​យក​បរិញ្ញាប័ត្របាន​និយាយ​ថា៖ «លោកអ្នក​អាចទុក​ចិត្ត​លោក Modi។ ខ្ញុំយល់​ថា ជាមួយ​លោក​ ប្រទេស​មាន​សុវត្ថិភាព»។

និស្សិត​មួយ​ចំនួន​ទៀត​ក៏​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​ដែរ។

ការស្ទង់មតិ​មួយនៃ​ក្រុម​អ្នក​បោះឆ្នោត​លើក​ដំបូងដោយវិទ្យាស្ថានស្រាវជ្រាវ​ Lokniti និងមជ្ឈមណ្ឌល​សម្រាប់​សង្គមកំពុង​អភិវឌ្ឍ​ បញ្ជាក់​ថា​ លោក Modi ជាជម្រើសទី​ ១ សម្រាប់​មនុស្ស​ច្រើន​នាក់ដែលយល់​ថា ​លោក​អាច​ដោះស្រាយ​បញ្ហារបស់​យុវជនដូចជា​ការ​បង្កើតការងារ​ជា​ដើម។ ចំនួន ​២ភាគ​៣ នៃក្រុម​អ្នក​បោះឆ្នោត​ដំបូងថា ពួកគេបោះឆ្នោត​ឱ្យគណបក្ស Bharatiya Janata របស់​លោក Modi ហើយថា ​លោក Modi ស័ក្តិ​សម​បំផុត​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ជាតិ។

បើ​តាម​លោក Rasheed Kidwai ថា៖ «ក្នុង​ចំណោមក្រុមយុវជន មាន​និន្នាការធម្មជាតិងាករេទៅ​នរណាដែល​លេច​មុខច្រើន ខ្លាំងក្លា​និងត្រូវ​ឃើញ​ថា​ ជាឥស្សរជនល្បី​ឈ្មោះ​ ដែល​ជា​មនុស្សប្រឹងប្រែងធ្វើ​ឱ្យ​មាន​លទ្ធផល។ ក្នុង​ករណី​នេះ​លោក Modi ត្រូវ​លក្ខណៈ​សម្បត្តិ​ជា​ច្រើន»។​

និស្សិតខ្លះថា​ ក្រុម​ប្រឆាំងដែល​ខ្សោយបាន​កម្រិត​ជម្រើស​របស់​ពួក​គេ។ លោក Rahul Gandhi​ មេដឹកនាំ​គណបក្ស​សមាជបាន​លើក​យកបញ្ហា​ការងារ​មក​និយាយនៅ​ក្នុងការប្រជុំ​ឃោសនាបោះឆ្នោតរបស់​លោក​ ​ហើយបាន​សន្យា​បង្កើត​ឱ្យ​មាន​ការ​ហត្ថការសម្រាប់​និស្សិតមហាវិទ្យាល័យ។ លោក​បាន​និយាយដែរ​ថា គណបក្ស​លោក​នឹង​ចាត់វិធានការដើម្បី​ដោះស្រាយវិសមភាពសេដ្ឋកិច្ច​កើន​ជាង​មុន​នៅ​ក្នុង​ប្រទេស។

តែ​និស្សិត​ជា​ច្រើនយល់​ថា​ គណបក្ស​សមាជ ដែល​ត្រូវដកចេញ​ដោយ​គណបក្ស BJP ជាបក្ស​ធំ​បំផុតរបស់​ឥណ្ឌា​កាលពី​ទសវត្សរ៍​មុន ថា​ជា​បក្ស​មួយ​មានជំងឺដែល​មិន​បាន​ធ្វើ​ខ្លួន​ឯង​ឱ្យទំនើប​ទាន់​សម័យកាល។

យុវជន Satvik Sharma និស្សិត​មហាវិទ្យាល័យបានថ្លែង​ថា៖ «យើង​ត្រូវ​តែ​បោះឆ្នោត​ឱ្យរដ្ឋាភិបាល​លោក Modi ពីព្រោះ​នៅពេល​នេះ ​លោកជា​ឥស្សរជន​តែ​ម្នាក់​គត់​ដែលឃើញ​ថា​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ។ ​និយាយ​ដោយ​ត្រង់​ទៅ នៅពេល​នេះ​ក្រុម​ប្រឆាំង​ខ្សោយ​ណាស់»។​

ក្រុមអ្នកវិភាគ​និយាយ​ថា អ្នក​បោះឆ្នោត​វ័យ​ក្មេង​ជា​ច្រើន​មិន​ឃើញ​មានជម្រើស​ណាមួយ​ក្រៅ​ពី​លោក Modi ទេ។

លោក Kidwai បានចង្អុល​បង្ហាញ​ថា៖ «ក្រុម​ប្រឆាំងបែកបាក់​គ្នា ហើយទោះជា​គណបក្ស​មួយ​ចំនួន​មាន​មេដឹកនាំ​ខ្លាំង​ក៏​ដោយ ក៏​ពួកគេ​មិនមែន​ជា​មេដឹកនាំ​មាន​ការ​គាំទ្រ​នៅទូទាំងឥណ្ឌា​ឡើយ។ លោក Rahul Gandhi មិនមែន​ជាបេក្ខជន​នាយករដ្ឋមន្ត្រីទេ»។

តែ​យ៉ាង​ណា​ក៏ដោយ ក៏​ក្រុមនិស្សិត​ដូច​ជា Sharma ជា​ដើម​បារម្ភអំពី​វោហារសាស្ត្របំបែក​បំបាក់និងការ​បែកបាក់​គ្នា​ខ្លាំង​ជាង​មុននៅពេលបក្ស BJP កាន់​អំណាចយូរ។

យុវជន​នេះ​ថា៖ «ប្រទេសនិងក្រុមយុវជនមាន​ភាព​ជ្រុលនិយមខ្លាំង​ណាស់ខាង​សាសនា ទោះ​ជា​សាសនា​ណា​ក៏​ដោយ។ ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​មាន​ភាព​សេរីនិយម​ជាង​នេះ​បន្តិច ចង់​ឱ្យ​យុវជន​មាន​ភាព​សេរីនិយមបន្តិច​ដែរ ហើយ​គិត​អំពី​ប្រទេស​ទាំងមូល​ហើយ​មិន​ត្រូវគិត​ថា​សាសនា​ពួកគេ​ខ្ពស់ខ្ពស់​ជាង​គេ​ឡើយ»។

ការ​ប្រើបញ្ហា​នានា​ដូច​ជាវណ្ណៈ​និង​សាសនា​ជា​ដើម​ដោយ​គណបក្ស​នយោបាយ​នានាបាន​នាំឱ្យនិស្សិត​ខ្លះស្រងាក​ចិត្ត​ខ្លាំង។

យុវជន Amaldev K បាន​និយាយថា៖ «យើងនៅ​តែ​ប្រយុទ្ធ​គ្នា​អំពី​សត្វ​លោក​ដែល​មាន​ក្នុង​ទេវកថា​ អំពី​អាទិទេព​និង​សាសនា។ យើង​គួរ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ប្រទេស​វិញ»។

យុវជន​រូបនេះ​មិន​អាច​ធ្វើដំណើរទៅ​បោះឆ្នោត​ក្នុង​រដ្ឋ Kerala ជា​រដ្ឋកំណើតរបស់​គាត់​បាន​ទេ។ តែ​គាត់​ថ្លែង​ថា​ បើ​គាត់​អាច​បោះឆ្នោត​បាន​វិញ​នោះ គាត់​នឹងយក​ជម្រើស​មួយដែលឥណ្ឌា​អនុញ្ញាត​ឱ្យ​មាន​លើសន្លឹក​ឆ្នោត​គឺ NOTA ឬ ”None of the Above” មានន័យ ​«មិន​ជ្រើសរើស​គណបក្ស​ណាមួយ​ទេ»​ដែលបញ្ជាក់​អំពី​ការ​មិន​ពេញ​ចិត្តរបស់​អ្នកបោះឆ្នោតម្នាក់នេះ​ដល់ពួក​បេក្ខជន​ទាំងអស់​ឥណ្ឌា៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ