ក្រសួង​ធម្មការ​ស្នើ​តុលាការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក ផែង វណ្ណៈ ទោះ​មាន​ការ​សុំ​ទោស​រួច​ហើយ

លោក ផែង វណ្ណៈ ជាអ្នក​សារព័ត៌មាន​​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ដែល​បាន​វាយ​ប្រហារ​​ខ្លាំងៗ​​ទៅ​លើ​ព្រះ​ចៅ​អធិ​ការ​វត្ត​មួយ​អង្គ​ក្នុង​ខេត្ត​សៀមរាប ​ដែល​​បាន​ដាក់​ពិន័យ​ឲ្យ​​វាយ​លោក​នេន​៣​អង្គ​នឹង​រំពាត់។ (រូបថត​ពី​ទំព័រ Facebook Pheng Vannak)

ក្រសួង​ធម្មការ​និង​សាសនា​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​តុលាការ​ខេត្ត​កណ្តាល​ឲ្យ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​លោក​ ផែង វណ្ណៈ អ្នក​សារព័ត៌មានប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ដែល​បាន​វាយ​ប្រហារខ្លាំងៗទៅ​លើ​ព្រះ​ចៅ​អធិ​ការ​វត្ត​មួយ​អង្គ​ក្នុង​ខេត្ត​សៀមរាប ​ដែលបាន​ដាក់​ពិន័យ​ឲ្យវាយ​លោក​នេន​៣​អង្គ​នឹង​រំពាត់។

លិខិត​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ធម្មការ​និង​សាសនា លោក ឈិត សុខុន ចុះ​ថ្ងៃ​ទី​១៩ ខែ​មីនា ត្រូវ​បាន​ដាក់​ទៅ​តុលាការ​ខេត្ត​កណ្តាល​ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ក្រោយមាន​ការ​សុំ​ទោស​ពី​លោក ផែង វណ្ណៈ ទៅ​ព្រះ​អង្គ​ចៅ​អធិការ​វត្ត​រាជ​បូណ៌​ក្នុង​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃ​សៅរ៍ ទី​២០ ខែ​មីនា។

លិខិត​របស់​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ថា​លោក ផែង វណ្ណៈ «បាន​ជេរ​ប្រមាថ​មក​លើ​ព្រះ​សង្ឃនិង​ពោ​ល​ពាក្យ​គំរាម​កំហែង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ចំពោះ​ព្រះ​សង្ឃ ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ»។

លិខិត​បន្ថែម​ថា​លោក ផែង វណ្ណៈ ដែល​ប្រើប្រាស់​ហ្វេស​ប៊ុក​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ និង​បង្ហាញ​គំនិត​របស់​លោក​លើ​ប្រធាន​បទ​អ្វី​មួយ បាន«ប្រមា​ថ​យ៉ាង​ធ្ងន់ធ្ងរ»​ដល់​អាយុ​ជីវិត​របស់​អ្នក​បួស។

នៅ​ក្នុង​លិខិត​នោះ រដ្ឋមន្រ្តី​ក្រសួង​ធម្មការ​បាន​ស្នើ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​លោក ផែង វណ្ណៈ ពី​បទ​ប្រមាថ​ចំពោះ​សង្ឃ​តាម​មាត្រា​៥១៦ បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង តាម​មាត្រា​៤៩៦​ និង​គំរាម​កំហែង​ថា​នឹង​សម្លាប់​ តាម​មាត្រា​២៣៣​នៃ​ក្រម​ព្រហ្មទណ្ឌ។

មាត្រា​៥១៦​ចែង​អំពី​ការ​ប្រមាថ​ចំពោះ​ព្រះ​សង្ឃ ដូនជី និង​តាជី ក្នុង​ក្រប​ខណ្ឌ​នៃ​មុខងារ​ឬ​ក្នុង​ឱកាស​បំពេញ​មុខងារ ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ថ្ងៃ​ទៅ​៦​ថ្ងៃ​និង​ពិន័យ​ជា​ប្រាក់​ពី​១​ពាន់​រៀល​ទៅ​១០​ម៉ឺន​រៀល។

អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា លោក សេង សុមុនី ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​លិខិត​ស្នើ​សុំ​របស់​ក្រសួង មិន​មែន​ជា​ការ​ដាក់​សម្ពាធ​លើ​តុលាការ​នោះ​ទេ ប៉ុន្តែ​ជា​នីតិវិធី​ដែល​ក្រសួង​យល់​ថា​ការ​លើក​ឡើង​របស់​លោក ផែង វណ្ណៈ បំពាន​ច្បាប់​ដែល​មាន​ជា​ធរមាន។

លោក​បន្ថែម​ថា​ការ​ជួប​សុំ​ទោស​របស់​លោក ផែង វណ្ណៈ ចំពោះ​ព្រះ​ចៅ​អធិការ​វត្ត ជា​ការ​ជួប​លក្ខណៈ​បុគ្គល​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​អាច​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​នោះទេ ដោយ​សារ​ករណី​នេះ​ជា​«ការ​ប្រមាថ​កាប់​សម្លាប់​»។

លោក​បញ្ជាក់​ថា៖ «អា​ហ្នឹង​ជា​ការ​ជួបជា​បុគ្គល ប៉ុន្តែ​ផ្លូវ​ច្បាប់ យើង​ត្រូវមាន​នីតិវិធី​ផ្លូវ​ច្បាប់»។

លោក ទិន សុចិត្រា ជា​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្តាល និង​ជា​អ្នក​នាំ​ពាក្យ​របស់​តុលាការ មាន​ប្រសាសន៍​ថា​តុលាការ​បាន​ទទួល​លិខិត​របស់​ក្រសួង​ធម្មការ​និង​សាសនា កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ហើយ​តុលាការ​នឹង​មាន​ចំណាត់​ការ​ជា​បន្ត​បន្ទាប់​តាម​នីតិវិធី។

VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ផែង វណ្ណៈ បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ តាម​រយៈ​លេខ​ទូរស័ព្ទ​និង​ប្រព័ន្ធ​តេលេក្រាម​(Telegram)​របស់​លោក។

វីដេអូ​នៃ​ការ​ដាក់​ពិន័យ​ជា​ការ​វាយ​ចំនួន​៥០​រំពាត់​លើ​លោក​នេន​៣​អង្គ​ ដែល​គង់​នៅ​វត្ត​រាជ​បូណ៌​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​ចែក​រំលែក​នៅ​ថ្ងៃ​ទី​ ១៤ ខែ​មីនា។ វីដេអូ​នេះ​ត្រូវ​បាន​លោក ផែង វណ្ណៈ យក​មក​វាយ​ប្រហារ​ខ្លាំង​ៗ រហូត​ដល់​ប្រើ​ពាក្យ​ពេចន៍​មួយ​ចំនួន ដែល​ត្រូវ​បាន​រិះគន់​ថា ​«ប្រមាថ» ​លើ​ព្រះ​ចៅ​អធិការ​វត្ត និង ​«អសីលធម៌»។

ព្រះ​អង្គ​ ពិន សែម ដែល​ជា​ព្រះ​ចៅ​អធិការ​វត្ត​រាជ​បូណ៌ ដែល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​លោក ផែង វណ្ណៈ មាន​សង្ឃ​ដីកា​ថា​ព្រះ​អង្គ​បាន​លើក​លែង​ទោស​ឲ្យ​លោក ផែង វណ្ណៈ រួច​ហើយ។ ប៉ុន្តែព្រះ​អង្គ​មិន​បាន​ដឹង​អំពី​នីតិវិធី​ផ្លូវ​ច្បាប់​នោះ​ទេ។

ព្រះ​អង្គ​បញ្ជាក់​ថា៖ «ហើយ​អាត្មា​ប្រាប់​ថា​បើ​អ្នក​ដែល​ដឹង​កំហុស​ហើយ មក​សុំ​ទោស​ដល់​អាត្មា [បើ]​អាត្មា​មិន​លើក​លែង​ទោស​ឲ្យ អាត្មា​ជា​មនុស្ស​ដ៏​អាក្រក់​ជាង​អ្នក​ម្ខាង​នោះ​ទៅ​ទៀត។ នេះ​អាត្មា​ជម្រាប​ថា​អញ្ចឹង អាត្មា​ដោះ​ស្រាយតែ​ខាង​សាសនា​ទេ។ រឿង​អា​អ្វី​ទាំង​អស់ អាត្មា​អត់​បាន​ដឹង អាត្មា​អត់​បាន​ជាប់​ជំពាក់​ទាក់​ទិន​ផងទេ»។

ក្រោយ​ការ​វាយ​ប្រហារ​កើត​ឡើង គណៈ​សង្ឃ​នាយក​នៃ​សាលា​គណ​ខេត្ត​សៀម​រាប ក៏​បាន​ស្នើ​ឲ្យ​សម្តេច​ព្រះ​សង្ឃ​នាយក​កម្ពុជា​ថ្កោល​ទោស​លោក ផែង វណ្ណៈ ​តាម​ច្បាប់​ដែល​មាន។ គណៈ​សង្ឃ​បន្ថែម​ថាអ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​បំផុត គឺ​បុគ្គល​ឈ្មោះ​ ផែង វណ្ណៈ បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​វាយ​ប្រហារ​ថា​«ប្រសិន​បើ​វាយ​កូន​ខ្ញុំ​បែប​នេះ ខ្ញុំ​អត់​ទៅ​ប្តឹង​ទេ ខ្ញុំ​ទៅ​បាញ់​ចោល​តែ​ម្តង​ចំពោះ​អ្នក​ប្រព្រឹត្ត»។

លោក សុក សំអឿន ជា​មេធាវី​ម្នាក់ក្នុង​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ថា​អ្វី​ដែល​គ្រាន់​តែ​និយាយលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​ការ​អនុគ្រោះ​ពី​ភាគី​ម្ខាង​ទៀត​ ដូច​ជា​មិន​មាន​រឿង​អ្វីធំ​ដុំ​ ពាក់​ព័ន្ធនឹង​ការ​ញុះញង់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ក្រែង​លោ​គេ​មាន​ភស្តុតាង​អី​ផ្សេង ពេល​ហ្នឹង​ខ្ញុំ​មិន​ដឹង​ទេ​ណា។ បើ​គ្រាន់​តែ​និយាយ​ប៉ុនហ្នឹង ម៉េច​គេ​ហៅ​ញុះញង់​អី​កើត»។

លោក​មេធាវីបន្ថែម​ថា​ការ​ប្រើ​ប្រាស់​ពាក្យ​«ប្រសិន​បើ»​ក្នុង​ឃ្លា​ខាង​លើ គ្រាន់​តែ​ពាក្យ​សាមញ្ញ មិន​បង្ហាញ​ចេតនារបស់​បុគ្គល​ក្នុង​ការ​សម្លាប់​ព្រះ​សង្ឃ​ឡើយ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសា​សន៍​ថាការ​សម្រេច​ថា​មាន​ទោស​តាម​ផ្លូវ​ច្បាប់​ឬ​យ៉ាង​ណា អាស្រ័យ​ទៅ​លើ​ព្រះ​រាជអាជ្ញា​របស់​តុលាការ។

លោក​បន្ថែម​ថា៖ «ការ​ស្នើ​ទៅ​តុលាការ វា​ស្មើ​នឹង​បណ្តឹង។ បើ​ពលរដ្ឋ​ធម្មតា វា​ជា​បណ្តឹង​ដូច​គ្នា​អញ្ចឹង​ដែរ។ អញ្ចឹង​សិទ្ធិ​នៅ​លើ​ខាង​ព្រះ​រាជ​អាជ្ញា​និង​តុលាការ ដែល​លោក​នឹង​ពិនិត្យ​ថា​អា​ហ្នឹង វា​ទាក់​ទង​នឹង​បទ​ល្មើស​ ឬ​មិន​មែន​បទ​ល្មើស»។

ក្រោយ​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក លោក ផែង វណ្ណៈ បាន​បង្ហាះ​លិខិត​សុំ​ទោស​មួយ​ច្បាប់​នៅ​លើ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក។ លោក​ពន្យល់​ថា​ការ​ផ្សាយវីដេអូ​នៃ​ការ​វាយ​នឹង​រំពាត់​នោះ ដោយ​សារ​លោក​មាន​«ចិត្ត​អាណិត​អាសូរ»​ ដល់​ជន​រង​គ្រោះ ប៉ុន្តែ​លោក​ថា​ លោក«មិន​បាន​យល់​ដឹង​ពី​វិន័យ​ផ្ទៃ​ក្នុង​របស់​ព្រះ​សង្ឃ» ដែល​តម្រូវ​ឲ្យ​អប់រំ​ដោយ​វាយ​នឹង​រំពាត់។

គួរ​បញ្ជាក់​ថា​ក្រោយ​មាន​រឿង​រ៉ាវ​នេះ​កើត​ឡើង ​លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ក៏បាន​ប្រកាស​លុប​ចោល​អាជ្ញាបណ្ណ​សារព័ត៌មាន​ដែល​ទទួល​បាន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨​ របស់​លោក ផែង វណ្ណៈ ដែល​ជា​អតីត​មន្រ្តី​យោធា​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ៕