របាយការណ៍​របស់​លោក​ Mueller ​បង្ក​ឲ្យ​មាន​សំណួរ​ថ្មីៗ​អំពី​ការ​រារាំង​របស់​លោក​ ត្រាំ​ ក្នុង​ការ​ស៊ើប​អង្កេត​

  • Jim Malone

ក្រុម​អ្នក​សារព័ត៌មាន​រូបថត កំពុង​ថត​របាយការណ៍​របស់​លោក​ Mueller ដែល​មាន​៤​ទំព័រ​នៅ​លើ​តុ​សម្រាប់​សាក្សី នៅ​បន្ទប់​សវនាការ​របស់​គណៈ​កម្មការ​ស៊ើប​អង្កេត​រដ្ឋ​សភា នៅ​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​១៨ មេសា ២០១៩។

បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​អស់​ពេល​២២​ខែ ​កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​នេះ​ សាធារណជន និង​សភា​អាមេរិក នៅ​ទី​បំផុត ​បាន​ឃើញ​របាយការណ៍​របស់​លោក​រដ្ឋ​អាជ្ញា​ពិសេស​ Robert Mueller​ អំពី​ការ​លូក​លាន់​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​របស់សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ​ ២០១៦។

របាយការណ៍​នេះ​មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​មួយ​ទាក់​ទង​នឹង​ការ​ឃុប​ឃិតគ្នា​រវាង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​ ត្រាំ​ និង​ប្រទេស​រុស្ស៊ី​ទេ ក៏​ប៉ុន្តែ​លោក ​Mueller​ និង​ក្រុម​ការងារ​របស់​លោក មិន​អាច​សម្រេច​ថាតើ​លោក​ប្រធានាធិបតី ​បាន​ព្យាយាម​រារាំង​ដំណើរការ​ស្វែង​រក​យុត្តិ​ធម៌​ ឬ​ទេ​នោះ។ សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​គណបក្ស​ប្រឆាំង​នោះ បាន​ឆក់​យក​ការបង្ហាញ​ក្នុង​របាយការណ៍​ អំពី​បញ្ហា​រារាំង​នេះ​ដើម្បី​រុញ​ច្រាន​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ក្នុង​សភា​បន្ថែម​ទៀត។

នៅ​ឯ​សេតវិមាន​ លោក​ប្រធានាធិបតី ត្រាំ សប្បាយ​ចិត្ត​ក្រោយ​ពី​ការ​បញ្ចេញ​របាយការណ៍​របស់​លោក​ Mueller ដោយ​លោក​ថ្លែង​ថា៖ «ខ្ញុំក៏សប្បាយ​រីក​រាយ​ដែរ​នៅថ្ងៃ​នេះ។ របាយការណ៍​នេះ​សន្មត់​ថា​គ្មាន​ការ​ឃុប​ឃិត ​គ្មានការ​រារាំង។ ​និយាយ​អញ្ចឹង​ គឺ​មិន​ដែល​មាន​សោះ ​ហើយ​នឹង​គ្មាន​ទាល់​តែ​សោះ‍»។

រូបឯកសារ៖ ស្មាក្ដី​ពិសេស​ លោក Robert Mueller និង​ភរិយា​លោក​ស្រី Ann ចាក​ចេញ​ពី​ព្រះ​វិហារ ​St. John's Episcopal នៅ​ទី​ម្ខាង​នៃ​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មីនា។

ប៉ុន្តែ​របាយការណ៍​របស់​លោក​ Mueller ​បាន​រៀបរាប់ផ្សេង​ពី​នេះ​ ទាក់​ទង​នឹង​សំណួរ​ថា​តើ​មាន​ការ​រារាំង​ដល់​ការ​ស្វែង​រកយុត្តិធម៌ ​ដោយ​បាន​រៀប​រាប់លម្អិត​អំពី​ព្រឹត្តិការណ៍​ជា​ច្រើន​ដែល​លោក​ប្រធានាធិបតី​ បាន​ព្យាយាម​ជះ​ឥទ្ធិពល​លើ​ការ​ស៊ើប​អង្កេត។

មាន​គ្រា​មួយ​នោះ​ លោក​ ត្រាំ ​បាន​បញ្ជា​ឲ្យអតីត​មេធាវី​សេតវិមាន​ លោក ​Don McGahn​ បណ្តេញ​លោក​រដ្ឋ​អាជ្ញា​ពិសេស​ Robert Mueller។ ​នេះ​បើ​តាម​សម្តី​របស់​លោក​ Chad Day ​នៃ​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Associated Press។

លោក​ថ្លែង​ថា៖ «ហើយ​លោក​ McGahn ​បាន​ប្រកែក​មិន​ព្រម​ធ្វើ​តាម ប៉ុន្តែ​រឿងនេះ​បង្ហាញនូវ​វិធី​ដែល​លោក​ប្រធានាធិបតី​យល់​ឃើញ​ថា ​ការ​ស៊ើប​អង្កេត​នោះ​អាចបញ្ចប់​តំណែង​ប្រធានាធិបតី​របស់​លោក​ និង​ជា​រឿង​ដែល​អាច​គំរាម​កំហែង​ដល់​អំណាច​របស់​លោក។ ហើយ​របាយការណ៍​បាន​ដក​ស្រង់​សម្តី​របស់​លោក​អំពី​រឿង​នេះ​ដែរ។

របាយការណ៍​នេះ​ពិពណ៌នា​ការ​ទាក់​ទង​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​រវាង​ក្រុម​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​ ត្រាំ​ និង​ពួក​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៦​ ប៉ុន្តែ​បាន​សន្មត់​ថា​ ខ្វះ​ភស្តុតាងដែល​បង្ហាញ​អំពីការ​ឃុប​ឃិត​ដោយខុស​ច្បាប់​ រវាង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត និង​រុស្ស៊ី។

ប៉ុន្តែ​លោក ​Mueller ​មិន​បាន​សម្រេច​ថា​តើ​លោក​ប្រធានាធិបតី​បាន​ព្យាយាម​រារាំង​ដល់​ការ​ស្វែង​រក​យុត្តិធម៌​ទេ។ របាយការណ៍​នោះ​មិន​បាន​សន្មត់​ថា ​លោក ​ត្រាំ ​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ទេ​ ប៉ុន្តែ​ក៏​មិន​បាន​និយាយ​ថា​លោក​រួច​ខ្លួន​ដែរ។

នៅ​ទី​បញ្ចប់​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​William Barr​ ​ជា​អ្នក​សម្រេច​ថា ​ភស្តុតាង​ទា​ក់​ទង​នឹង​ការ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​មិន​មាន​គ្រប់​គ្រាន់​ដើម្បី​អនុញាត​ឲ្យ​មាន​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ជា​បន្ត​ទេ។

លោក​ថ្លែង​ថា៖ «ក្រៅ​ពី​ថា​តើ​សកម្មភាព​ទាំង​នោះ​ជា​ការ​រារាំង​ឬ​អត់​នោះ ភស្តុតាង​អំពី​គោល​បំណង​ល្អ ​មាន​ច្រើន​ជាង​ការ​ចោទ​ប្រកាន់​ថា​លោក​ប្រធានាធិបតី​មាន​គោល​បំណង​អាក្រក់​ ដើម្បី​រារាំង​ដល់​ការ​ស៊ើប​អង្កេត‍»។

លោក William Barr រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ថ្លែង​អំពី​ការ​ចេញ​ផ្សាយ​របាយការណ៍​កែ​តម្រូវ​របស់​ស្មាក្ដីពិសេស Robert Mueller ក្នុង​ពេល​ធ្វើ​សន្និសីទ​សាព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី​១៨ មេសា ២០១៩ នៅ​ក្រសួង​យុត្តិធម៌ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ខ្វល់​ខ្វាយ​អំពី​ការ​រៀប​រាប់​យ៉ាង​លម្អិត ​អំពី​លទ្ធភាព​នៃ​ការ​រារាំង​របស់​ប្រធានាធិបតី ​ហើយ​បាន​ប្តេជ្ញា​យ៉ាង​ឆាប់​រហ័ស​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ថែម​ទៀត។

ប្រធាន​គណៈ​កម្មាធិការរដ្ឋ​សភា ​ទទួល​បន្ទុក​កិច្ចការ​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​ថា៖ «លោក​រដ្ឋ​អា​ជ្ញា​ពិសេស​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា​ លោក​មិន​និយាយ​ថា​លោក​ត្រាំ​រួច​ខ្លួន​ទេ ​ហើយ​ថា​ការ​ទទួល​បន្ទុក​អំពី​រឿង​នេះ​ ឥឡូវ​ធ្លាក់​ក្នុង​ដៃ​របស់​សភា ​ដើម្បី​ធ្វើឲ្យ​លោក​ប្រធានាធិបតីទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​លោក។ សភា​ចាំ​បាច់​ទទួល​បាន​របាយការណ៍ទាំង​ស្រុង​ដែល​គ្មាន​ការ​លុប​ចោល​ ព្រម​ទាំង​ភស្តុតាងទាំង​ឡាយ​ដែល​លោក ​Mueller ​បាន​រក​ឃើញ‍»។

សំណួរ​ដែល​នៅ​មាន​ជា​បន្ត​ទាក់​ទង​នឹង​ការ​រារាំង​របស់​លោក​ប្រធានាធិបតី ​អាច​ធ្វើ​ឲ្យមាន​ការ​បាត់​បង់​ជំនឿ​លើ​សេត​វិមានក្រោម​ការ​ដឹក​នាំ​របស់​លោក ​ត្រាំ។ នេះ​បើ​តាមការ​យល់​ឃើញ​របស់​អ្នក​វិភាគ​ច្បាប់ ​លោក​ David Abraham។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ច្បាស់​ថា​ការ​រក​ឃើញ​ទាំង​ប៉ុន្មាន​ជា​ជោគជ័យ​មួយ​សម្រាប់​លោក​ប្រធានាធិបតី​នោះ​ទេ។ ប៉ុន្តែ​ការ​អះ​អាង​ទាំង​នោះ ​ផ្ទុយ​ពី​ការ​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​ប្រសិទ្ធិភាព​របស់​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី និង​អំពី​ជម្រៅ​នៃ​កិច្ច​ប្រឹង​ប្រែង​រារាំង​របស់​សេតវិមាន ​រាប់​តាំង​ពី​លោក​ប្រធានាធិបតី ​និង​ពួក​អ្នក​នៅ​ក្រោម​លោក។

រឿង​ចម្រូង​ចម្រាស​ដែល​នៅ​មាន​ជា​បន្ត​លើ​របាយការណ៍​របស់​លោក ​Mueller ប្រហែល​ជា​អាចនាំឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ខាង​ផ្លូវ​ច្បាប់​និង​ផ្លូវ​នយោបាយ ​អំពី​សកម្មភាព​របស់​លោក​ ត្រាំ អូស​បន្លាយ​ជា​បន្ត​គ្មាន​ថ្ងៃ​បញ្ចប់។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នក​ជំនាញ​នយោបាយ​លោក Bill Sweeney។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​រឿង​នេះ​អូស​បន្លាយ​រាប់​សប្តាហ៍ ​និង​រាប់​ខែ​នោះ​ វា​នឹង​ជា​បញ្ហា​បែក​បាក់​មួយ​ទៀត​ក្នុង​ប្រទេស​មួយ ដែល​មាន​ការ​បែក​បាក់​យ៉ាង​ខ្លាំង​ជា​ស្រេច​រួច​ទៅ​ហើយ​នោះ‍»។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ William Barr ​ត្រូវ​បាន​សភា​អញ្ជើញ​ឲ្យ​មក​ធ្វើ​សក្ខី​កម្ម​នៅ​ចំពោះ​មុខ​សភា ​នៅ​ខែ​ក្រោយ ​ហើយសមាជិក​គណបក្សប្រជាធិបតេយ្យ​ក៏​ចង់​ស្តាប់​លោក​រដ្ឋ​អាជ្ញា​ពិសេស Mueller ​នៅពេលឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ប៉ូច រាសី