សាច់​ញាតិ​និង​អ្នកគាំទ្រ ត្រៀម​រំឭក​ខួប​បី​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី

អ្នកធ្វើដំណើរ​គោរព​សព​លោក​បណ្ឌិត​កែម​ ឡី​ នៅ​គេហដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី នៅ​ឃុំ​លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

នៅសល់​តែ​ពីរ​ថ្ងៃទៀត​តែ​ប៉ុណ្ណោះ​ ក្រុមគ្រួសារ​និងអ្នកគាំទ្រ​នឹង​រៀបចំ​ពិធី​រំឭក​ខួប​បីឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម​ ឡី​ អ្នកវិភាគ​នយោបាយ​និង​សង្គម​​សំខាន់​មួយរូប​របស់​ប្រទេស​កម្ពុជា។ មាន​ការ​គ្រោង​រៀបចំ​ពិធី​នេះ​ នៅ​ទីតាំង​ពីរ​ផ្សេង​គ្នា គឺ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តតាកែវ។

នៅ​ក្រោម​រោង​ដំបូល​ស័ង្កសី សមាជិក​គ្រួសារ​ សាច់ញាតិ​និង​អ្នក​គាំទ្រលោក​បណ្ឌិត​ កែម ឡី​ កំពុងរៀប​ចំ​ការងារ​ជា​បណ្តើរៗ ដើម្បី​ធ្វើ​ពិធី​ប្រារព្ធ​ខួប​គម្រប់​បីឆ្នាំ​នៃ​ការ​បាញ់​សម្លាប់រូបលោក។

ពិធី​បុណ្យ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ នៅភូមិ​អង្គតាកុប ឃុំ​លាយបូរ​ ស្រុក​ត្រាំកក់​ ក្នុង​ខេត្ត​តាកែវ ដែល​ជា​ស្រុក​កំណើត​របស់​លោក​បណ្ឌិត​កែម ឡី។

អតីត​អ្នកវិភាគ​នយោបាយ​និង​កិច្ច​អភិវឌ្ឍន៍​សង្គម​រូប​នេះ​ត្រូវ​បាន​ឃាតករ​ដើរ​ចូលបាញ់​សម្លាប់​ដោយ​ប្រកៀក​បំផុត​ក្នុង​ម៉ាត​មួយ​របស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច (Caltex)ស្តុប​បូកគោ ​ ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។

កាលពី​ថ្ងៃទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ អ្នក​ស្រី​ភោគ សេ​ ម្តាយ​បង្កើត​អ្នកវិភាគ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​គេ​សម្លាប់​ថ្លែង​ពី​ពិធី​បុណ្យ​ខួប​គម្រប់​បី​ឆ្នាំ​នៃ​ការស្លាប់​លោក​បណ្ឌិត កែម ឡី​ ដែល​នឹង​រៀប​ចំ​ឡើង​នៅក្នុង​គេហដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី​ស្ថិត​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់​ ខេត្តតាកែវ។ (ហ៊ុល រស្មី/VOA)

នៅ​ឯខេត្តតាកែវ អ្នក​ស្រី​ ភោគ សេ​ វ័យ​៧៩​ឆ្នាំ​ ម្តាយ​របស់​លោក​កែម ឡី​ មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នៅ​ឡើយ​ ពី​ចេតិយ​របស់​លោក​ដែល​មិន​ទាន់​សាងសង់​រួច។

អាយុ​ច្រើន ប៉ុន្តែ​ហាក់​ដូចជា​នៅ​រឹងមាំ អ្នក​ស្រី​ ចង់​ឃើញ​មាន​ការ​ចូលរួម​ពី​សាធារណជន​ក្នុង​ពិធីបុណ្យ​រំឭក​ខួប​មរណភាព​កូន​ប្រុស​របស់​អ្នក​ស្រី​ដូច​កាល​ពីលោក​ត្រូវ​បាញ់​សម្លាប់​ភ្លាមៗ។​

«ឥឡូវ​យើង​ថ្ងៃនេះ​ ថ្ងៃ​៧ហើយ​ ថ្ងៃ១០ហ្នឹង​ សូម​ឲ្យ​បង​ប្អូន​ចង់​ចូលរួម​មក​ទៅ​អត់​អី​ទេ អត់​មាន​ជំទាស់​អីទេ​ ឲ្យ​តែ​មក»។

អ្នកស្រី ភោគ សេ នៅ​កណ្តាល​ជជែក​ជាមួយ​អាចារ្យ​រៀបចំ​ពិធី​បុណ្យ​ខួប​គម្រប់​បី​ឆ្នាំ​នៃ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ (ហ៊ុល រស្មី/VOA)

កំពុង​អង្គុយ​រៀប​ចំ​សម្លៀក​បំពាក់ ​នៅ​ពី​ក្រោយ​ផ្ទះ​ និង​ស្តាំ​ដៃ​នៃ​ចេតិយ​តម្កល់​សពរ​បស់​លោក​កែម ឡី​ អ្នកស្រី​ ភោគ សេ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​ចង់ឃើញ​ការ​សាង​សង់​ចេតិយ​បាន​បញ្ចប់​ទៅ​ជា​ស្ថាពរ។ ក្នុង​ពេល​នេះ​អ្នក​ស្រី​ត្រូវ​ការ​ថវិកា​ប្រមាណ​ជា​៣ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត​ដើម្បី​បញ្ចប់​ការ​សាង​សង់។

អ្នក​ដែល​បាន​ដឹង​ និង​ស្គាល់​លោក​ កែម ឡី ​បាន​បន្ត​ចូល​ទៅ​ធ្វើ​ការ​គោរព​សព​លោក​ដែល​បាន​តម្កល់​ក្នុង​ចេតិយ​ស្ថិត​នៅ​ជ្រុង​ខាង​ឆ្វេង​នៃ​គេហដ្ឋាន​របស់​លោក។

រូបថត​របស់​លោកកែម ឡី មួយ​ផ្ទាំង​ធំ ត្រូវ​គេរៀប​ចំដាក់​បញ្ឈរ​រួច​ជា​ស្រេច។​តុមួយ​ដែលមាន​កម្រាល​យ៉ាង​សមរម្យមាន​ដាក់ថូ​ផ្កា​មួយ​នេះ​ពីលើ​ ក្បែរ​រូបថត​មួយ​ផ្ទាំង​ដែល​មាន​ទឹកមុខ​ញញឹម​នោះ។

ក្នុង​សម្លៀក​បំពាក់​ជា​អ្នក​ប្រតិបត្តិ​តាម​សាសន​ព្រះពុទ្ធ​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ដែល​ជា​អ្នកដំណើរឆ្លង​កាត់​ទីនេះ បានចូលអុជធូប​គោរព​សព​លោកកែម ឡី។

«ចា៎ស្រឡាញ់​ណាស់​ រឿង​អ្នកស្នេហា​ជាតិ​ ខ្ញុំ​ស្តាយ​ទឹក​ស្តាយ​ដី​ ដែល​គេ​ចេះ​តែ​វាត​ទី​យក​អ៊ីចឹង​»។​

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី ​ប៊ូ រចនា​ ភរិយា​របស់​លោក​បណ្ឌិត​បាន​នៅឡើយ​ទេ​ ទាំង​តាម​ទូរស័ព្ធ​និង​បណ្តាញ​សង្គម។

យ៉ាង​ណា​ក៏​ដោយ​ ​អ្នកស្រី​ អ្នកស្រី ប៊ូ រចនា​ ​ដែលកំពុងរស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ឯ​ប្រទេស​អូស្ត្រាលី បាន​អធិប្បាយ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​កាល​ពីថ្ងៃ​ទី​៦ ខែ​កក្កដា​ថា ឃាតកម្ម​លើ​ប្តី​អ្នក​ស្រី«បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​បេះដូង​ប្រជា​ពលរដ្ឋ​ចាស់​ ក្មេង​ ប្រុស​ ស្រី​ យុវជន​ យុវតី​ ឲ្យ​ហ៊ាន​ក្រោក​ឈរ​ឡើង​ ឲ្យ​ហ៊ាន​ធ្វើ​កិច្ចការ​សង្គម​ដោយ​មិន​រាថយ​ ហើយ​ក៏​បាន​បង្ហាញ​កាន់​តែច្បាស់ថា របប​ក្រុង​ភ្នំពេញ​រឹតតែ​ឃោរឃៅ​ឡើងៗ»។

ការ​បាញ់​សម្លាប់​អ្នក​វិភាគ​រូប​នេះ​ កើត​មាន​ឡើង​ បន្ទាប់ពី​លោក​បានផ្តល់​ការ​អធិប្បាយ​នានា​ទៅ​លើ​របាយ​ការណ៍​របស់​អង្គការ​ Global Witness ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​ក្តោបក្តាប់​ទ្រព្យ​សម្បត្តិ​រាប់រយ​លាន​ដុល្លារ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​បី​ទស​វត្សរ៍​មក​នោះ។

ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ភ្លាមៗ​ សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ​ខ្លួន​មាន​ឈ្មោះ​ជួប សម្លាប់ ​ហើយ​ថា​ ​ការ​បាញ់​សម្លាប់​លោក​កែម ឡី​គឺ​ ដោយ​សារ​អ្នក​វិភាគ​ដ៏​ល្បីល្បាញ​រូប​នេះ​ជំពាក់​លុយ​ខ្លួន​ចំនួន​៣០០០​ដុល្លារ​មិន​ព្រម​សង។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ​និង​ក្រុ​ម​គ្រួសារ​របស់​លោក​កែម ឡី​មិន​អស់​ចិត្ត​ ​និង​បាន​លើក​ឡើង​ថា​ ​ជួប សម្លាប់​បាន​ប្រឌិត​ការ​ជំពាក់​បំណុល​នេះ​ឡើង។

ជន​សង្ស័យត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក​ មួង សូនី​ សមាជិក​ក្រុម​ការងារ​១០០រាត្រី​និង​ជា​ប្រធាន​សមាគម​សម្ព័ន្ឋ​និស្សិត​បញ្ញវន្ត​ខ្មែរដែលធ្លាប់ដើរ​តាម​លោក​កែម ឡី​ បាន​រំឭក​ពី​គុណូបការៈ​របស់​លោក កែម ឡី។

«លោក​ពូ​កែម​ ឡី​ គាត់​គឺ​ គាត់​បាន​បូជា​ជីវិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​សិទ្ធិ​សេរីភាព​ ដើម្បី​ប្រទេស​ជាតិ​យើង។ អ៊ីចឹង​ គឺគាត់​មាន​គុណតម្លៃ​ធំ​ណាស់​ សម្រាប់​ប្រជាជន​ខ្មែរ​យើង​ មិនមែន​ជារឿង​តូច​តាច​ទេ​ ធំមែន​ទែន​ ហើយ​អាច​ថា​ ជាវីរបុរស​ជាតិ​ទៀត»។​

ដំណាល​គ្នា​នេះ​លោក​មួង សូនី គ្រោង​នឹង​ធ្វើ​ការ​ដាក់​កម្រង​ផ្កា​ជាលក្ខណៈ​ស្ងៀម​ស្ងាត់​ និងការ​ហូបចុក​ធម្មតា​នៅ​ស្ថានីយ៍​ប្រេងសាំង​ Caltex នៅ​ព្រឹក​ថ្ងៃ​ពុធ​សប្តាហ៍​នេះដែរ។

ក៏ប៉ុន្តែ​ សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតិឲ្យ​លោកមួង សូនី រៀប​ចំពិធីរំលឹក​វិញ្ញាណ​ក្ខន្ត​លោក​កែម ឡី នេះទេដោយ​សារ​ទីតាំង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​នោះ«​ជា​កម្មសិទ្ធិ​របស់​ឯកជន»។​ ជាមួយ​គ្នា​នេះ​សាលារាជធានី​ភ្នំពេញ​ក៏បាន​ព្រមាន​ចាត់​វិធានការតាមច្បាប់​ ក្នុង​ករណី​មានការ​ជួបជុំរៀបចំ​ពិធីនៅទីតាំង​ខាង​លើ៕