ទោះ​មាន​ភាព​មិន​ប្រក្រតី​ខ្លះ​​​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​ដំណើរការ​ទៅ​មុខ​

លោក ​រ៉ុង​ ឈុន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គជប) ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ ​(ឡេង ឡែន/VOA)

ប្រទេស​កម្ពុជា​ ​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ ​ឆ្នាំ​២០១៧​ខាង​មុខ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។​​

​មកដល់​ពេល​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គជប) ​ទទួល​ពាក្យ​បណ្ដឹង​ស្ដី​អំពី​ ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​៥០​បណ្ដឹង​មកពី​ខេត្ត​ ​រាជ​ធានី​នានា។ ​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គជប)​ កាលពី​ព្រឹក​ថ្ងៃ​ពុធ។​ ​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថាពាក្យ​បណ្ដឹង​ដាក់​នៅ​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ​មាន​ចំនូន​២៤​បណ្ដឹង​ ​និង​ដាក់​មក​ស្នាក់​ការ​គជប​មាន​ចំនួន​២៦​ ​តែ​គេ​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុនិង​ប្រភេទ​នៃ​បណ្ដឹង​ឲ្យ​បាន​ជាក់​លាក់​នោះ​ទេ។

លោក​ ទេព នីថា ​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គជប)​ បាន​ប្រកាស​ប្រាស់​អ្នក​សារព័ត៌មាន​ ក្នុង​សន្និសីទ​ពិសេស​នាទី​ស្តី​ការ​ គជប​ ​យ៉ាង​ដូច្នេះ​ថា៖

​«យើង​បាន​ត្រៀម​លក្ខណៈ​ដើម្បី​ដោះស្រាយ​ជា​បន្តបន្ទាប់​ទាំង​សម្ភារ​ជាក់ស្ដែង​និង​បញ្ហា​បច្ចេកទេស។​ វា​អាច​មាន​ការ​យឺត​យូរ​ខ្លះ​ តែ​វា​មិន​អាច​ផ្អាក​ដំណើរការ​ចុះឈ្មោះ​បោះ​ឆ្នោត​ទេ។»​

លោក​ ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គជប) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)

ប្រទេស​កម្ពុជា​ ​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ ​ឆ្នាំ​២០១៧​ខាង​មុខ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។

ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​និង​បញ្ជី​បោះឆ្នោត​ថ្មី​ត្រូវ​បាន​គជប ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១​ ខែ​កញ្ញា​នេះ​ ​ហើយ​នឹង​បញ្ចប់​នា​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​មុខ។​ មកដល់​ពេល​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គជប) បាន​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​បាន​ ជាង​៥​លាន​នាក់។

​យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រី​ ម៉េង សុភារី​ ប្រធាន​ផ្នែកកិច្ច​ការ​បោះឆ្នោត​និង​នីតិកម្ម​មកពីគណបក្ស​សង្រ្គោះជាតិ​ ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយពី​សន្និសីទ​ពិសេស​នា​ទី​ស្តី​ការ​ ​គជប​ ​ថា​ ​លោក​ស្រី​នៅ​តែ​សង្កេត​ឃើញ ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទាក់ទិន​នឹង​អ្នកមក​ចុះ​ឈ្មោះបោះ​ឆ្នោត​កន្លង​មក​ ​ពោល​គឺ​ចំនួនជន​អន្តោ​ប្រវេសន៍​ដែលមក​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​គេ​យល់​ថាជា​ការ​ព្រួយ​បារម្ភមួយ។​

លោក​ស្រី​ ម៉េង សុភារី​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ ​ក្រោយ​ពី​សន្និសីទ​នៅ​ទី​ស្តីការ​ ​គជប​យ៉ាង​ដូច្នេះ​៖​ ​

«ការ​បោះ​ឆ្នោត​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហេតុ​ដូច្នេះ​ពលរដ្ឋ​ដែល​ជា​ជនជាតិ​ខ្មែរ​ទាំង​អស់​ត្រូវ​មាន​សិទ្ធិ​បោះ​ឆ្នោត​សម្រេច​ជោគ​វាសនា​របស់​ប្រទេស​ ​ក៏ដូចជា​ជោគវាសនានៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ​ដូច្នេះ​ពលរដ្ឋ​បរទេស​មិនត្រូវ​មក​សម្រេច​ជោគវាសនា​ប្រទេស​កម្ពុជា​ជំនួស​ជន​ជាតិ​កម្ពុជា​បាននោះ​ទេ។​ ​ហេតុ​ដូច្នេះ​ហើយ​បើ​ទោះ​បី​ជា​ជនជាតិ​បរទេស​មួយ​ចំនួន​ដែល​គាត់​មាន​ឯកសារ​ហើយទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ​គណបក្ស​សង្រ្គោះ​ជាតិ​ក៏បាន​កត់​ឈ្មោះ​ពួកគាត់​ទុក​ហើយ​ត្រៀម​ប្ដឹង។»​

លោក​ស្រី​ម៉េង សុភារី​ ​ប្រធាន​ផ្នែកកិច្ច​ការ​បោះ​ឆ្នោត​និង​និតិកម្ម​មកពីគណបក្ស​សង្រ្គោះ​ជាតិ​

​លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែលឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ចាត់​ទុក​ថាបញ្ហា​ជន​អន្តោ​ប្រវេសន៍​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ជា​រឿង​នយោបាយ​ដែល​ហួស​ដែន​សមត្ថកិច្ច​របស់​គជប។​

«រឿង​នេះ​យើង​ព្រួយ​បារម្ភ​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ ​តែ​របៀប​ដោះស្រាយ​រឿង​នេះ​នៅ​មិន​ទាន់​មាន​យន្តការ​នៅ​ឡើយ​ទេ។​វា​អាច​នៅ​ជា​រឿង​ទំនាស់​ខាង​នយោបាយ​ហ្នឹង។ ​មិន​អាច​ដាច់ស្រេច​ដោយ សារ​កិច្ច​ការ​រឿង​អន្តោ​ប្រវេសន៍​ ដែល​នៅ​ប្រទេស​កម្ពុជា​បាន​សញ្ជាតិ​បាន​អី​ហ្នឹង។ ​វា​នៅ​មាន​បញ្ហា​ស្មុគស្មាញ​ ​ទាក់ទិន​នឹង​រដ្ឋាភិបាល​ ​ទាក់​ទិន​នឹង​ក្រសួង​មហាផ្ទៃ​ដែរ។ ​អញ្ចឹង​ទៅ​វា​មាន​បញ្ហា​ស្មុគ​ស្មាញ។​ វា​មិន​មែន​ត្រូវ​ការ​តែ​គជប​ត្រូវ​ដោះស្រាយ​ តែ​រដ្ឋាភិបាល​និង​ក្រសួង​មហាផ្ទៃ​ចូលរួម»។

​តែ​ទោះជា​យ៉ាង​ណាក្ដី​លោក​គល់ បញ្ញា​ ​អះអាង​ថាការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​លក្ខណៈ​ជា​វិជ្ជមាន​ បើ​ទោះ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​យ៉ាងណាក្ដី។​លោក​បន្ថែម​ថា​ខុមហ្វ្រែល​នឹង​ធ្វើ​វិសោធនកម្ម​លើ​ភាព​មិន​ប្រក្រតី​នេះ​នៅ​ពេល​ខាង​មុខ។

«វា​មាន​បញ្ហា​កើត​ឡើង​ខ្លះ​ដែរ ប៉ុន្តែ​វា​មិន​ជា​ច្រើន​ប៉ុន្មានទេ​ ហើយ​ក៏​មាន​ពាក្យ​បណ្ដឹង​មួយ​ចំនួន​ពី​ជន​សង្ស័យ​ដែល​មិន​មែន​ជា​ជនជាតិ​ខ្មែរ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក៏​យើង​បាន​ទទួល​ដំណឹងនេះ​ដែរ​។តែ​យើងកំពុង​តាម​មើល​បន្ត​ទៀត​ដែរ​ ថា​តើ​នៅ​ពេល​គេ​បិទ​បញ្ជី​ដំបូង​ហ្នឹង​ថា តើ​ការ​ដោះ​ស្រាយ​ពី​អ្នក​មក​ចុះ​ឈ្មោះ​ដែល​មិន​មែន​ជា​សញ្ជាតិ​ខ្មែរ​ហ្នឹង​ ថា​តើ​គេ​នឹង​ដោះស្រាយ​យ៉ាង​ម៉េច។​ធានា​យ៉ាង​ម៉េច​ថា​មិន​ឲ្យ​មាន​បញ្ហា​មាន​ការ​រើសអើង​។»​

លោក​ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោតក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​និង​ប្រទេស​ដទៃ​ទៀត។លោក​ថា​ពួកគេ​មិន​បាន​មក​ចុះ​ឈ្មោះ​បាន​ច្រើន​ដូច​ការ​រំពឹង​ទុក​ទេ​នៅ​ក្នុង​ឧកាស​សម្រាក​បុណ្យ​ភ្ជុំ​កន្លងមក​នេះ​។​ តែ​លោក​សង្ឃឹម​ថា​ក្នុង​ឧកាស​បុណ្យ​អ៊ុំទូក​ខាង​មុខ​នេះ​ ​ពលករ​ដែល​នៅ​ក្រៅ​ប្រទេស​អាច​ចំណាយ​ពេល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

​បើ​តាម​សន្និសីទ​សារព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប)​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១២​នេះ​បាន​ឲ្យ​ដឹង​ថា​ ​នឹង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ ​ចំនួន​ជិត ១​០លាន​នាក់​ដែល​រំពឹង​ថា​នឹង​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឡើងវិញ​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ថ្មី​នេះ៕