ក្នុងគោលបំណងជួយជ្រោមជ្រែងគោលនយោបាយការបរទេសរបស់ខ្លួននៅតំបន់មេគង្គ ប្រទេសចិន និងបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គចំនួនប្រាំផ្សេងទៀត បានមូលមតិគ្នាបើកវិទ្យាស្ថានស្រាវជ្រាវថ្នាក់តំបន់មួយ នៅទីក្រុងភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលអ្នកជំនាញមើលឃើញថា ជាការពង្រីកចំណាប់អារម្មណ៍របស់ទីក្រុងប៉េកាំង លើផ្នែកសិក្សាធិការដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយតំបន់មេគង្គកាន់តែជិតស្និទ្ធ។
មជ្ឈមណ្ឌលសាកលដើម្បីសិក្សាតំបន់មេគង្គ ឬ Global Center for Mekong Studies (GCMS) ត្រូវបានបើកសម្ភោធដោយមានការចូលរួមពីវិទ្យាស្ថានស្រាវជ្រាវស្ថាបនិកចំនួន៦រួមមាន វិទ្យាស្ថានចិនដើម្បីការសិក្សាអន្តរជាតិ (CIIS) វិទ្យាស្ថានខ្មែរដើម្បីសហប្រតិបត្តិការ និងសន្តិភាព (CICP) បណ្ឌិត្យសភាការទូតវៀតណាម (DAV) វិទ្យាស្ថានកិច្ចការបរទេសនៃប្រទេសឡាវ (IFA) វិទ្យាស្ថានមីយ៉ាន់ម៉ាដើម្បីការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (MISIS) និងវិទ្យាស្ថានកិច្ចការបរទេសទេវវង្សវរប្រាកន នៃប្រទេសថៃ (DVIFA)។
ការបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដើម្បីផ្ដល់នូវអនុសាសន៍ និងគំនិតយោបល់ពីផ្នែកអ្នកស្រាវជ្រាវសិក្សាធិការមកពីប្រទេសទាំង៦ ស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការណ៍ឡានឆាង-មេគង្គ (LMC) ដែលជាគម្រោងគោលនយោបាយការបរទេសផ្ដួចផ្ដើមគំនិតដោយទីក្រុងប៉េកាំងដើម្បីពង្រឹងទំនាក់ទំនងខិតកាន់តែជិតស្និទ្ធជាមួយប្រទេសតាមដងទន្លេមេគង្គទាំងប្រាំរួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ នេះបើតាម វិទ្យាស្ថានខ្មែរដើម្បីកិច្ចសហប្រតិបត្តិការនិងសន្ដិភាព។
ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ប្រធានវិទ្យាស្ថានខ្មែរដើម្បីកិច្ចសហប្រតិបត្តិការនិងសន្តិភាព បានមានព្រះបន្ទូលថា ក្រៅតែពីដើរតួនាទីជាអ្នកផ្ដល់នូវយោបល់ និងគំនិតជ្រាលជ្រៅដើម្បីកំណត់នូវរបៀបវារៈគោលនយោបាយនានារបស់ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) មជ្ឈមណ្ឌលបង្កើតថ្មីគាំទ្រដោយប្រទេសចិនមួយនេះ ក៏អាចដើរតួនាទីផ្សេងទៀតជាអ្នកពាំនាំសារនៃក្របខ័ណ្ឌទំនាក់ទំនងយុទ្ធសាស្ត្រនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខាងលើផងដែរ។
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវថ្មីនេះ នឹងត្រូវពឹងផ្អែកលើការផ្គត់ផ្គង់ថវិកាពីរដ្ឋចិន តាមរយៈក្របខណ្ឌ LMC។ LMC ត្រូវបានចាប់ផ្ដើមនៅចុងឆ្នាំ២០១៥ ផ្ដួចផ្ដើមដោយប្រទេសចិនដែលរំពឹងតភ្ជាប់ភាពជិតស្និទ្ធនឹងតំបន់អាស៊ានតាមរយៈតំបន់មេគង្គ។
ទំនាក់ទំនងរបស់ចិនជាមួយតំបន់អាស៊ីអាគ្នេយ៍ ហាក់មានភាពរកាំរកូសនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះជុំវិញប្រធានរឿងនៃការដណ្ដើមដែនអធិបតេយ្យភាពគ្រប់គ្រងនៅបរិវេណសមុទ្រចិនខាងត្បូង ដែលមានសមាជិកអាស៊ានយ៉ាងតិចបួនក៏ជាភាគីជម្លោះអះអាងពីការគ្រប់គ្រងរបស់ខ្លួននៅតំបន់ដែលជាចំណុចចេញចូលដ៏សំខាន់នៃនាវាចរណ៍អន្តរជាតិ។
ប្រទេសចិនបានក្លាយជាអ្នកវិនិយោគដ៏សំខាន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក ឬអាងទន្លេមេគង្គដែលមួយចំនួននៃគម្រោងទាំងនោះ ត្រូវបានគេរាយការណ៍ថាមានភាពចម្រូងចម្រាស និងរងការរិះគន់ថាធ្វើឱ្យប៉ះពាល់ដល់បញ្ហាបរិស្ថាន និងប្រពៃណីជនជាតិដើម៕