បញ្ហាសន្តិសុខនឹងក្លាយជាចំណុចសំខាន់មួយសម្រាប់លោករដ្ឋមន្រ្តីការបរទេស John Kerry នៅពេលដែលលោកជួបជាមួយក្រុមមន្រ្តីអេហ្ស៊ីបនៅក្នុងរដ្ឋធានីគែរ (Cairo) នៅចុងសប្តាហ៍នេះ ដែលជាដំណើរបំពេញទស្សនៈកិច្ចទៅកាន់ប្រទេស៥នៅតំបន់មជ្ឈឹមបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពចលាចលនៅឧបទ្វីប Sinai ដែលក្រុមជនសកម្មប្រយុទ្ធដែលមានចំណងទាក់ទងជាមួយក្រុមរដ្ឋឥស្លាមបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារដ៏ប្រល័យជាបន្តបន្ទាប់។
នៅក្នុងការថ្លែងត្រួសៗកាលពីថ្ងៃសុក្រ មន្រ្តីរូបនោះបាននិយាយថា អេហ្ស៊ីបកំពុងប្រឈមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីក្រុមជនសកម្មប្រយុទ្ធដែលមានចំណងទាក់ទងជាមួយក្រុមរដ្ឋឥស្លាម ហើយសហរដ្ឋអាមេរិកចាំបាច់គាំទ្រការខំប្រឹងប្រែងរបស់ប្រទេសនោះដើម្បីធ្វើឲ្យមានស្ថេរភាព។
មន្រ្តីរូបនោះបាននិយាយទៀតថា សន្តិសុខនឹងស្ថិតនៅក្នុងចំណោមបញ្ហាសំខាន់ៗដែលលោក Kerryនឹងធ្វើការពិភាក្សាជាមួយលោក Sameh Shoukry រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបនៅថ្ងៃអាទិត្យស្អែកនេះ។
លោកស្រី Michele Dunne អ្នកវិភាគបញ្ហាមជ្ឈឹមបូព៌ាប្រទេសនៅអង្គការ Carnegie Endowment for International Peace បាននិយាយថា «បញ្ហាប្រឈមពិតប្រាកដសម្រាប់លោករដ្ឋមន្រ្តីការបរទេស John Kerry នៅក្នុងជំនួបរបស់លោកក្នុងប្រទេសអេហ្ស៊ីបថាតើប្រទេសទាំង២សមគ្នាដែរឬទេ។
ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងអេហ្ស៊ីបក៏នឹងពិភាក្សាបញ្ហានយោបាយ សិទ្ធិមនុស្សហើយនិងបញ្ហាសេដ្ឋកិច្ច។
មុនដំណើរបំពេញទស្សនៈកិច្ច ស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីគែរបានប្រកាសថា សហរដ្ឋអាមេរិកបានផ្តល់យន្តហោះចំបាំងធុន F-16 ចំនួន៦គ្រឿងទៅឲ្យអេហ្ស៊ីបដែលជាផ្នែកមួយនៃការគាំទ្រដែលកើតមានជាបន្តបន្ទាប់ជាមួយអេហ្ស៊ីបនិងក្នុងតំបន់៕