កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​រឹត​បន្តឹង​បន្ថែម​លើ​ការ​នេសាទ​ខុស​ច្បាប់​

  • Joe Capua

អ្នកនេសាទ​​បោះ​សំណាញ់​ចូល​ទៅ​ក្នុង​ទន្លេ​ Gomti នៅ​ក្រុង Lucknow ប្រទេសឥណ្ឌា។ កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​រឹត​បន្តឹង​បន្ថែម​លើ​ការ​នេសាទ​ខុស​ច្បាប់​។

មាន​ការ​ប៉ាន់ស្មាន​ថា​ ការ​នេសាទ​ខុស​ច្បាប់​រ៉ាប់រង​លើ​អាហារសមុទ្រ ២៦​លាន​តោនក្នុង​មួយ​ឆ្នាំ និង​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​សកលលោករហូត​ដល់​ទៅ​២៦ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។ កិច្ច​ព្រមព្រៀងអន្តរជាតិ​មួយ​ដើម្បី​ជួយ​ទប់ស្កាត់​បញ្ហា​នេះ​កំពុង​ទទួល​បាន​ការ​គាំទ្រ ​ប៉ុន្តែ​នៅ​តែ​ត្រូវ​ការ​អ្នក​គាំទ្រ​បន្ថែម​ទៀត​ មុន​ពេលអាច​មាន​ប្រសិទ្ធភាព។

ការ​នេសាទ​ខុស​ច្បាប់ ​ការ​នេសាទ​ដែលមិន​ត្រូវ​បាន​រាយការណ៍ និង​ការ​នេសាទ​ដែល​មិន​ត្រូវ​បានគ្រប់គ្រង​ត្រឹមត្រូវ ដែល​ហៅ​កាត់​ថា​ ការ​នេសាទ «IUU» ​មិន​ត្រឹម​តែ​បំផ្លាញ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​គំរាមកំហែង​មួយ​ដល់​សុវត្ថិភាព​ស្បៀង​អាហារ​ និង​ជីវ​ចម្រុះ​ផង​ដែរ​។

អង្គការ​កសិកម្ម និង​ស្បៀង​អាហារ​ពិភពលោក​របស់​អ.ស.ប​បាន​ឲ្យដឹង​ថា ការ​នេសាទ «IUU» រួម​បញ្ចូល​ទាំង​ការ​នេសាទ​ដោយ​មិន​មាន​ការ​អនុញ្ញាត ការ​នេសាទ​ពូជ​ត្រី​ដែល​ត្រូវ​អភិរក្ស ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និងការមិន​គោរព​ចំនួន​កំណត់។ អាហារ​សមុទ្រ​ជាង១៥ភាគរយ​នៅ​លើ​សាកលលោក​ គឺ​ទទួល​បាន​ពី​ការ​នេសាទ​បែប​នេះ។

លោក​វេជ្ជបណ្ឌិត Matthew Camilleri​ ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​គោលនយោបាយ​ជលផល និង​វារីវប្បកម្ម​របស់​អង្គការ​កសិកម្ម និង​ស្បៀង​អាហារ​ពិភពលោក​នៅ​ក្រុង​រ៉ូម។ ​លោក​បាន​និយាយ​ថា បញ្ហា​នេះ​មាន​ចាប់​ពី​នាវា​នេសាទ​ធំៗ​នៅ​តាម​សមុទ្រ​ រហូត​ដល់​ទូក​នេសាទ​តូចៗ​ ដែល​មាន​ប្រតិបត្តិការ​នៅ​តាម​មាត់​សមុទ្រ។

ការ​នេសាទ​ខុស​ច្បាប់​អាច​មក​ពី​ ការ​នេសាទ​នៅ​តំបន់​ហាមឃាត់ ដែល​នៅ​ទី​នោះប្រព័ន្ធ​អេកូឡូស៊ី​ងាយ​ទទួល​រង​ផល​ប៉ះពាល់​ ដែល​បណ្តាល​មក​ពី​សកម្មភាព​នេសាទ ឬ​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍ខុស​ច្បាប់ ឬ​ទំហំឧបករណ៍មិន​ស្រប​តាម​ច្បាប់​កំណត់។ ជា​ឧទាហរណ៍ សន្ទូច​នេសាទ​ត្រី ឬសំណាញ់​អាច​មាន​ទំហំ​តូច​ពេក ។

លោក​និយាយ​ថា ការ​នេសាទ​ដែល​មិន​ត្រូវ​មិន​រាយការណ៍​ ឬ​រាយការណ៍​មិន​បាន​គ្រប់គ្រាន់​ក៏​រីក​សុះសាយ​ផង​ដែរ។

នៅ​ពេល​ដែល​យើង​និយាយ​ថា ​«​ជិត​ផុត​ពូជ» គឺ​យើង​មិនមែន​និយាយក្នុង​បរិបទ​ការ​កៀក​នឹង​ផុត​ពូជ​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​បរិបទ​ការនេសាទ​ត្រី​ច្រើន​ជ្រុល។ នេះ​មាន​ន័យ​ថា ចំនួន​ត្រី​ដែល​អ្នក​នេសាទ​សុច្ចរិត​អាច​ចាប់​បាន​មាន​កាន់​តែ​តិច​ទៅៗ ដូច្នេះ​បរិមាណ​ត្រី​នឹង​កាន់​តែ​តិច​ទៅ​សម្រាប់​អ្នក​ជំនាន់​ក្រោយ។

មិន​ថា​ត្រី​ដែល​ត្រូវ​បាន​គេ​នេសាទ​ដោយ​ស្រប​ច្បាប់​ ឬ​ខុស​ច្បាប់​នោះ​ទេ គេ​ត្រូវ​តែ​យក​ត្រី​ទាំង​នោះទៅ​កំពង់ផែ​ ដើម្បី​យក​ចេញ​ពី​នាវា​ និង​លក់​បន្ត។ ហើយ​កំពង់ផែ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​ត្រូតពិនិត្យ។

នៅ​ឆ្នាំ​២០០៩ ប្រទេស​ជា​សមាជិក​របស់​អង្គការ​កសិកម្ម និង​ស្បៀងអាហារ​ពិភពលោក​បាន​ទទួល​យក​កិច្ច​ព្រមព្រៀង​ស្តី​ពី​វិធានការ​របស់​ប្រទេស​ដែល​មាន​កំពង់ផែ ដើម្បី​ការពារ​ រារាំង និង​លុប​បំបាត់​ការ​នេសាទ​ ដែល​មិន​ត្រូវ​បាន​រាយការណ៍ និង​ការ​នេសាទមិន​បាន​គ្រប់គ្រង​ត្រឹមត្រូវ។

កិច្ច​ព្រមព្រៀង​នោះចែង​ពី​នីតិវិធី​អប្បបរមា​មួយ ដែល​ប្រទេស​ដែល​មាន​កំពង់ផែ​ត្រូវ​តែ​គោរព​តាម ​នៅពេល​យល់ព្រម​ឲ្យ​នាវា​នេសាទ​បរទេស​ចូល​ក្នុង​កំពង់ផែ​របស់​ខ្លួន​។ មាន​បញ្ជី​ត្រួតពិនិត្យ​ដែល​ប្រទេស​នីមួយៗ​ត្រូវ​តែ​គោរព​តាម នៅ​ពេល​ដែល​នាវា​នេសាទ​បរទេស​ស្នើ​សុំ​ចូល​ចត។ វា​ដូចជា​ការ​ត្រួតពិនិត្យ​មនុស្ស​ម្នាក់ៗ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដទៃ​ទៀត​ដែរ។ ហើយ​ពេល​ខ្លះ ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ។

កិច្ច​ព្រមព្រៀង​នេះ​បង្ហាញ​ពី​ប្រភេទ​នៃ​ការ​ត្រួតពិនិត្យ​ណា​ដែល​គួរ​តែ​ធ្វើ​ឡើង​ដើម្បី​ធានា​ឲ្យ​មាន​ការ​នេសាទ​ដោយ​ស្រប​ច្បាប់។

កិច្ច​ព្រមព្រៀង​ក៏​បាន​ចែង​បន្ថែម​ថា​ គ្រប់​ប្រទេស​ដែល​មាន​កំពង់ផែ ​និង​ប្រទេស​ដែល​ទទួល​យក​នាវា​បរទេស​ ​ត្រូវ​តែ​កំណត់​កំពង់ផែ​ឲ្យ​នាវា​ទាំង​នោះ។ ពួកគេ​ត្រូវ​បញ្ចាក់​ឲ្យច្បាស់​ថា ​កំពង់ផែ​ណា​ ដែល​ទូក​នេសាទ​បរទេស​អាច​ចូល។ ហើយ​នៅ​កំពង់ផែ​ទាំង​នោះ ​គួរ​តែ​មាន​នីតិវិធី យ៉ាង​ហោច​ណាស់ទៅ​តាម​នីតិវិធី​អប្បបរមាចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ ដែលត្រូវ​ការ​យក​មក​អនុវត្ត។

កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ខាង​ក្រៅ​កំពង់ផែ​ អាច​រួម​មាន​ ការ​ត្រួតពិនិត្យ​តាម​ផ្កាយរណប​ទៅ​លើ​ការ​ផ្លាស់ទី​របស់​នាវា​នេសាទ​ក៏​ដូចជា​ការ​ល្បាត​សមុទ្រ​នៅ​តំបន់​នេសាទ។

ដើម្បី​ធ្វើ​ឲ្យមាន​ប្រសិទ្ធភាព កិច្ច​ព្រមព្រៀង​ត្រូវ​ការ​ធ្វើ​សច្ចានុម័ត​ពី​ប្រទេស​ចំនួន​២៥។ ប្រទេស​ចំនួន​១២​បាន​ទទួល​យក​កិច្ច​ព្រមព្រៀង​នេះ​ហើយ ដែល​រួម​មាន​ទាំង​សហភាព​អឺរ៉ុប ដែល​រាប់​ថា​ជា​ប្រទេស​មួយ។ ប្រទេស​ពីរ​ទៀត​ត្រូវ​បាន​រំពឹង​ថា ​នឹង​ចូលរួម​ឆាប់ៗ​នេះ។ នៅស.រ.អា ដំណើរការ​ដើម្បី​ទទួល​យក​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ មាន​ការ​វិវត្ត​ទៅ​មុខ៕

ប្រែ​សម្រួយ​ដោយ ស៊ូ ពិសែន