លិខិត​របស់ FBI ដើម្បី​​ឆែកឆេរ​​​​ភូមិគ្រឹះ​លោក Trump បង្ហាញ​ពី​ក្ដី​បារម្ភ​ថា​អ្នក​ផ្ដល់​ព័ត៌មាន​សម្ងាត់​អាច​មាន​គ្រោះថ្នាក់

  • Cindy​ Saine​

លិខិត​បញ្ជាក់​មូលហេតុ​ដែល​ទីភ្នាក់ងារ FBI បាន​ប្រើ​ ដើម្បី​​​ស្នើ​សុំ​​ដីកា​​ឆែកឆេរ​​នៅ​ភូមិគ្រឹះ Mar-a-Lago ​​​​​របស់​អតីត​ប្រធានាធិបតី​​​សហរដ្ឋ​អាមេរិក លោក Donald Trump ត្រូវ​បាន​ចេញ​ផ្សាយ​​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ផ្នែក​ខ្លះ​​​ត្រូវ​បាន​បិទបាំង។

លិខិត​បញ្ជាក់​មូលហេតុ​ដែល​ទីភ្នាក់ងារ FBI បាន​ប្រើ​ ដើម្បី​ស្នើ​សុំដីកាឆែកឆេរនៅ​ភូមិគ្រឹះ Mar-a-Lago ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ត្រូវ​បាន​ចេញ​ផ្សាយជា​សាធារណៈ។

លិខិតនោះ​មាន​កម្រាស់ ៣៨ ទំព័រ​ ដែល​អក្សរ​ចំនួនប្រមាណ​ពាក់​កណ្តាល​ត្រូវ​បាន​លុប​ពី​លើ​ដោយទឹក​ថ្នាំ​ពណ៌​ខ្មៅ​ដើម្បី​បិទបាំង​ព័ត៌មានសម្ងាត់​មួយ​ចំនួន។ ក្នុងចំណោម​ឯកសារ​ដែល​លោក Trump បានរក្សាទុក មាន​ឯកសារ​ចំនួន ១៨៤ ដែល​មាន​ចំណារ​ថា​ជាឯកសារ​សម្ងាត់ ហើយលោក​បាន​សរសេរ​អក្សរ​ពីលើ​ឯកសារខ្លះ​ក្នុង​ចំណោម​ឯកសារ​ទាំង​អស់​នោះ។

ព័ត៌មាន​សម្ងាត់​អំពី​ការ​ការពារ​ជាតិ​ដែល​មាននៅ​ក្នុង​ឯកសារ​ជា​ច្រើនដែល​លោក​ Trump ​បានរក្សា​ទុក​បាន​ធ្វើ​ឱ្យ​ពួក​អ្នក​ជំនាញខាង​សន្តិសុខ​ជាតិ និង​ខាង​ស៊ើបការណ៍​សម្ងាត់​ភ្ញាក់ផ្អើល និង​បង្ហាញ​ការ​ព្រួយបារម្ភ។

លោក David Laufman គឺ​ជា​អតីតប្រធានផ្នែក​ប្រឆាំង​ចារកម្ម​នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក។

លោកបាន​និយាយ​ជា​មួយ​វីអូអេ​តាម​រយៈ Zoom ថា៖ «តាម​ដែល​យើង​បាន​ដឹង​រហូត​មក​ដល់ពេល​នេះ គឺមិនដែល​មាន​ពី​មុន​មក​ទេ​ដែលអតីត​ប្រធានាធិបតី​ម្នាក់​បាន​បន្ទាប​តម្លៃ​ខ្លួន​ឯង​ ​ដោយ​យកឯកសារដែល​មានចែងច្បាស់លាស់​ថា​ជា​ការសម្ងាត់កម្រិតខ្ពស់​បំផុត មានពាក្យ​សម្ងាត់​បំផុត​ដែល​ជា​ពាក្យ​សម្ងាត់​យោង​ដល់ការគ្រប់គ្រងបន្ថែម​ជា​ពិសេស​លើ​ជន​ទាំង​ឡាយ​ណា​ដែល​អាច​មើល​ឯកសារ​ទាំង​នោះ​បានពីព្រោះវា​មាន​ទាក់ទិន​នឹងកម្មវិធី​រសើប​បំផុតមួយ​ចំនួន​ដែល​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់សហរដ្ឋ​អាមេរិក​របស់​យើង​ប្រើ ហើយ​សូម្បី​តែ​ព័ត៌មាន​សម្រាប់​ចូល​មើល​កម្មវិធី​ពិសេស​ក៏​មាន​រួម​បញ្ចូល​នៅ​ក្នុង​ឯកសារ​ទាំងស្រុង​នោះ​ដែរ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បណ្ណសារដ្ឋាន​ជាតិ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ...ហើយខ្ញុំ​គិត​ថា​ពួក​គេ​មាន​ការ​ភ្ញាក់ផ្អើលនៅ​ពេល​រក​ឃើញ​ព័ត៌មាន​សម្ងាត់នៅ​ក្នុង​ឯកសារ​ទាំង​នោះ។ ហេតុដូច្នេះ​ហើយ​បានជា​ពួកគេបញ្ជូន​ករណី​នេះទៅ​ក្រសួង​យុត្តិធម៌»។

នៅ​តាម​បណ្តាញព័ត៌មាន​សង្គម​ លោក Trump បាន​ថ្កោលទោសការឆែកឆេរ​នេះ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​និង​ជា«ការបោកបញ្ឆោត»។ ប៉ុន្តែ​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់បាន​និយាយប្រាប់​វីអូអេ​ថា​ ទាំង​លោក​ Trump និង​ទាំងពួក​អ្នកការពារ​លោកមិន​បាន​ពន្យល់​អំពី​ថា​ហេតុអ្វី​បាន​ជា​លោករក្សា​ទុក​ឯកសារ​សម្ងាត់​កម្រិត​ខ្ពស់​យ៉ាង​ច្រើន​បែប​នេះ​ទេ ហើយ​ពួកគេ​មាន​ជំនឿ​ថា​ អតីត​ប្រធានាធិបតី​រូប​នេះ​មាន​បញ្ហាខាង​ផ្លូវ​ច្បាប់​ធ្ងន់ធ្ងរ។​

លោកស្រី​ Kim Wehle ជាសាស្ត្រាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​ American University។ លោក​ស្រី​បាន​ប្រាប់​វីអូអេ​តាម​រយៈ Skype ថា៖ «ដូច្នេះ​តាម​ដែល​យើង​បាន​ដឹង​រហូត​មក​ដល់ពេល​នេះ​គឺថា​គ្មាន​ការ​បង្ហាញ​អត្ដសញ្ញាណ​របស់​លោក​ Trump ទេ។ ហើយ​ក្នុង​ពេល​១៨ខែ​មក​នេះ គេ​បាន​សុំ​ឱ្យ​លោក​ប្រគល់​ឯកសារ​ទាំង​នោះ​មក​វិញ​ តែ​លោក​មិន​ព្រម»។

លោក​ស្រី Wehle បាន​សម្តែង​កង្វល់​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​ដូចគ្នា​ដែរ​នៅ​ក្នុង​លិខិត​របស់ FBI ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ ថា ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ឯ​ទៀតៗ​ដែល​ទីភ្នាក់ងារ FBI ប្រមូល​យក​ឯកសារ​ទាំង​នោះ​មក​វិញ​គឺ​ដោយ​សារតែ​មាន​ការ​បារម្ភ​ថា​អ្នក​ផ្ដល់​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​អាមេរិកាំង​អាច​រងគ្រោះថ្នាក់។

លោក​ស្រី Wehle ​បាន​ថ្លែង​ប្រាប់​វីអូអេ​ទៀត​ថា៖ «តើ​ឈ្មោះមនុស្ស​ដែល​មាន​ទាក់ទិន​ជា​មួយកិច្ចប្រតិបត្តិការសម្ងាត់​ក្នុង​នាម​សហរដ្ឋ​អាមេរិក​ ក្នុងនាម​ការពារ​ជាតិ​ អាច​មានគ្រោះថ្នាក់​ឬ​ទេ? តើ​មាន​មនុស្ស​ដែល​បម្រើប្រជាជននិង​សាធារណជន​អាមេរិកាំង​ឬទេ? តើ​នៅ​ពេលនេះ​ពួកគេ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយសារព័ត៌មាន​ទាំង​នេះស្ថិត​ក្នុង​កណ្តាប់​ដៃ​សត្រូវ​បរទេស​របស់​យើង​ដែរ​ឬទេ?»។

លោក David Laufman បាន​និយាយ​ប្រាប់​វីអូអេ​ថា​ ក្រសួង​យុត្តិធម៌​នឹង​សម្រេច​ថានឹង​ចោទប្រកាន់​លោក Trump ឬមួយ​ក៏​យ៉ាង​ណា ហើយ​សេចក្តី​សម្រេច​នេះ​ទាក់ទិន​នឹង​ការថ្លឹងថ្លែងលើ​កត្តាជាច្រើន។

លោក Laufman បាន​និយាយ​ប្រាប់​វីអូអេ​ទៀត​ថា៖ «ក្នុង​ចំណោមកត្តា​នានា​ដែល​ក្រសួង​យុត្តិធម៌​អាចពិនិត្យមើល គឺ​កត្តា​ដែល​នាំ​ឱ្យ​មានកំណើន​ភាព​តានតឹង​ អាច​ជា​ការ​ប្រឹងប្រែង​លាក់បាំង​ពី​រដ្ឋាភិបាលដែល​ឯកសារ​សម្ងាត់​មាន​រក្សា​ទុក​នៅ​ឯ Mar-a-Lago និងមានការបញ្ជាក់​តាម​ការ​រាយការណ៍​ជាសាធារណៈ​ថា​ យ៉ាង​ហោច​ណាស់​តាមរយៈ​ក្រុម​មេធាវី​របស់​លោក​ លោក Trump បាន​ប្រឹងប្រែង​លាក់​ឯកសារ​សម្ងាត់​ដែល​នៅ​សេសសល់​នៅ​ទី​នោះ។ មាន​ការ​រាយការណ៍​មួយ​ចំនួន​ថា ប្រអប់​ខ្លះ​ត្រូវ​បានយក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ​ដែល​នាំ​ឱ្យ​មាន​សំណួរអំពី​ថា​តើ​ពួក​គេព្យាយាម​ធ្វើ​អ្វី»។

លោក​ប្រធានាធិបតី Joe Biden ដែល​ត្រូវ​បាន​គេ​សួរកាល​ពី​ថ្ងៃ​សុក្រ​ ទី ២៦ ខែ​សីហា ថា ​តើ​លោកខ្វល់ខ្វាយ​ឬទេ​ថា​អ្នក​កាន់​តំណែង​មុន​លោក​ដាក់​ឱ្យ​មាន​ការ​គំរាមកំហែងដល់​សន្តិសុខជាតិ​នោះ បាន​មានប្រសាសន៍ថា ​លោក​នឹងឱ្យ​ក្រសួងយុត្តិធម៌​ជា​អ្នក​ធ្វើការ​លើ​រឿង​នេះ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ