​ក្រុម​ជំនួយ​គ្រា​មាន​អាសន្ន​របស់​កាក​បាទ​ក្រហម​ជួយ​សម្រាល​ផល​វិបាក​នៃ​ការ​ឡើង​កម្តៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង

រូបឯកសារ៖ និស្សិត​ម្នាក់​​បាំង​មុខ​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​នាង​ដើរ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ កាល​ពី​ខែ​កក្កដា។ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ពី​រលក​កម្ដៅ​ដែល​មិន​ធ្លាប់​មាន ដោយ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​សន្សំសំចៃ​ចំណី​អាហារ។

សហព័ន្ធ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម​ ឬ​ហៅ​ថា​ International Federation of Red Cross​ និយាយ​ថា​ ការ​ឡើង​កម្តៅ​នៅ​ពេល​បច្ចុប្បន្ន​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​ធ្វើឱ្យ​មាន​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​មួយ​ដល់​ពួក​ប្រជារាស្ត្រ​ដែល​ងាយ​រង​គ្រោះ​និង​ដល់​ការ​ផ្គត់​ផ្គង់​ម្ហូប​អាហារ​របស់​ប្រទេស​នេះ​ផង​ដែរ។​

ក្រុម​បុគ្គលិក​កាក​បាទ​ក្រហម​ឆ្លើយ​តប​នឹង​ភាព​មាន​អាសន្ន​ដែល​មាន​ម៉ាស៊ីន​បូម​ទឹក​ បាន​ជួយ​បូម​ទឹក​បញ្ចូល​វាល​ស្រែ​ដែល​រង​គ្រោះ​ខ្លាំង​ដោយសារ​ការ​ឡើង​កម្តៅ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។​

បន្ថែម​ពី​លើ​នេះ​ ពួក​បុគ្គលិក​នៃ​អង្គការ​ IFRC​ និង​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ធ្វើ​យុទ្ធនាការ​មួយ​ដើម្បី​បង្កើនការ​យល់​ដល់​ពី​សញ្ញា​ រោគ​សញ្ញា​ និង​ការ​ព្យាបាល​ជំងឺ​ទាក់​ទិន​នឹង​កំណើន​កម្តៅ។​

អង្គការ​ IFRC ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​កុមារ​និង​ក្រុម​មនុស្ស​ចាស់ៗ​ឋិត​នៅ​ក្នុង​ចំណោម​ពួក​ជន​ដែល​ងាយ​រង​គ្រោះ «ប្រសិន​បើ​គ្មា​ន​ការ​ចាត់​វិធានការ​ជា​បន្ទាន់​ទេ​នោះ»។

សីតុណ្ហភាព​នៅ​ទូទាំង​ប្រទេស​កូរ៉េខាង​ជើង​មាន​ជា​មធ្យមភាគ​៣៩​អង្សាសេ ហើយ​គ្មាន​ភ្លៀង​ធ្លាក់​ទេ​ចាប់​តាំង​ពី​ដើម​ខែ​កក្កដា​មក​ ហើយ​គេ​មិន​រំពឹង​ថា​នឹង​មាន​ភ្លៀងរហូត​ដល់​ពាក់​កណ្តាល​ខែ​សីហា។ អង្គការ​កាក​បាទ​ក្រហម​បាន​និយាយ​ថា ​ការ​រាំង​ស្ងួត​ស្រដៀង​គ្នា​កាល​ពី​ឆ្នាំ​ទៅ​មិញ​បាន​បណ្តាល​ឱ្យ​ផលិត​ផល​កសិកម្ម​ចុះ​ថយ​៧,២​ភាគ​រយ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ប្រជារាស្ត្រ​ភាគ​ច្រើន​ពឹង​ពាក់លើ​ជំនួយ​ម្ហូប​អាហារ៕