ខេត្ត​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ ប៉ះពាល់​ផ្លូវ​ និង​ស្រែ​ចម្ការ

អ្នក​ដំណើរ​ជិះ​យានជំនិះ​កាត់​ផ្លូវ​លិចទឹក​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ (Photo by TANG CHHIN Sothy / AFP)

ជំនន់​ទឹក​ភ្លៀង​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ក​ការ​ប៉ះ​ពាល់​ដល់​ផ្លូវ​ជាតិ ​និង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​រហូត​ឈាន​ដល់​បិទ​ផ្លូវ​មិន​ឱ្យ​មាន​ចរាចរណ៍​រថយន្ត​ធំៗ។ ​នេះ​បើ​តាម​មន្ត្រី​ពាក់ព័ន្ធ។​

លោក​ សុក ហៃ​ អភិបាល​រង​ខេត្ត​កំពង់​ធំ ​និង​ជា​អ្នក​នាំ​ពាក្យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង​នាំ​ឱ្យ​មាន​ការ​ជន់លិច​ផ្លូវ​ ខណៈ​អាជ្ញា​ធរ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៦​នៅម្តុំ​ស្រុក​ស្ទោង​ មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ធំៗ​ចរាចរណ៍​បាន​ឡើយ។ ​លោក​បន្ត​ថា​ ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប្លែកពី​ឆ្នាំ​មុនៗ។​

លោក​ថ្លែង​ថា៖​ «ស្ថាន​ភាព​ទឹក​ភ្លៀង​ចេះ​តែ​ធ្លាក់​ មិនដឹង​យ៉ាង​ម៉េច។​ ឆ្នាំ​នេះ​វា​ខុស​ពី​ឆ្នាំ​ទៅ»។​

ចំណែក​លោក ​លី សំរិទ្ធ ​អភិបាល​រង​ខេត្ត​សៀមរាប​ និង​ជា​អ្នក​នាំ​ពាក្យ​ លើក​ឡើង​ថា​ នៅ​ក្នុង​ខេត្ត​សៀមរាប ​និង​ស្រុក​មួយ​ចំនួន​ក៏​មាន​ទឹក​ជន់​លិច​ដែរ ​ប៉ុន្តែ​វា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ។ ​

ទោះ​ជាយ៉ាង​ណា​ លោក​បន្ត​ថា​ ទឹក​ជំនន់​បាន​ធ្វើ​ឱ្យ​លិច​សាលារៀន ​វត្ត​អារាម​ មន្ទីរពេទ្យ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​ នៅ​តាម​បណ្តា​ស្រុក ​ដូច​ជា​ស្រុក​ក្រឡាញ់ ​ស្រុក​ស្រី​ស្នំ ​និង​ស្រុក​អង្គរជុំ។​ លោក​បន្ថែម​ថា​ ភ្លៀង​ធ្លាក់​ច្រើន​ឆ្នាំ​នេះ​ដែល​វា​ខុស​ប្លែក​ពី​ឆ្នាំ​មុន។​

លោក​ថ្លែង​ថា៖​ «នៅ​ក្នុង​ខេត្ត​ យើង​ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​បិទ​ផ្លូវ​មួយ​ចំនួន​ដែល​វា​លិច។​ ផ្លូវ​ឆ្លង​កាត់​ទៅ​ភូមិ ​ឆ្លង​កាត់​ទៅ​ស្រុក​មួយ​ទៅ​ស្រុក​មួយ ​ឃុំ​មួយ​ទៅ​ឃុំ​មួយ»។​

អ្នក​នាំពាក្យ​រូប​នេះ​អះ​អាង​ថា​ ទឹក​ភ្លៀង​ជន់​លិច​បែប​នេះ ​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ដែល​នាំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់​ផង​ដែរ។​

លោក​និយាយ​ថា៖​ «អាហ្នឹង​ជាទូ​ទៅ​ហើយ​បរិបទ​ពិភពលោក។ ​[ព្យុះ] ​កេត​សាណា ​ក៏​ប្រែប្រួល​អាកាសធាតុ ​ភ្លៀង​តិច​ភ្លៀង​ខុស​រដូវ។ ​ហ្នឹង​ក៏​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ ​ព្យុះ​ច្រើន»។​

លោក​ សុខ លី ​មេឃុំ​ឃ្លាំង​មាស ​ស្រុក​បវេល​ ខេត្ត​បាត់​ដំបង ​ប្រាប់​វីអូអេ​ថា ឃុំ​របស់​លោក​ក៏​រង​គ្រោះ​ដោយសារ​ទឹក​ជន់​លិច​ដែរ ​ប៉ុន្តែ​វា​បាន​ស្រក​ទៅ​វិញ​នៅ​ក្នុង​រយៈ​ពេល​២​ទៅ​៣​ម៉ោង។​ លោក​បន្ត​ថា​ ទឹក​ជន់​នេះ​មិន​មែន​កើត​ឡើង​តែនៅ​ក្នុង​ឃុំ​របស់​លោក​ឡើយ ​តំបន់​ផ្សេង​ទៀត​ក៏​មាន​ដែរ។ ​មេ​ឃុំ​រូប​នេះ​អះអាង​ថា ​ ភ្លៀង​ធ្លាក់​ខ្លាំង​បានបំផ្លាញ​ស្រូវ​ដែល​ទើប​ស្ទូង ​និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ។ ​លោក​ក៏​បាន​ត្រៀម​ចំណាត់​ការ​ជាស្រេច​នៅ​ក្នុង​ការ​ជម្លៀស​ប្រជា​ជន​ចេញ​ពី​តំបន់​ទឹក​លិច។​

លោក​និយាយ​ថា៖​ «ខ្ញុំ​បាន​ត្រៀម​ដែរ​ហើយ​ទាក់​ទង​ទៅ​នឹង​ការ​ជម្លៀស​ពល​រដ្ឋ​ចេញ​ពី​តំបន់​ទឹក​លិច។ ​ទឹក​លិច​នេះ​ ពិនិត្យ​ស្ថាន​ភាព​ទៅ​វា​ស្រក​មក​វិញ។ ​អ៊ីចឹង​អត់​អី​ទេ។ ​ពី​ល្ងាច​មិញ​បាន​ជម្លៀស​បង​ប្អូន​មួយ​ចំនួន​នៅ​ភូមិ​ទំនប់​ត្រកួន​មក​ទីទួល»។​

លោក ​សុទ្ធ គឹមកុលមុន្នី អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ប្រាប់​វីអូអេ​ថា ​ភ្លៀង​ធ្លាក់​ច្រើន​ឆ្នាំ​នេះ​ ដែល​ខុស​ពី​ឆ្នាំ​មុន ​ដែល​ធ្វើ​ឱ្យ​មាន​ទឹក​ជំនន់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ​ដូច​ជា​ខេត្ត​កំពង់ធំ​ សៀមរាប​ និង​ខេត្ត​បន្ទាយ​មានជ័យ​ជាដើម។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា​ កត្តា​ប្រែប្រួល​អាកាស​ធាតុ​ក៏​ជា​បច្ច័យ​នាំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ និង​ខុស​រដូវ។ ​លោក​បន្ថែម​ថា​ ទឹកជន់​លិច​បាន​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ​ ក៏ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«ចំពោះ​ផល​ប៉ះពាល់​គឺ​ភាគ​ច្រើន​គឺ​យើង​ប៉ះពាល់​ទៅ​លើ​ផល​ដំណាំ​ ជាពិសេស​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ​មួយ​ចំនួន​ ហើយ​នឹង​ប៉ះពាល់​ទៅ​លើ​ផ្ទះ​សម្បែង​របស់​ប្រជា​ពល​រដ្ឋ។​ ប៉ុន្តែ​ស្ថាន​ភាព​មិន​ធ្ងន់​ធ្ងរ​ទេ។ ​ក្នុង​ខេត្ត​ខ្លះ​ស្រាល​ មធ្យម​ ហើយ​មិន​ទាន់​ឈាន​ដល់​ធ្ងន់ធ្ងរ​នៅ​ឡើយ»។​

លោក ​ហេង គឹមហុង ​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) ​កត់​សម្គាល់​ថា​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បាន​ក្លាយ​បញ្ហា​ចម្បង​សម្រាប់​ពិភព​លោក​ជារួម​ និង​កម្ពុជា​ដោយ​ឡែក។ ​លោក​បន្ត​ថា កម្ពុជា​ជា​ប្រទេស​តូច​មិន​បាន​រួម​ចំណែក​ច្រើន​នៅ​ក្នុង​ការ​បំផ្លិច​បំផ្លាញ​បរិយាកាស​ឡើយ។​

ទោះ​ជាយ៉ាង​ណា ​លោកយល់​ថា​ កម្ពុជា​ខ្វះ​យន្តការ​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​រក្សា​ការពារ​គម្រប​ព្រៃ​ឈើ ​ដើម្បី​ទប់ទល់​នឹងការ​ប្រែប្រួល​អាកាស​ធាតុ។​

លោក​ ហេង គឹមហុង ​ជំរុញ​ឱ្យ​រដ្ឋា​ភិបា​លការ​ពារ​ថែ​រក្សា​នូវ​គម្រប​ព្រៃ​ឈើ ​និង​ទាញ​យក​បន្ថែម​នូវ​ទីផ្សារ​កាបូន​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​បញ្ហា​កាន់​តែ​អាក្រក់​កើត​ឡើង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។​

លោក​ថ្លែង​ថា៖ ​«នៅ​ពេល​ដែល​បណ្តា​រដ្ឋ​ទាំងអស់​នាំគ្នា​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ ​យើង​ឃើញ​ថា​ ផល​ប៉ះពាល់​ហ្នឹង​វា​កើត​ឡើង​ជា​បន្តបន្ទាប់។ ​ឧទាហរណ៍​ដូច​ជាភ្លៀង​លែង​ទៀង​ទាត់​ដូច​មុន ​ខ្យល់​ព្យុះ ​ឬក៏​កម្តៅ​សីតុណ្ហភាព​ភពផែន​ដី​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មែន​ទែន»។​

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​២៤ ​ខែ​កញ្ញា ​ឆ្នាំ​២០២២ ​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ថា​ ព្យុះ​ឈ្មោះ​ណូរុ ​ដែល​កើត​មាន​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ហ្វីលីពីន​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​សម្ពាធ​(ITCZ)​ ដែល​អូស​បន្លាយ​លើ​ភាគ​ខាង​ជើង​កម្ពុជា ​បាន​ចុះ​ថមថយ​ឥទ្ធិពល​ជា​លំដាប់។ ​លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភ្លៀងធ្លាក់​ខ្លាំង​នៅ​តាម​បណ្តា​ខេត្ត​ដូច​ជា​ខេត្ត​ឧត្តរ​មានជ័យ​ ព្រះ​វិហារ ​រតនគិរី ​សៀមរាប ​បន្ទាយ​មានជ័យ ​ប៉ៃលិន​ បាត់​ដំបង ​និងពោធិ៍សាត់។ ​ការណ៍​នេះ​អាច​បង្ក​ឱ្យ​ទី​ទំនាប​ជាប់​ផ្លូវ​ទឹក ​និង​ផ្លូវ​ទឹក​ក្នុង​ភូមិសាស្ត្រ​នៃ​បណ្តា​ខេត្ត​ទាំង​នោះ​ប្រឈម​នឹងជំនន់​ទឹក​ភ្លៀង ​និង​ជន់​ដោយ​បរិមាណ​ទឹក​ហួស​កម្រិត។​ នេះ​បើតាម​ក្រសួង​ធនធានទឹក៕